ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស បានថ្លែងថា សហរដ្ឋអាមេរិកមាន​ឆន្ទៈ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​អំឡុងពេល​រាតត្បាត​ជំងឺ​កូវីដ ១៩ ហើយ​លោក​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​អាស៊ាន​នេះ​នឹង​បន្ត​រីកចម្រើន​ទៅមុខ។

លោក​ថ្លែងដូច្នេះ បន្ទាប់ពី​លោកបាន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-អាមេរិក​ កាលពី​ថ្ងៃទី ២៣ ខែកញ្ញា។

លោក ប្រាក់ សុខុន សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី ២៤ ខែកញ្ញា​ថា៖ «រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-អាមេរិក​បាន​ប្រជុំ ៣ ដង​ហើយ​នៅ​ឆ្នាំនេះ ដោយ​សបញ្ជាក់​ឱ្យឃើញ​ពី​ឆន្ទៈ​របស់​អាមេរិក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន ជា​ពិសេស​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ ១៩»។

លោក​បញ្ជាក់ថា លោក​បាន​ថ្លែង​អំណរគុណ​ដល់​សហរដ្ឋអាមេរិក​ជាថ្មី​ម្តងទៀត ​ដែល​បាន​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ប្រភេទ Johnson & Johnson ចំនួន ១ លាន ដូស​ដល់​កម្ពុជា។

លោក ប្រាក់ សុខុន សរសេរ​ថា៖ «ខ្ញុំក៏​សង្ឃឹម​ថា ​ភាព​ជា​ដៃគូ​អាស៊ាន-អាមេរិក ​នឹង​បន្ត​រីកចម្រើន​តទៅមុខ​ទៀត​លើ​គ្រប់វិស័យ»៕

វីដេអូ៖