កណ្តាលៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) និង​សមាគម​អតីត​កម្មសិក្សាការី​កម្ពុជា-កូរ៉េ ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារ​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដល់​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូវីដ​ ១៩ ក្នុង​ឃុំ​លំហាច ស្រុក​អង្គស្នួល ចំនួន​ប្រមាណ​ ១០០ ​គ្រួសារ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ​ ៨០០ ​នាក់​នៅ​ថ្ងៃទី​ ២៤ ខែកញ្ញា នេះ​។

អំណោយ​ទាំងនោះ​រួមមាន មីកញ្ចប់​ ១ ​កេះ ត្រីខកំប៉ុង​ ១ ​យួរ អង្ករ​ ២៥ ​គីឡូក្រាម ស្ករត្នោត ម៉ាស់ និង​ទឹក​លាងដៃ​សម្រាប់​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ក្នុង​គ្រាអាសន្ន​នេះ និង​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩​។

KOICA បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២៤ ខែកញ្ញា​ថា ការចែក​អំណោយ​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​តំបន់​គោលដៅ​តាមរយៈ​កិច្ចសហការ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​សមាគម​អតីត​កម្មសិក្សាការី​កម្ពុជា-កូរ៉េ និង​ស្របតាម​បេសកកម្ម របស់​សមាគម​អតីត​កម្មសិក្សាការី​កម្ពុជា-កូរ៉េ​ដើម្បី​គាំទ្រ​សុខុមាលភាព​សហគមន៍​ជនបទ​។

ហ្វេសប៊ុក KOICA បញ្ជាក់ថា​៖ «​គ្រឿងឧបភោគ​បរិភោគ​នឹង​ជួយ​កាត់បន្ថយ​ការលំបាក​របស់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប និង​ងាយ​រងគ្រោះ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុងមាន​ស្ថានការណ៍​ធ្ងន់ធ្ងរ​ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩»៕