ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​២៣​កញ្ញា​បាន​ជម្រះ​កំបាំង​មុខ​បុរស​ជាប់ចោទ​ជនជាតិ​កូរ៉េខាង​ត្បូង​ ២​ នាក់​ ខណៈ​ត្រូវ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់​ដំបង ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ក្នុង​ម្នាក់ៗ​ ២ ​ឆ្នាំ​ ពាក់​ព័ន្ធ​នាំ​លុយ​ពី​ហុងកុង​មក​កម្ពុ​ជា​ជាង​ ២​ លាន​ដុល្លារ​អាមេរិក​។

លោក​ ជីវ កេង​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គហេតុ​ក្នុង​អង្គ​សវនាការ​ថា ​ជនជាប់ចោទ​ឈ្មោះ SONG HYUNHOO អាយុ​ ៤៤ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ YOON WONGI អាយុ​ ៣៤ ​ឆ្នាំ​។​ ពួកគេ​ជា​ជនជាតិ​កូរ៉េខាងត្បូង ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ​៧​ កក្កដា ​ឆ្នាំ​ ២០១៩​ ក្នុង​ព្រលានយន្តហោះ​ខេត្តសៀមរាប​។

លោក​បន្តថា ​ជន​ជាប់​ទាំង ២​ នាក់ ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​បើកសវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ​១ ខែ ​តុលា ​ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​ជនជាប់ចោទ​ត្រូវ​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​ដាក់ពន្ធនាគារ​ ២​ ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ ៦០​ លាន​រៀល​»​។

លោក​ អ៊ុក គឹម​សិទ្ធិ តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​ថា​ យោង​អង្គហេតុ​ គឺ​ជនជាប់ចោទ​ទាំង​ ២​ នាក់ ​បាន​នាំ​ប្រាក់​ដុល្លារ​មក​ប្រទេស​កម្ពុជា​គ្មាន​ប្រភព​ច្បាស់លាស់​។ ​ហេតុអ្វី​បានជា​ពួកគេ​មិន​ផ្ញើ​តាម​ធនាគារ​។

លោ​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា​សាលដីការបស់​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​ត្រឹមត្រូវ​ហើយ​។ ​ខ្ញុំ​សូម​តម្កល់​សាលដីកា​នៅ​ដដែល​»​។

គួរ​បញ្ជាក់ថា​ សវនាកា​រ​ជំនុំជម្រះ​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី ​២៣ ​កញ្ញា​ ពុំមាន​វត្តមាន​ជនជាប់ចោទ និង​លោក ​ហ៊ុន ពិសិដ្ឋ​ ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ទាំង​ ២ ​នាក់​ទេ​។ ប៉ុន្តែ​បើ​យោង​តាម​សា​រណា​របស់លោក​មេធាវី​ ហ៊ុន ពិសិដ្ឋ​ ដែល​បានដាក់​ចូល​តុលាការ​កំពូល​បាន​រៀបរាប់ថា​ ជនជាប់ចោទ​ទាំង​ ២​ នាក់​ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​CNC.coltd​ នៅ​ប្រទេស​កូរ៉េ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ទិញ​ដី​នៅ​ខេត្តកំពង់ធំ​ចំនួន​ ២១០ ​ហិកតា​។​ ដី​នេះ​មានតម្លៃ​ ២​ លាន​ ២​ សែន​ដុល្លារ​អាមេរិក​។​ ប៉ុន្តែ​ដោយសារ​កូនក្តី​របស់លោក​ធ្វើការ​នៅ​ហុងកុង​ក៏​ខាង​ក្រុមហ៊ុន​បាន​ដក​លុយ​នេះ​ពី​ធនាគារ​នៅ​ប្រ​ទេ​សកូរ៉េ​ចូល​ធនាគារ​ហុងកុង​ ដើម្បីឱ្យ​កូនក្តី​របស់លោក​ដកយក​មក​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។

លោក​មេធាវី ហ៊ុន ពិសិដ្ឋ​ បញ្ជាក់​នៅក្នុង​សា​រណា​បន្តថា ​ជនជាប់ចោទ​គិត​ថាបើ​វេរ​លុយ​ពី​ធនាគារ​ហុងកុង​មក​កម្ពុ​ជាមាន​ការបង់​ពន្ធ​។ ​ដូច្នេះ​ពួកគេ​ដាក់​លុយ​ជាប់​ខ្លួន​មក​តែម្តង​ហើយ​ខាង​គយ​នៅ​ប្រទេស​កូរ៉េ​ ក៏​អះអាង​ដែរ​ថា ​ប្រាក់​ដុល្លារ​នេះ​មិន​ជាប់​បទល្មើស​អី​ទេ​។ លោក​ថា​៖ «​ខ្ញុំ​ស្នើសុំ​ដល់​តុលាកា​កំពូល​ឱ្យ​កូនក្តី​ខ្ញុំ​បាន​រួច​ពីបទ​ចោទ​»​។

យោង​តាមកំណត់ហេតុ​របស់​តុលាការ​កំពូល​បាន​បង្ហាញថា​កាលពី​ថ្ងៃទី ​៧ ​កក្កដា ​ឆ្នាំ​ ២០១៩​ មាន​ជើងយន្តហោះ​១​គ្រឿង​លេខ UO-706 (HKG-REP) ហោះ​មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន ​បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​។ ​នៅពេលនោះ​ដោយមាន​ការសង្ស័យ​សម​ត្ថ​កិ​ច្ចគយ និង​នគរបាល​ប្រចាំ​នៅក្នុង​ព្រលានយន្តហោះ​បាន​ហៅ​បុរស​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន​ ២​ នាក់​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​អីវ៉ាន់​។

អង្គហេតុ​បង្ហាញ​បន្តថា ​ពេលនោះ​សមត្ថកិច្ច​បាន​ឆែក​ក្នុង​សា​កាដូ​ស្ពាយ​របស់​ជន​ទាំង ​២​ នាក់​ក៏​ឃើញ​ប្រាក់​ដុល្លារ​ជាច្រើន​ដុំ​ ហើយក៏​ឃាត់ខ្លួន​ពួកគេ​តែម្តង​។​ ក្រោយ​​ការត្រួតពិនិត្យ​មក​សមត្ថកិច្ច​រាប់​ប្រាក់​ដុល្លារ​នោះ​ឃើញ​មាន​ចំនួន​ ២ ​លាន​ ២​ សែន​ដុល្លារ​អាមេរិក ​(​ក្រដាស​ ៥០ និង​ ១០០ ​ដុល្លារ​)​។

តាម​អង្គហេតុ​ដដែល​ថា ​ជន​ទាំង ​២ ​នាក់​ ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​បើកសវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ​១ ខែ​ តុលា​ ឆ្នាំ ២០១៩​ សម្រេច​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​ ២​ ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ ៦០​ លាន​រៀល​ចូល​ថវិការដ្ឋ​។ ​ជន​ទាំង ​២ ​នាក់​ ត្រូវ​ចោទ​​តាម​មាត្រា​ ៣ មាត្រា​ ២៩ និង​មាត្រា​ ៣០ ​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​។ ដោយ​មិន​សុខចិត្ត​នឹង​ទណ្ឌ​កម្មនេះ​ជនជាប់ចោទ​ទាំង​ ២​ នាក់​ បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​តំបន់​ខេត្តបាត់ដំបង​ ហើយ​ត្រូវ​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ​២៤ ខែ ​មីនា ឆ្នាំ​ ២០២១ ​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្តសៀមរាប​ទុកជាបានការ​ដដែល។ ​តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២៩​ កញ្ញា​នេះ​៕