ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ថ្លែងថា ​កម្ពុជា​ចង់បាន​ភាព​ជឿជាក់​លើ​គ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​សិទ្ធិ​មនស្ស​នៅ​ប្រទេស​មួយ​នេះ ​ប្រកប​ដោយ​ការ​ស្ថាបនា ​និង​មិន​ទម្លាក់​កំហុស​ ឱ្យគ្នា​ទៅវិញ​ទៅមក​ ជាមួយ​អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហ​ប្រជា​ជាតិ​ (UN) ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។

លោក​ថ្លែង​ដូច្នេះ​ ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោក​វិទិត​មុនតាប៊ន ​(Vitit Muntarbhorn) តាម​ប្រព័ន្ធ​វីដេអូ​ កាល​ពី​ថ្ងៃទី ២២​ ខែកញ្ញា។

ហ្វេស​ប៊ុករបស់​លោក ​ហ៊ុន សែន ​បញ្ជាក់​កាល​ពី​ថ្ងៃទី ២២​ កញ្ញាថា​៖ «អ្វី​ដែល​កម្ពុជា​ចង់​បាន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ឯកឧត្តម​ វិទិត មុនតាប៊ន ​នោះ​គឺ​ការបង្កើត​បរិយាកាស​ដែល​មាន​ជំនឿ​ជឿជាក់​លើគ្នា​ទៅវិញ​ទៅមក​ ប្រកប​ដោយ​ការស្ថាប​នា​ឈាន​ឆ្ពោះ​ទៅមុខ​លើ​បញ្ហា​សិទ្ធិមនុស្ស​ដែល​មិន​ទម្លាក់​កំហុស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។

បើ​តាម​ហ្វេសប៊ុក​លោក​ ហ៊ុន សែន ​លោក ​វិទិត មុនតាប៊ន ​បាន​ធ្វើការ​ស្វែងយល់​ពី​លោក​ ហ៊ុន សែន​ លើ​បញ្ហា​សិទ្ធិម​នុស្ស​នៅ​កម្ពុជា ​មេរៀន​ដែល​រៀនបាន​ពី​ជំងឺ​កូវីដ ១៩​ នៅ​ក្នុង​ពន្ធនាគារ ​ករណី​ពង្រីក​លំហ​សេដ្ឋកិច្ច​សង្គម​ស៊ីវិល ​និង​នយោបាយ​និង​អ្វី​ ដែល​អ្នក​រាយការណ៍​ពិសេស​រូបនេះ​គួរ​ធ្វើ ​ដើម្បី​គាំទ្រ​ដល់កម្ពុជាលើ​វិស័យ​សិទ្ធិ​មនុស្ស។

បើ​តាម​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន ​ដដែល​បានប្រាប់​លោក ​វិទិត មុនតាប៊ន ​ថា ​អាទិភាព​របស់​កម្ពុជា​តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ ​គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​កម្ពុជា ​ស្របតាម​រដ្ឋធម្មនុញ្ញ​ផង​ ស្របតាម​អនុសញ្ញា​អន្តរជាតិ​ផង។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ​ដើម្បី​រក្សា​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​នេះ ​កម្ពុជា​ដាច់ខាត​ត្រូវ​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​និង​ស្ថិរភាព​សង្គម ​រួមជា​មួយ​ការចាក់​ស្រោច​វ៉ាក់សាំង​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ។

លោក ​ហ៊ុន សែន ​បាន​លើក​ឡើងថា ​កម្ពុជា​បានយក​ចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​អ្នក​ជាប់​ទោស​ស្រាល​ជាស្ត្រី ​និង​អ្នក​ដែល​មាន​កូន​ជា​ដើម​តាមរយៈ​ការរៀបចំ​កន្លែង​ថ្មី​ជូន​ពួក​គាត់ ​ឬក៏​ជូន​ពួក​គាត់​ទៅ​កន្លែង​ថ្មី​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវីដ ១៩។

ហ្វេសប៊ុក​លោក ​ហ៊ុន សែន ​បញ្ជាក់ថា​៖ «កម្ពុជា​ក៏​មិន​មើល​រំលង​អ្នក​ជាប់​ទោស​ទាំងអស់​នោះ​ដែរ ​គឺ​កម្ពុជា​បាន​ផ្ដល់​ការចាក់​វ៉ាក់​សាំង​ជូន​ពួកគាត់​ដូស​ទី១ ​និង​ដូសទី២ ​ហើយ​ថែម​ទាំង​កំពុង​ត្រៀម​ចាក់​ដូស​ទី៣​ ទៀត​ផង។ ​កម្ពុជា​ គឺ​ចង់​មាន​បរិស្ថាន​សង្គម​កិច្ច ​សេដ្ឋកិច្ច ​និង​នយោបាយ​ល្អ​ជាមួយ​នឹង​លំហរ​លទ្ធិប្រជា​ធិបតេយ្យ»។

លោក​ ប៉ា ចន្ទរឿន ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី ២៣ ​កញ្ញា​ថា ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ ប្រជាពលរដ្ឋ​ ឬ​អង្គការ ​ស្ថាប័ន​ណាមួយ​ដែល​មាន​ទស្សនៈ​ផ្សេង​មិនគួរ​ត្រូវបាន​ចាត់​ទុកថា​ជាការ​ប្រឆាំង​នោះ​ទេ។

លោក​ចោទសួរ​ថា​៖ «កាលណា​យើង​និយាយ​ពី​រឿង​សិទ្ធិ​មនុស្ស ​ប្រជាធិបតេយ្យ​ តើ​យើង​សម្អាង​ទៅ​លើ​អី?។ ឧទាហរណ៍​សម្អាង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ​សេចក្តី​ថ្លែង​ការណ៍​ជាសកល​ស្តីពី​សិទ្ធិមនុស្ស ​អនុសញ្ញា​កតិកា​សញ្ញា ​ជាពិសេស​គឺ​សិទ្ធិ​ពលរដ្ឋ​សិទ្ធិ​នយោបាយ​ដែល​ជា​គោលការណ៍​ស្នូល។ អាហ្នឹង​ទើប​យើង​អាច​ជជែក​គ្នា​បាន»។

លោក​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការជួបគ្នា​ឱ្យ​បាន​ញឹកញាប់​ រវាង​តំណាង​រដ្ឋាភិបាល ​និង​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់ ​UN ​ក៏ដូចជា ​ជាមួយ​អង្គការ​សង្គមស៊ីវិល​ ដែល​តែងតែ​លើក​ឡើង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ​ការគំរាមកំហែង​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ​ ដើម្បី​មាន​ឱកាស​ក្នុង​ការ​សន្ទនា​គ្នា ​ដោយ​បើក​ចំហ​ និង​សេរី ​ដើម្បី​បង្កើត​ទំនាក់ទំនង​និង​ការយល់​គ្នា​ផង​ដែរ។ ទាំង​នេះ ​គឺ​ជា​អ្វី​ ដែលគេ​តែង​ធ្វើ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​វេទិកា​និង​ឱកាស​ទាំង​នេះ។

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ​យល់ស្រប​ទៅ​នឹង​ការលើក​ឡើង​របស់​លោក ​ហ៊ុន សែន ​ហើយថា​ការ​ជឿ​ទុកចិត្ត​គ្នា​មាន​សារៈសំខាន់​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​បាន ​ហើយ​ភាគី​ទាំង ២​ គួរ​ប្រើវិធី​សាស្ត្រ​ដែល​ផ្តោត​ទៅ​លើ​បញ្ហា​ជាជាង​ការ​ផ្តោត​ទៅ​លើ​មនុស្ស​ ឬ​តួ​អង្គ។

លោក​ថ្លែងថា​៖ «កន្លងមក​ហ្នឹង ​រាជរដ្ឋាភិបាល​មើល​ទៅ​អ្នករាយការណ៍​ពិសេស​របស់ ​UN ​ហ្នឹង​ ក្នុង​ក្រសែ​ភ្នែកមួយ​ មិន​សូវ​វិជ្ជមាន។​ រីឯ​អ្នក​រាយការណ៍​ពិសេស​ហ្នឹង ​ក៏​មើល​មក​រាជរដ្ឋាភិបាល​ក្នុង​ក្រសែភ្នែក​មួយ​មិនសូវវិជ្ជមាន។​ ម្លោះ​ហើយ​ គឺ​គេ​អត់​បាន​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ គេ​ផ្តោត​ទៅលើ​តួអង្គ​ដែល​នៅ​ជុំវិញ​បញ្ហាហ្នឹង​ទៅវិញ»។

លោក​ថ្លែងថា ​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​ ទាំង​រដ្ឋាភិបាល ​និង​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​ UN គួរ​តែ​នាំគ្នា​មើល​បញ្ហា​ជាមួយ​គ្នា ​ដោយ​ព្យាយាម​ស្វែងយល់ ​សិក្សា ​ឫសគល់​នៃ​បញ្ហាឱ្យ​បាន​និយមន័យ​រួម​ ដើម្បី​រក​ដំណោះ​ស្រាយ​រួម​បាន។ ​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់ UN​ ក៏​គួរ​តែ​ស្គាល់​នូវ​ព្រំដែន​សមត្ថកិច្ច ​និង​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ឱ្យបាន​ច្បាស់​ថា​ តើ​មាន​តួនាទី​ភារកិច្ច​ធ្វើ​អ្វី​ខ្លះ។​ គួរធ្វើ​ជាមួយ​អ្នកណា​ខ្លះ​ ហើយ​រក្សា​បាន​តុល្យភាព​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​របៀប​ណា។

លោក ​គិន ភា ​បន្តថា​ ចំណែក​រដ្ឋាភិបាល​វិញ ​ក៏គួរតែ​ទទួលស្គាល់ ​និង​ផ្តល់​តម្លៃ​តួនាទី​របស់​អ្នក​រាយការណ៍​ពិសេសផ្នែក​សិទ្ធិ​មនុស្ស​របស់ ​UN ​ថា ​តើ​បាន​រួម​ចំណែក​អ្វី​ខ្លះ​សម្រាប់​កម្ពុជា​ ហើយ​ថា តើ​ការ​មក​រាយកាណ៍​នេះ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ខូច​ប្រយោជន៍​ ឬ​ក៏អាច​រួមចំណែក​ក្នុង​ការ​ធ្វើឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ភាគី​ទាំង ២ ​គួរតែ​រក្សា​ឱ្យបាន​នូវ​ក្រមសីលធម៌ ​វិជ្ជាជីវៈ​ និង​គុណធម៌ ​នៃការងារ​ ហើយ​ត្រូវ​តម្កល់​គោលដៅ​រួម​មួយ​ គឺការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្តង់ដា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដោយ​កម្កល់​ផល​ប្រយោជន៍​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​ជា​អាទិភាព។ នេះ​ជាការបញ្ជាក់​របស់​លោក ​គិន ភា៕