ភ្នំពេញៈ កម្ពុជា​បាន​ចាប់ផ្តើម​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​​កូវីដ​ ១៩ ​ដូស​ទី​៣ ទ្រង់ទ្រាយ​ធំ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​ចាប់ផ្តើម​ពីថ្ងៃទី​ ១១ ខែ​ តុលា ឆ្នាំ​ ២០២១ ខណៈដែល​ដំណើរការ​ចាក់​វ៉ាក់សាំង​ជុំ​ទី​១ ​បាន​ជិត​សម្រេច​តាម​ផែនការ​កំណត់​ចំនួន​ ១០ ​លាន​នាក់​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​ចូលរួម​ប្រកាស​បើក​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ទូទាំងប្រទេស​ថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុក​នយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​គឺ​​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏សំខាន់​មួយ និង​ជា​ខ្សែក្រវាត់ ការពារ ទី​១ ​សំខាន់​ជាងគេ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​។

លោក​បន្ថែមថា ការចាក់​វ៉ាក់សាំង​ទាន់ពេលវេលា​នឹង​អាចជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​បាន​ច្រើន​តាមរយៈ​ការកាត់បន្ថយ​ការឆ្លង ការធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់ធ្ងរ ការស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ និង​ការបញ្ចៀស​ប្រទេស​កម្ពុជា​ពី​មហន្តរាយ​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​អាចធ្វើឱ្យ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​នេះ​បាន​។

លោក ទៀ បាញ់ មានប្រសាសន៍ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ឱ្យ​បាន​ឆាប់ និង​សម្រេចបាន​តាម​ផែនការ​ដើម្បី​បង្កើត​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍ និង​ការឈាន​ទៅ​បើក​ដំណើរការ​ឡើងវិញ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង និង​វិស័យ​សេដ្ឋកិច្ចសង្គម​ផងដែរ​»​។

លោក​បញ្ជាក់ថា​៖ «​ជាការ​ពិត រហូត​មក​ដល់​ពេលនេះ ពុំមាន​ប្រទេស​ណា​​មួយ​អាចមាន​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​ក្នុងពេល​តែមួយ​ដំណាលគ្នា​ដូច​ប្រទេស​កម្ពុជា​បានទេ ដោយសារ​សមត្ថភាព​ផលិត សមត្ថភាព​ចែកចាយ និង​ការចាក់​វ៉ាក់សាំង​មាន​កម្រិត​ទៅតាម​ប្រទេស​នីមួយៗ​»​។

ដំណើរការ​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ នៅ​ភ្នំពេញ​ពីថ្ងៃ​ ១១ តុលា​។ហេង ជីវ័ន

លោក​ ទៀ បាញ់ បានស្នើឱ្យ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​នូវ​ភារកិច្ច​របស់ខ្លួន​ដោយ​ផ្អែក​តាម​បទពិសោធ​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ជុំ​ទី​១ ​នាពេល​កន្លងមក​។

បើតាម​លោក​ ទៀ បាញ់ ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​កងទ័ព​នឹង​ទទួល​ភារកិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ​ទៅដល់​ប្រជាពលរដ្ឋ និង​កម្មករ​​និយោជិត​តាម​បណ្តា​រោងចក្រ​នានា​ក្នុង​ខណ្ឌ​ចំនួន​ ៦ ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​ ៨ ​ផ្សេងទៀត​។

លោក​ថា៖ «​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដោយសារ​ការបិទ​យុទ្ធនាការ​ជុំ​ទី​១ ​ក៏ត្រូវ​បានធ្វើ​ឡើង​ស្ទើរ​គ្រប់​ខេត្ត​ផងដែរ​។ យើង​អាច​និយាយថា វា​ជា​ភាពអស្ចារ្យ​សម្រាប់​ជាតិ​មាតុភូមិ​របស់​យើង ដែល​យើង​ពិតជា​មាន​មោទនភាព​ណាស់​សម្រាប់​ប្រទេស​យើង​ដែល​វា​ជា​ខ្សែក្រវាត់​ជួរមុខ​បំផុត​សម្រាប់​ជាតិ​យើង​ផងដែរ​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ-១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​លើកឡើង​ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ផងដែរ​ថា ជា​ការគិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ឱ្យមាន​គោលនយោបាយ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​នេះ​កាលពី​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០២១​។

លោកស្រី​ថ្លែងថា៖ «​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ ចាប់ផ្តើម​ឡើង​ពីថ្ងៃ​ទី​ ១១ ខែតុលា​នេះ ក្រោម​អភិក្រម​ផ្កា​រីក​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​»​។

ដើម្បី​សម្រួល​ដល់​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​នេះ ក្រសួង​សុខាភិបាល​ក៏បាន​ផ្តល់នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​មួយចំនួន​ទៅដល់​ក្រុមគ្រូពេទ្យ​ក្រសួង​ការពារជាតិ​ដូចជា សម្លៀកបំពាក់ PPE អាវ​អៀម​ខាងមុខ ម៉ាស់ របាំងមុខ ស្រោមដៃ អាល់កុល សំឡី និង​សេរ៉ូម​ប្រៃ ជាដើម​។

នាឱកាស​នោះដែរ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្រសួងការពារជាតិ​បាន​ប្រកាស​ថា ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួងការពារជាតិ​បានទទួល​ភារកិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ខណ្ឌ​ចំនួន​ ៦ ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន ខណ្ឌ​កំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក និង​ខណ្ឌឫស្សីកែវ​។

លោក​បន្ថែមថា ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​ ៦ ដែល​ក្រុមការងារ​កងទ័ព​រ៉ាប់រង​ក្នុងការ​ចាក់​នេះ​មាន​ចំនួន​សរុប ១ ០២៦ ១២៦ ​នាក់​។ ចំណែក​កម្លាំង​កងទ័ព​ដែល​នឹងត្រូវ​ចូលរួម​ប្រតិបត្តិការ​នេះ​មាន​ចំនួន ៣ ៥៧៨ ​នាក់​ដោយ​ចែកជា​ ១៥២ ​ក្រុម​ពេទ្យ​ផងដែរ​។

នៅ​ថ្ងៃទី​ ១១ ​តុលា​នេះដែរ សម្រាប់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នឹង​ចាប់ផ្តើម​ចាក់​នៅ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង ខណ្ឌចំការមន ខណ្ឌ​ច្បារអំពៅ ខណ្ឌ​៧មករា និង​ខណ្ឌ​សែនសុខ​។ ចំណែក ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែកព្នៅ នឹង​ចាប់ដំណើរការ​ចាក់​វ៉ាក់សាំង​ពីថ្ងៃ​​ទី ៣០ ខែតុលា​ខាងមុខនេះ​។

បើតាម​របាយការណ៍​របស់​ក្រសួង​​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២១ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ​ឡើង​សរុប​ជាង​ ១៣ ​លាន​នាក់​ ឬ​ស្មើនឹង​ ៨៤,៣៣ ​ភាគរយ ធៀប​នឹង​គោលដៅ​ចំនួន​ ១៦ ​លាន​នាក់ បានទទួល​នូវ​ការចាក់​វ៉ាក់សាំង​។ ក្នុង​​នោះ​មាន​ប្រជាពលរដ្ឋ​អាយុ​ពី​ ១៨ ​ឆ្នាំ​​ឡើង​ចំនួន​ ៩៩,២០ ​ភាគរយ​ធៀប​នឹង​​ចំនួន​ប្រជាជន​គោលដៅ​ ១០ ​លាន​នាក់ ក្រុម​អាយុ​ពី​ ១២ ​ឆ្នាំ ទៅ​ក្រោម​ ១៨ ​ឆ្នាំ មាន​ចំនួន​ ៨៩,៨១ ​ភាគរយ ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់ និង​លើ​កុមារ​អាយុ​ពី​ ៦ ​ឆ្នាំ ដល់​ក្រោម​ ១២ ​ឆ្នាំ​មាន​ចំនួន​ ៩៥,១៨ ​ភាគរយ​ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ​ជាង​ ១,៨ ​លាន​នាក់​៕