ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិបាល​ខេត្តកណ្តាល​ស្រាវជ្រាវ និង​បំភ្លឺ​ជូន​លោក​រឿង​មន្ត្រី​ចុះ​ចាប់​សាច់​ពពែ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើឱ្យ​លោក​ហួសចិត្ត​ចំពោះ​ករណីនេះ ខណៈ​រដ្ឋមន្ត្រី​កសិកម្ម​អះអាង​ថា ការចិញ្ចឹម​សត្វ និង​សម្លាប់សត្វ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ពុំមាន​ទោសទណ្ឌ​នោះទេ។

តាមរយៈ​វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ១៨ ខែកញ្ញា​បានឱ្យដឹងថា មន្ត្រី​នៅ​មូលដ្ឋាន​នៃ​ខេត្តកណ្តាល​បាន​ចុះ​ចាប់​សាច់​ពពែ​របស់​ប្រជាពលរដ្ឋ​ដោយ​មន្ត្រី​អះអាងថា ការសម្លាប់​សត្វ​ពពែ​នេះ​មិន​បាន​សុំច្បាប់។

លោក ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​នៅលើ​ហ្វេសប៊ុក​ថា៖ «តើ​មន្ត្រី​យើង​ធ្វើ​ដល់​ថ្នាក់​នេះ​ជាមួយ​ប្រជាជន​មែន​ទេ? រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​អភិបាលខេត្ត​ដឹង​រឿងនេះ​ឬទេ? តើ​រាជរដ្ឋាភិបាល​មាន​ដែល​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​សម្លាប់​ពពែ​យក​សាច់​ជា​អាហារ​ពី​ពេលណា​មក ទើបបាន​ជា​មន្ត្រី​យើង​ធ្វើ​មកលើ​ប្រជាជន​បែបនេះ?»។

លោក​សរសេរ​ថា រដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចិញ្ចឹមសត្វ តែ​មិនមែន​ទុក​សម្រាប់​ទុក​តាំងពិព័រណ៍​ទេ គឺ​សម្រាប់​ជា​ចំណីអាហារ។

លោក​ចោទ​សួរថា៖ «ហេតុ​អី​បាន​ប្រជាជន​ចិញ្ចឹមសត្វ​គ្មាន​សិទ្ធិ​សម្លាប់សត្វ​យក​សាច់​ទទួលទាន​ហើយ​តម្រូវ​ឱ្យ​សុំច្បាប់។ បើ​មាន​ក្នុង​ច្បាប់​គឺ​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់»។

លោក​សរសេរថា៖ «សុំ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​អភិបាលខេត្ត​ស្រាវជ្រាវ​ហើយ​ចូលមក​បំភ្លឺ​ឱ្យ​ខ្ញុំ​តាម​ហ្វេសប៊ុក​នេះ ដើម្បីឱ្យ​ប្រជាជន​បានដឹង​ជាទូទៅ។ ខ្ញុំ​ហួសចិត្ត​ និង​អាណិត​ប្រជាជន​ជា​ទីគោរព​ស្រលាញ់​របស់ខ្ញុំ»។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បំភ្លឺ​តាមរយៈ Comment ក្នុង​ហ្វេសប៊ុក​លោក ហ៊ុន សែន ថា ការចិញ្ចឹម​សត្វ និង​ការសម្លាប់​សត្វ​ក្នុង​គោលបំណង ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ គឺ​ពុំមាន​ទោសទណ្ឌ និង​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នោះ​ទេ ហើយក៏​មិនមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស​អ្វី​ដែរ លើកលែង​តែ​ការសម្លាប់​សត្វ​ក្នុង​គោលបំណង​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ។

លោក​សរសេរថា៖ «ដោយឡែក ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋាន ខេត្តកណ្តាល ដែល​បានធ្វើការ​កិច្ចការ​នេះ​ផ្ទាល់​នឹង​ផ្តល់ជូន​របាយការណ៍​លម្អិត​ជូន​សម្តេច​តេជោ​បាន​ជ្រាប​ដ៏ខ្ពង់ខ្ពស់​បន្ថែម»៕