បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ១៧ ខែ​កញ្ញា បាន​កំណត់​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ជា​ខេត្ត​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បំពេញ​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ជាប់​ជានិច្ច ខណៈ​ខេត្ត​កែប​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ១៤ ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ការពារ​ជំងឺ​កូវីដ ១៩។

អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​កំណត់​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ជា​ខេត្ត​តម្រូវ​​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ជាប់​ជានិច្ច។ ព្រម​ទាំង​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​ការ​ប្រមូល​ផ្តុំ​មនុស្ស សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ គិត​ចាប់​ពី​ថ្ងៃទី ១៧ ខែ​កញ្ញា រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី។

លិខិត​ចេញ​ថ្ងៃទី ១៧ ខែ​កញ្ញា របស់​រដ្ឋបាល​ខេត្ត​នេះ បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ​ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

ក្នុង​លិខិត​បង្ហាញ​ថា សកម្មភាព​ការងារ​ទាំង​នោះ​មាន​ដូចជា អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ​ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និង​កាស៊ីណូ។ តំបន់​រមណីយដ្ឋាន​នានា សារមន្ទីរ សួនកុមារ និង​សួន​កម្សាន្ត​នានា ព្រម​ទាំង​អាជីវកម្ម​ម៉ាស្សា កោសជប់ សូណា ស្ទឹម​គ្រប់ប្រ​ភេទ ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​ដើម​ផង​ដែរ។

លិខិត​រដ្ឋបាល​ខេត្ត​សរសេរ​ថា៖«អំឡុង​ពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី​ ១០ នាក់»។

ចំពោះ​ទីតាំង​ដែល​មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ដែល​ត្រូវ​បាន​បិទ​ទីតាំង​មុន​ពេល​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាន និង​ទីតាំង​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ រដ្ឋបាល​ក្រុង ស្រុក ទាំង ១៤ មន្ទីរ​សុខាភិបាល និង​មន្ទីរ ឬ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​បន្ត​គ្រប់គ្រង និង​ចាត់​វិធានការ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​ដើម្បី​កាត់​ផ្តាច់ ឫ​សគល់​នៃ​ប្រភព​ចម្លង​ជំងឺ​កូវីដ ១៩។

ចំណែក​ទីតាំង​ដែល​មាន​ករណី​វិជ្ជមាន​កូវីដ ១៩ ថ្មី ក្រោយ​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាន​រដ្ឋបាល​ក្រុង ស្រុក ទាំង ១៤ មន្ទីរ​សុខាភិបាល និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ជា​បន្ទាន់ ដោយ​ត្រូវ​បិទ​ទីតាំង​ជា​ផ្ទះ បន្ទប់​ជួល ឬ​អគារ ឬ​អាជីវកម្មដ្ឋាន​ជា​ច្រក​ផ្លូវ ឬ​ជា​ប្លុក​តូចៗ ឬ​ដាក់​ស្លាក​សញ្ញា​មេរោគ​កូវីដ ១៩ ព្រម​ទាំង​ត្រូវ​អនុវត្ត​វិធានការ​ចត្តាឡីស័ក ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ រដ្ឋបាល​ខេត្ត​កែប ក៏​បាន​សម្រេច​ដាក់​ចេញ​វិធានការ​រដ្ឋបាល ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប សម្រាប់​រយៈពេល ១៤ ថ្ងៃ​បន្ថែម​ទៀត គិត​ចាប់​ពី​ថ្ងៃទី ១៧ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី ៣០ ខែ​កញ្ញា​នេះ ក្នុង​គោល​បំណង​ធានា​ដល់​ការ​អនុវត្ត​វិធានការ ប្រយុទ្ធ និង​ទប់ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជោគជ័យ​ផង​ដែរ ៕