សៀមរាបៈ ក្នុង​រយៈពេល ៩ ខែ ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ដែលជា​អ្នកស្រុក​នៅក្នុង​តំបន់​អង្គរ​ជាង១ពាន់​គ្រួសារ​ជួសជុល​កែលម្អ​លំនៅឋាន និង​សាង​សង់​សំណង់តូចៗក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បីឱ្យ​ការរស់នៅ​របស់​ពួកគាត់​មាន​ភាពល្អ​ប្រសើរ។

របាយ​ការណ៍​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​កាលពី​ថ្ងៃទី ១២ ​ខែតុលា​ថា «​រយៈពេ​ល ៩ ខែ​ ក្នុង​ឆ្នាំ​ ២០២១ ​ក្រុម​ការងារ​លេខាធិកា​រដ្ឋា​ន​សហគមន៍​ទាំង ៥ និង​ក្រុម​ការងារ​ក្រៅ​ឧទ្យាននៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តការងារ​ចុះ​ពិនិត្យ​ផ្ទះ​ចំនួន ១ ៨៧៤ គ្រួសារ ក្នុងនោះ​ក្រុម​ការងារ​បាន​អនុញ្ញាត​ឱ្យមាន​ការជួសជុល​កែលម្អ​លំនៅឋាន​ និង​សាងសង់​សំណង់​ស្រាល​តូចតាច​បាន​ចំនួន ១ ១៦២ គ្រួសារ»។

ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ចំនួន​ ១ ១៦២ ​គ្រួសារ​នេះ​ រួមមាន ​ស្រុក​ប្រាសាទ​បាគង​ចំនួន​ ១៧៤ ​គ្រួសារ ស្រុក​អង្គរធំ​ចំនួន​ ២៦៣ ​គ្រួសារ ស្រុក​ពួក​ចំនួន ១៨០​ គ្រួសារ ក្រុង​សៀមរាប​ចំនួន ២៦៩​ គ្រួសារ ស្រុក​បន្ទាយស្រី​ចំនួន​ ២៤៤ គ្រួសារ និង​ក្រុមការងារ​ក្រៅ​ឧទ្យាន​ចំនួន ​៣២ គ្រួសារ។

ប្រភេទ​នៃ​ការជួស​ជុល​កែលម្អ​លំនៅឋាន និង​សាង​សង់​សំណង់​ស្រាល​តូចតាច​រួមមាន​ការជួសជុ​ល ​ឬ​ប្តូរ​ដំបូល ជួសជុល​ជញ្ជាំង ប្តូរ​សសរ ប្តូរ​ជណ្តើរ ត​សំ​យាប រៀប​ឥដ្ឋ​ក្រោមផ្ទះ សាង​សង់​បង្គន់​អនា​ម័យ ទ្រុង​មាន់ ចាក់ដី ក្រោលគោ ទ្រុង​ជ្រូក ។ល។ ដែលជា​តម្រូវ​ការចាំ​បាច់ផ្សេងៗទៀត​​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ការអនុញ្ញាត​នេះ​ធ្វើឡើង​ បន្ទាប់ពី​ក្រុម​ការងារ​សហគមន៍​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង​ និង​មាន​ឯកសារ​ចាំបាច់​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃថា ​ពួកគាត់​គឺជា​ប្រជា​ពល​ដ្ឋ​រស់នៅក្នុង​តំបន់​អង្គរ​ពិតប្រាកដ​តាំងពី​យូរយារ មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​អាជ្ញាធរ​ភូមិ និង​ឃុំ​សង្កាត់ និង​មាន​តម្រូវ​ការ​ជាក់ស្តែង​ក្នុងការ​កែលម្អ​ការរស់​នៅ​ឱ្យបាន​ល្អ​ប្រសើរ។

របាយ​ការណ៍​លើក​ឡើង​ថា «អាជ្ញាធរ​ជាតិ​អប្សរា​មិន​ត្រឹមតែ​ផ្តល់​ការជួសជុល​ដល់ផ្ទះ​ចាស់ និង​សាងសង់​សំណង់​ស្រាល​តូចតាច ក្នុងនោះ​ក៏បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ការជួយ​សង្គ្រោះ​ពេល​ប្រជាជន​មាន​ទុក្ខលំ​បាក រួមទាំង​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​បេតិក​ភណ្ឌ​ដល់​ប្រជាជន​គ្រប់ៗគ្នា»។

របាយ​ការណ៍​បន្ថែមថា សកម្ម​ភាព​ទាំងនេះ​ គឺជា​ចូលរួម​ចំណែករបស់​អាជ្ញាធរ​ជាតិ​អប្សរាក្នុងការ​បង្ខិត​សេវាសា​ធារណៈ​របស់​រដ្ឋ​ឲ្យ​ចូល​ទៅជិត ប្រជា​ពលរដ្ឋ និង​កាត់​បន្ថយ​រាល់​ការ​ចំណាយ​ទាំង​ពេលវេលា​ និង​ការធ្វើដំណើរ​ទៅមក។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​ក្រុម​ការងារ​សហ​គមន៍រ​បស់​ខ្លួន​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ ៤០១ ​គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅ​ក្នុង​ក្រុង​ស្រុក​ចំនួន ៥ ឃុំ​ចំនួន ២១ និង​ភូមិ​ចំនួន​ ១១។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១២ តុលាថា ចំនួន​គ្រួសារ​ផ្សេង​ទៀត ដែល​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ជួសជុល​កែលម្អ​លំនៅឋាន​ដោយ​សារ​ពួកគាត់​មិនមាន​ឯក​សារ​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា ពួកគាត់​ជា​អ្នក​ដែល​រស់នៅ​តំបន់​អង្គរ​នេះនិង​មូល​ហេតុ​មួយទៀត​អាចមកពី​សំណូមពរ​របស់​ពួកគាត់​ហួស​ពី​សមត្ថកិច្ច​របស់​ក្រុម​ការងារ​សហ​គមន៍។

លោក​ថ្លែងថា៖ «ក្នុងករណី​ដែល​វា​ហួស​ពី​សមត្ថ​កិច្ច​របស់​ក្រុមការងារ អាហ្នឹង​ក្រុម​ការងារ​បញ្ជូន​ទៅខាង​ផ្នែក​មួយ​ទៀត (នាយក​ដ្ឋាន​រៀបចំ​ដែន​ដី និង​គ្រប់​គ្រង​លំនៅឋាន​ក្នុង​ឧទ្យាន​អង្គរ) ដែល​មាន​ស​មត្ថ​កិច្ច​ធំ​ជាង​ហ្នឹង »។

បើតាម​លោក ឡុង កុសល ក្នុងករណី​ប្រជា​ពលរដ្ឋ​ចង់​រុះរើ​លំនៅ​ឋាន​ទាំងស្រុង ហើយ​សាងសង់​ថ្មី ឬ​ជួស​ជុល​ច្រើន​កន្លែង​ក្រុមការងារ​សហគមន៍​មិនមាន​សមត្ថ​កិច្ច​ទេ តែ​ត្រូវបញ្ជូន​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​ទៅកាន់​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅឋាន​ក្នុង​ឧទ្យាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​មាន​ភារកិច្ច​ពិនិត្យ​ទៅលើ​សំណូមពរ​នេះ​ក្នុង​ការរុះរើ​លំនៅ​ឋាន​ចាស់ ហើយ​សាង​សង់​ថ្មី៕