ភ្នំពេញៈ ក្រុងប៉ោយ​ប៉ែតនៃ​ខេត្ត​បន្ទាយ​មានជ័យ​ នៅ​សប្ដាហ៍​ខាង​មុខ​នេះ ​ជំនន់​ទឹក​ភ្លៀង​នៅ​ទីក្រុង​នេះ អាចនឹង​រង​ផល​អាក្រក់​ជាង​ពេល​បច្ចុប្បន្ន​ ដោយ​សារ​លំហូរ​ទឹកធ្លាក់​ចុះ​ពី​ស្រុក​អារញ្ញ ​ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ។ រីឯ​ស្រុក​ចំនួន​៣ទៀត​នៃ​ខេត្ត​នេះ ​ក៏​ទទួល​រងគ្រោះ​ ដោយ​ជំនន់​ទឹក​ភ្លៀង​ដែរ។ នេះ​បើ​តាម​មន្ត្រី​អាជ្ញាធរ។​

លោក​ គាត ហ៊ុល ​អភិបាល​ក្រុង​ប៉ោយប៉ែត ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ២៣ ​កញ្ញាថា ​អាជ្ញាធរ​ស្រុក​អារញ្ញ ​នៃ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ​បាន​ផ្ដល់​លិខិត​ជូនដំណឹង​មួយ​ច្បាប់ ​មក​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ កាលពី​ថ្ងៃទី ​២២​ ខែកញ្ញា ​ដោយ​បានបញ្ជាក់​ថា ​ស្ថានភាព​ទឹក ​នៅស្រុក​អារញ្ញ​ប្រាថេត ​បាន​កំពុង​ហក់​ឡើង​លឿនគួរឱ្យ​ព្រួយ​បារម្ភ​ ដែល​បណ្តាល​មកពី ​ឥទ្ធិពល​កម្ពស់​ទឹកហក់​ឡើង​ខ្ពស់នៅ​តំបន់​ខៅ​យ៉ៃ ​នៃ​ខេត្ត​នគររាជ​សីមា។​

លោក​ គាត ហ៊ុល ​បន្តថា​៖ «ក្នុង​លិខិត​នោះ ​ភាគីថៃ​បានគូស​បញ្ជាក់​ទៀត​ថា​ស្ថិត​ក្នុង​ស្ថានភាព​ទឹកជំនន់​បែប​នេះ វា​នឹង​បង្ក​ឱ្យ​ហូរស្រុង​ចុះពី​តំបន់​ខ្ពស់ក្នុង​ទឹកដី​ថៃ ​ចុះមក​តំបន់​ទាប​ជាង​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ភូមិ​សាស្ត្រ ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​នៃ​ប្រទេស​កម្ពុជា ​ដែល​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះជំនន់​ទឹក​ភ្លៀង​ ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ផង​ដែរ»។

បើ​តាម​លោក​ គាត ហ៊ុល ​នេះ​គឺជា​ការផ្ដល់​ដំណឹង​លើកទី១ ​របស់​ភាគី​ថៃ ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ ​អំពី​ស្ថានភាព​និង​លទ្ធភាព​នៃ​ទឹកជំនន់​ក្នុង​ប្រទេស​របស់​ខ្លួន។ ពិសេស​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​អារញ្ញ ​ខេត្ត​ស្រះកែវ​ ដែល​ឥទ្ធិពល​របស់​​វា​ អាច​នឹង​បង្កឱ្យ​ជន់​លិច​និង​ប៉ះពាល់​ដល់​ផ្នែក​ខ្លះ​នៃ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មានជ័យ​នៃ​ប្រទេស​កម្ពុជា។ ​«ទោះយ៉ាង​ណា ​យើង​អរគុណ​ភាគី​ថៃ ​ដែល​បាន​ផ្ដល់​ដំណឹង​នេះ»។ ​

គិត​ត្រឹម​រសៀល​ថ្ងៃទី​ ២៣ ​ខែ កញ្ញា​ ឆ្នាំ​ ២០២១ នេះ​ ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ប៉ោយ​ប៉ែត ​នៅមិនទាន់​ថមថយ​នៅ​ឡើយ​ទេ​ ព្រោះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់។

លោក​ ហ៊ុល ​បន្តថា​ តាមរយៈ​សេចក្ដី​ជូន​ដំណឹង​របស់​ភាគី​ថៃ ​រដ្ឋបាល​ក្រុង​ប៉ោយ​បែត​ បាន​ផ្សព្វ​ផ្សាយ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ ​ដែល​រស់​នៅ​ក្នុង​តំបន់​ងាយ​ប្រឈម​ការលិច​លង់​ដោយ​គ្រោះទឹក​ជំនន់ ​ពិសេស​អ្នក​ដែលរស់​នៅ​ប្របជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-ថៃ ​ត្រូវបង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត​ចំពោះ​គ្រោះ​ទឹក​ជំនន់​នេះ។

លោក​បញ្ជាក់​ថា​៖ «ក្នុង​ខណៈ​នេះ ​ខ្ញុំ​កំពុង​បន្ត​ដឹកនាំ​ក្រុម​ការងារ​ចុះ​សួរ​សុខទុក្ខ ​និង​ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​ជាង ​១០០ គ្រួសារ ​ដែលបាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ​និង​ណែនាំឱ្យ​ពួកគាត់ ​ត្រូវ​អនុវត្ត​វិធាន​អនាម័យ ​និង​វិធាន​បង្ការ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវិដ១៩ ​និង​អនុវត្ត ​៣ កុំ ​៣ ការពារ ​ឱ្យបាន​ជា​ប្រចាំ»។

ចំណែក​នៅ​ស្រុក​ម៉ាឡៃ​វិញ ​ភ្លៀង​បាន​ជន់លិច​ហូរកាត់​ផ្លូវ ​និង​ចូល​ដល់​ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តាគុង ​ព្រមទាំង​ឃុំ​មួយ​ចំនួន​ទៀត​ ដែល​នៅ​ទីទំនាប ​ខណៈ​នៅតំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​ នៃ​ឃុំ​ទួលពង្រ ​ទឹក​នៅ​មិនទាន់​ថមថយ​នៅ​ឡើយ។ នេះ​បើ​តាម​លោក​ ប៉ាន់ខែម ប៊ុនថន ​នាយករង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​កាលពី​ល្ងាច​ថ្ងៃទី ២៣ ​ខែកញ្ញា​ ខណៈ​លោក​ចុះ​ដឹកនាំ​ក្រុម​ការងារ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ ​នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក។

លោក​ថ្លែងថា​៖ «កាលពី​ព្រឹក ​[២៣-៩-២០២១]​ ជំនន់​ទឹកភ្លៀង​នៅ​តំបន់​បឹង​ជង្រុក​យើង​បានស្រក​ជិត​កន្លះ​ម៉ែត្រ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ​មានភ្លៀង​ធ្លាក់​ខ្លះ​នៅ​តំបន់​ផ្នែក​ខាងលើ ​ធ្វើ​ឱ្យ​ទឹក​ជន់​ឡើង​សាជា​ថ្មី។ ប៉ុន្តែ​មិនទាន់​មាន​ហានិភ័យ​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ទេ ​ព្រោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​អន្តរាគមន៍​ពលរដ្ឋ ​ដែល​ផ្ទះ​របស់​ពួកគាត់​រងការ​ជន់​លិច​នៅ​ពុំបាន​នោះ​មក​កាន់​ទី​ទួល​សុវត្ថិភាព​អស់​ហើយ»។

លោក​ ប៊ុនថន ​ថ្លែងថា ​វិធានការ​នៅ​ចំពោះ​មុខ​នេះ ​គឺ​ក្រុម​ការងារ​ថ្នាក់​ជាតិ ​ថ្នាក់​ខេត្ត ​និង​ថ្នាក់​មូលដ្ឋាន​ក្រុង​-ស្រុក​ នៃ​ខេត្ត​បន្ទាយ​មានជ័យ ​ដែល​កំពុង​ប្រឈម​គ្រោះ​ជំនន់​ទឹក​ភ្លៀង​បានរួម​សហការ​គ្នា ​យ៉ាង​សកម្ម​ក្នុង​ការចុះ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ក្នុង​តំបន់​រង​គ្រោះ។ ក្រុម​ការងារ​បានរៀបចំ​ទីទួល​សុវត្ថិភាព​ចំនួន ​៦ កន្លែង ​និង​បានត្រៀម​ស្បៀង​បម្រុង​ រួចជា​ស្រេច​ដើម្បី​ផ្ដល់​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ ​គឺ​«យើង​មិនឱ្យ​ពលរដ្ឋ​ណា​ម្នាក់​រងា​នោះ​ទេ»។

ជាមួយ​គ្នានេះ ​នៅ​ឯក្រុង​សេរីសោភ័ណ ​អាជ្ញាធរ​បាន​រាយការណ៍​ថា ​ជំនន់​ទឹក​ស្ទឹង​សេរីសោភ័ណ ​បាន​ហក់​ឡើង​និង​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ ដែល​នៅ​ប្រប​ជាប់​មាត់​ស្ទឹង​ចំនួន​ ៤០ គ្រួសារ។ លោក ​ហ៊ឹល រ៉ាយ៉ា ​អភិបាល​ក្រុង​សេរីសោភ័ណ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ថា​៖ «នៅ​ពេល​នេះ ​សមត្ថកិច្ច​យើង​បានជួយ​អន្តរាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​មកកាន់​ទីទួល​សុវត្ថិភាព​អស់​ហើយ»។

ចំណែក​លោក ​រ័ត្ន ដាស៊ីណង់ ​អភិបាល​ស្រុក​មង្គលបូរីបាននិយាយ​ថា ​កម្ពស់​ទឹក​ស្ទឹង​មង្គល​បូរី ​បាន​ហក់​ឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន ​គឺ ​៩ ម៉ែត្រ​ហើយ ​ខណៈ​ពលរដ្ឋ​ចំនួន​ ១៦ គ្រួសារ​ បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

បើទោះ​ជាមក​ទល់​ពេល​នេះ ​នៅ​មិនទាន់​មាន​ពលរដ្ឋ​ណាម្នាក់​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ​ដោយ​សារ​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​ក៏​ដោយ ​លោក​ដាស៊ីណង់ ​បានអំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង ​ពិសេស​អ្នក​ដែល​រស់​នៅ​តាម​មាត់​ស្ទឹង ​ព្រែក ​ឱ្យ​បង្កើត​ការប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​នៃ​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ ពិសេស​កុមារ​តូចៗ​ ចាស់​ជរា ​និង​ស្ត្រី​មាន​ផ្ទៃពោះ ​ឱ្យ​នៅ​ឆ្ងាយ​ពី​មាត់​ទឹក៕