ភ្នំពេញៈ តាមរយៈលទ្ធផលការសិក្សាវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ ២០១៨ ដែលក្រសួងបរិស្ថានប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំនេះ បង្ហាញថា ផ្ទៃដីព្រៃឈើកម្ពុជាមានប្រមាណ ៨ ៥១០ ៨០៧ ហិកតា ស្មើនឹង ៤៦,៨៦% បើធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស ខណៈក្រុមការងារក្រសួងកំពុងបន្តធ្វើការវាយតម្លៃធនធានគម្របព្រៃឈើក្នុងឆ្នាំ ២០២០ ដោយគ្រោងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមរបាយការណ៍។
បើតាមរបាយការដែលក្រសួងបរិស្ថានប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយនេះ បានឱ្យដឹងថា ប្រទេសកម្ពុជា បានធ្វើការវាយតម្លៃធនធានគម្របដីព្រៃឈើថ្នាក់ជាតិបានចំនួន៨ដងចាប់តាំងពីមុនឆ្នាំ ១៩៧៣ រហូតដល់ឆ្នាំ ២០១៨ និងកំពុងបន្តធ្វើការវាយតម្លៃធនធានគម្របព្រៃឈើក្នុងឆ្នាំ ២០២០ និងបានធ្វើការវាយតម្លៃ ការប្រែប្រួលធនធានដី គម្របព្រៃឈើនៃប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ ២០០៦-២០១៦ ដោយប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធព័ត៌មាន ភូមិសាស្ត្រ និងរូបភាពផ្កាយរណប (GIS/Remote Sensing)។
ក្រសួងបរិស្ថានបានបង្កើតក្រុមការងារផលិតផែនទីការប្រើប្រាស់ដីព្រៃឈើនិងគម្របព្រៃឈើទូទាំងប្រទេសដោយមានកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញការជាតិពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនជន ក្រសួងធនធានទឹក និងឧត្តុនិយម និងមានការគាំទ្របច្ចេកទេសពីអ្នកជំនាញការអន្តរជាតិរួមមានកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិ (UNDP) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA JAPAN) អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) វិទ្យាស្ថានស្រាវជ្រាវព្រៃឈើនិងផលិតផលព្រៃឈើជប៉ុន (FFPRI) និងសាកលវិទ្យាល័យអន្តរជាតិនានា។
របាយការណ៍បង្ហាញថា៖ «តាមការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ ២០១៨ ជាលទ្ធផលបង្ហាញថា ផ្ទៃដីព្រៃឈើមានប្រមាណ ៨ ៥១០ ៨០៧ ហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស (លទ្ធផលនៃការវាយតម្លៃនេះរួមបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត)»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងក្នុងពេលធ្វើជាអធិបតីប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិ លើកទី៤ និងលទ្ធផលនៃការវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ២៣ កញ្ញានេះថា ទិន្នន័យធនធានគម្របព្រៃឈើពិតជាមានសារៈសំខាន់ និងចាំបាច់ប្រើប្រាស់ជាទិន្នន័យគោលសម្រាប់ធ្វើសេចក្តីសម្រេចចិត្តក្នុងការរៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រផែនការអភិវឌ្ឍន៍សម្រាប់វិស័យបរិស្ថានរួមមាន ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពចូលរួមចំណែកក្នុងការរៀបចំផែនការគ្រប់គ្រងដីរដ្ឋ និងរៀបចំផែនការយុទ្ធសាស្ត្រជាតិនានា។
លោកថ្លែងថា៖ «ទិន្នន័យធនធានគម្របព្រៃឈើគឺជាទិន្នន័យបច្ចេកទេសដ៍សំខាន់ប្រើប្រាស់ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពកម្មវិធីរេដបូក និងគ្រប់គម្រោងរេដបូកដែលកំពុងអនុវត្តនៅទូទាំងប្រទេសដោយទិន្នន័យទាំងនេះ បានប្រើប្រាស់ដើម្បីធ្វើការវាយតម្លៃបរិមាណកាបូនស្តុកពីវិស័យព្រៃឈើ»។
លោកបានឱ្យដឹងថា ជាក់ស្តែងអត្រានៃការប្រែប្រួលទិន្នន័យការវាយតម្លៃគម្របព្រៃឈើនៅក្នុងដំឡុងឆ្នាំ ២០១៤-២០១៦ ទាបជាងអំឡុងឆ្នាំ ២០១០-១៤ កន្លងមក។ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន (DGIS) នៃក្រសួងបរិស្ថានកំពុងបន្តធ្វើការវាយតម្លៃការប្រែប្រួលធនធានគម្របព្រៃឈើឆ្នាំ ២០១៨-២០២០។ ទិន្នន័យនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំផែនការដាំស្តារព្រៃឡើងវិញរៀបចំដីបម្រុងទុកអចិន្ត្រៃយ៍ ដើម្បីធ្វើផែនការអភិវឌ្ឍឃុំ/សង្កាត់ ចូលរួមចំណែកគោលនយោបាយកាត់ឆ្វៀលដី និងសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រដែលកំពុងអាស្រ័យផលនៅលើដីព្រៃ។
លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានថ្លែងក្នុងពិធីនេះដែរថា របាយការណ៍ ស្តីពីស្ថានភាពបរិស្ថានជាតិ លើកទី៤ និងលទ្ធផលការសិក្សាវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ ២០១៨ ដែលចេញផ្សាយ និងដាក់ឱ្យដំណើរការនៅថ្ងៃនេះបានបោះពុម្ពផ្សាយជាភាសារខ្មែរ និងអង់គ្លេស។
លោកថ្លែងថា៖ «ខ្ញុំសូមជម្រាបជូនថា បច្ចុប្បន្នក្រុមការងារនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានកំពុងបន្តធ្វើការវាយតម្លៃធនធានគម្របព្រៃឈើក្នុងឆ្នាំ ២០២០ ដែលយើងនឹងបានលទ្ធផលនេះនៅឆ្នាំក្រោយ (២០២២)»។
លោកបន្តថា៖ «តាមរយៈរបាយការណ៍ស្ថានភាពលើកទី៤ និងលទ្ធផលនៃការវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ ២០១៨ ខ្ញុំជឿជាក់ថានឹងផ្ដល់នូវព័ត៌មានទិន្នន័យ ផ្លូវការរួមមួយសម្រាប់ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការប្រើប្រាស់សម្រាប់ការស្រាវជ្រាវ ការរៀបចំគោលនយោបាយ និងការផ្ដល់ជាអនុសាសន៍នានាពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេសកម្ពុជា យើងប្រកបដោយនិរន្តរភាព»។
លោក Antonio Schiarone តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិថ្លែងថា ក្នុងពិធីនេះដែរថា លទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ។ លោកបានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន និង UNDP និង FAO ដែលបានចូលរួមសហការធ្វើកិច្ចការងារនេះ។
លោកថ្លែងថា៖ «ការទទួលស្គាល់នូវកិច្ចការពារ និងការអភិរក្សបរិស្ថាន គឺជាកត្ដាមួយដ៏មានសារៈសំខាន់បំផុត ដែលជាការងារអាទិភាពរបស់យើង រួមនឹងគោលនយោបាយ និងយុទ្ធសាស្ដ្រនៃការអភិវឌ្ឍពាក់ព័ន្ធផ្សេងទៀតរបស់កម្ពុជា»។
លោកបន្តថា លទ្ធផលនេះ គឺជាសំណុចស្នូលនៅក្នុងការកែលម្អ និងគ្រប់គ្រងបរិស្ថាន និងការការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ដ្រអភិវឌ្ឍប្រកបដោយចេរភាពរបស់អង្គការសហប្រជាតិ និងគោលនយោបាយអភិវឌ្ឍប្រកបដោយចេរភាពរបស់កម្ពុជា។
លោកក៏សង្កេតឃើញរបាយការណ៍នេះ មានប្រធានបទសំខាន់ជាច្រើន ពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកសាបនៅលើដី ដើម្បីទទួលបានសុវត្ថិភាព។ លោកថា ធនធានទឹកសាបនៅលើដី គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងជាមុខងារដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ី ដើម្បីធានានូវសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព។
ក្រសួងបរិសស្ថាននៅថ្ងៃទី ២៣ កញ្ញានេះ ក៏បានប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិ លើកទី៤ ផងដែរ។ ក្រសួងបរិស្ថានដោយមានកិច្ចសហការពីអង្គការ UNDP និងអង្គការ FAO បានផលិតរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ នេះឡើង។
ក្រសួងបញ្ជាក់ថា របាយការណ៍ស្ដីពីស្ថានភាពបរិស្ថានជាតិ លើកទី៤ នេះ ផលិតឡើងក្នុងគោលបំណងដើម្បីសង្ខេបអំពីស្ថានភាពបច្ចុប្បន្ន និងនិន្នាការនៃបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្របន្តទៀតដល់ការអភិវឌ្ឍក្របខ័ណ្ឌស្ថាប័ននិងក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិដ៏រឹងមាំ ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) របស់កម្ពុជាប្រកបដោយប្រសិទ្ធភាព។
របាយការណ៍នេះ មាននិន្នាការផ្ដោតលើដំណោះស្រាយដោយផ្ដល់អនុសាសន៍សំខាន់ៗសម្រាប់គោលនយោបាយនាពេលអនាគតទិន្នន័យ និងអាទិភាពស្រាវជ្រាវដើម្បីជាមធ្យោបាយក្នុងការស្វែងរកវិធីឆ្ពោះទៅមុខ។
របាយការណ៍នេះពិនិត្យស៊ីជម្រៅលើវិស័យតាមប្រធានបទចំនួន ៧ គឺ គុណភាពខ្យល់ការប្រែប្រួលអាកាសធាតុធនធានទឹកសាបលើដី ធនធានដី គុណភាពជីវៈចម្រុះ សំណល់ និងបរិស្ថាន និងសុវត្ថិភាពម្ហូបអាហារ៕
វីដេអូ៖