The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​រឹប​អូស​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ជាង ៥០០ គីឡូ​ក្រាម ពី​ទីផ្សារ​ក្នុង​ខេត្ត​ចំនួន ៥




អាជ្ញាធរ​រឹប​អូស​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ជាង ៥០០ គីឡូ​ក្រាម ពី​ទីផ្សារ​ក្នុង​ខេត្ត​ចំនួន ៥

Content image - Phnom Penh Post
មន្ត្រី ក.ប.ប សាខាខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យគុណភាពទំនិញដាក់លក់នៅលើទីផ្សារ។ រូបថត ក.ប.ប

អាជ្ញាធរ​រឹប​អូស​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ជាង ៥០០ គីឡូ​ក្រាម ពី​ទីផ្សារ​ក្នុង​ខេត្ត​ចំនួន ៥

ភ្នំពេញ៖ អាជ្ញាធរ​រឹប​អូស​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ជាង ៥០០ គីឡូក្រាម​បន្ថែម​ទៀត ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ពី​ទីផ្សារ​ក្នុង​ខេត្ត​ចំនួន ៥ ហើយ​នឹង​ធ្វើ​ការ​កម្ទេច​ចោល​ទំនិញ​ទាំង​នេះ។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) បញ្ជាក់​ក្នុង​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃទី ១៧ ខែ​កញ្ញា​ថា កាល​ពី​ព្រឹក​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ នេះ មន្ត្រី ក.ប.ប បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​មួយ​ចំនួន​ស្ថិត​ក្នុង​ខេត្ត្ត​ចំនួន ៥ ផ្សេង​ទៀត​គឺ ខេត្ត​កំពង់ចាម ព្រះសីហនុ កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ត្បូងឃ្មុំ ដោយ​បាន​រក​ឃើញ​ទំនិញ​ចំនួន ៥៥៤ គីឡូក្រាម​ ដែល​ខូច​គុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់។

អគ្គនាយកដ្ឋាន​ ក.ប.ប របស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា៖ «ទំនិញ​ខាង​លើ គឺ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើ​ការ​ដក​យក​មក​រក្សា​ទុក និង​ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​ម្ចាស់​ទំនិញ​ស្ម័គ្រចិត្ត​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ ដើម្បី​ធ្វើ​ការ​កម្ទេច​ចោល»។

អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់​ថា ក្នុង​ចំណោម​ទំនិញ​ដែល​ត្រូវ​បាន​ដក​ហូត​ភាគ​ច្រើន​គឺ​គ្រឿង​ឧបភោគបរិភោគ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់ ក្នុង​នោះ​ក៏​មាន​អាល់​កុល​ក្លែងក្លាយ (មេតាណុល) ចំនួន ១០៩ លីត្រ​ផង​ដែរ។

កាល​ពី​ថ្ងៃទី ១៧ ខែ​កញ្ញា នេះ​ផង​ដែរ មន្ត្រី ក.ប.ប បាន​ដក​ហូត​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ចំនួន​ជាង ២១០ គីឡូក្រាម ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ពី​ទីផ្សារ​ក្នុង​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​តាកែវ ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី៕

អត្ថបទគួរចាប់អារម្មណ៍