ភ្នំពេញៈ ជប៉ុន​ចុះហត្ថលេខា​ផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ ៧២ ​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ចំនួន​ ៦ ក្នុង​ការរួមចំណែក​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការចុះហត្ថលេខា​នេះ​ធ្វើឡើង​រវាង​លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​នា​ថ្ងៃទី​ ១១ តុលា នៅ​ទីស្ដីការ​ក្រសួងការបរទេស​។ គម្រោង​ទាំង​ ៦ រួមមាន គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត គម្រោង​បោសសម្អាត​មីន គម្រោង​បំពាក់​សម្ភារ​បច្ចេកទេស​សម្រាប់​មន្ទីរពិសោធន៍​ជាតិ​សំណង់ គម្រោង​ស្ថានីយ​វាស់វែង​អចិន្រៃ្តយ៍ មជ្ឈមណ្ឌល​ទិន្នន័យ គម្រោង​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​គម្រោង​ឧស្សាហកម្ម​គ្រឿងយន្ត អេឡិចត្រូនិក និង​មេកានិក​។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១១ ខែតុលា​ថា​៖ «[​ជំនួយ​នេះ​] ​ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ ថា ឥណទាន​សម្បទាន មាន​ ១ ​គម្រោង​គឺ​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្ត​សៀមរាប​ដំណាក់កាល​ទី​ ២ ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៥៨ ​លានដុល្លារ​។ រីឯ​ហិរញ្ញប្បទាន​ឥតសំណង មាន​ ៥ ​គម្រោង គឺ​គម្រោង គាំទ្រ​ដំណើរការ​កសាង​ផែនការ​បោសសម្អាត​មីន និង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោសសម្អាត​មីន​ដែលមាន​ទឹកប្រាក់​ប្រមាណ​ ១,៨ ​លាន​ដុល្លារ​។ គម្រោង​សម្ភារ​បច្ចេកទេស សម្រាប់​មន្ទីរពិសោធន៍​ជាតិ​សំណង់ ដែលមាន​ទឹកប្រាក់​ប្រមាណ​ ២,២ ​លាន​ដុល្លារ​។

គម្រោង​បំពាក់​សម្ភារ​បច្ចេកទេស សម្រាប់​ស្ថានីយ​វាស់វែង​អចិន្រៃ្តយ៍ និង​មជ្ឈមណ្ឌល​ទិន្នន័យ​ដែលមាន​ទឹកប្រាក់​ប្រមាណ ២,២ ​លាន​ដុល្លារ​។ គម្រោង​បំពាក់​សម្ភារ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ៣,៦ ​លានដុល្លារ​។ ចុងក្រោយ ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ក៏​នឹងត្រូវ​ប្រើប្រាស់​ ដើម្បី​អនុវត្ត​គម្រោង​បំពាក់​សម្ភារ​បរិក្ខារ និង​គ្រឿង​ម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿងយន្ត អេឡិចត្រូនិក និង​មេកានិក​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ទឹកប្រាក់​ប្រមាណ​ ៤,៥ ​លាន​ដុល្លារ​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ លោក​ ប្រាក់ សុខុន ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា នេះ​គឺជា​សក្ខីភាព​នៃ​ការបន្ត​ជួយ​គាំទ្រ​របស់​ជប៉ុន​ដល់​កម្ពុជា បើទោះបី​ជា​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្តី ហើយ​ដែលជា​ការជួយ​គាំទ្រ​យ៉ាងរឹងមាំ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ប្រទេស​ជប៉ុន​បាននិង​កំពុង​ជួយ​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការផ្តល់​ឥណទាន​សម្បទាន ហិរញ្ញប្បទាន​ឥត​សំណង និង​វ៉ាក់សាំង ហើយ​ដែល​ជំនួយ​សប្បុរសធម៌​ទាំងនេះ ឆ្លុះបញ្ចាំង​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ព្រមទាំង​បានរួម​ចំណែក​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​របស់​កម្ពុជា​»​។

លោក​ ប្រាក់ សុខុន បន្តថា ជំនួយ​របស់​ជប៉ុន​បាននិង​កំពុង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សង្គម និង​ធនធាន​មនុស្ស​នៅ​កម្ពុជា​។ ប្រទេស​ជប៉ុន គឺជា​ស្ថាបត្យករ​ដ៏សកម្ម​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​ប្រទេស​កម្ពុជា និង​បាន​រួមចំណែក​យ៉ាងសំខាន់​បំផុត​ដល់​ដំណើរការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ ក្រោយ​សង្គ្រាម​ហែកហួរ​ប្រទេស និង​ការបំផ្លិចបំផ្លាញ​អស់​ជាច្រើន​ទសវត្សរ៍​។

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ១១ តុលា ថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ពង្រីក​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ​(ODA) ​ជា​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។

ស្ថានទូត​ជប៉ុន​បានឱ្យដឹងថា គម្រោង ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត ខេត្តសៀមរាប​នៅ​ដំណាក់កាល​ទី​ ២ ​នេះ​នឹង​បន្ត​អភិវឌ្ឍ​បរិក្ខារ​បូមទឹក​ឆៅ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ដែលមាន​សមត្ថភាព​ផលិត​ ៦០ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ និង​បណ្ដាញ​ចែកចាយ​ទឹក​ដែលមាន​ប្រវែង​លើស​ ២០០ ​គីឡូម៉ែត្រ នៅ​ខេត្តសៀមរាប បន្ទាប់ពី​ដំណាក់កាល​ទី​ ១​។

ស្ថានទូត​ជប៉ុន​បញ្ជាក់ថា​៖ «​គម្រាង​សហប្រតិបត្តិការ​ទាំងនេះ​ត្រូវបាន​រំពឹងទុក​ថា នឹង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​នីមួយៗ​នាពេល​អនាគត និង​ការយោគយល់​គ្នា​ទៅវិញទៅមក ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព រវាង​ជប៉ុន​ និង​កម្ពុជា​»៕