ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​យកចិត្ត​ទុកដាក់ និង​ពង្រឹង​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​នៅតាម​គ្រឹះស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​នានា​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ដើម្បី​ឈានទៅ​បើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​បានលើកឡើង​ដូចនេះ​នៅក្នុង​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃទី​ ១១ ​តុលា​ ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ មន្ទីរ​ពាក់ព័ន្ធ និង​កម្លាំង​មាន​សមត្ថកិច្ច​ចំណុះ​មួយចំនួន​ទៀត​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​គោលការណ៍​ថ្មីៗ​មួយចំនួន​ដូចជា​រាល់​ពេលចេញ-ចូល​គ្រឹះស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​នានា​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ឬ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​។

លោក ឃួង ស្រេង បាន​ថ្លែងថា​៖ «​យើង​ធ្វើ​ដូចនេះ​គឺ​ដើម្បី​ទប់ស្កាត់​​កូវីដ​ ១៩ ឱ្យបាន​ល្អប្រសើរ​ចៀសវាង​ការរីករាលដាល​បន្តទៀត ហើយ​កិច្ចការងារ​នេះ​រដ្ឋបាល​រាជធានី-ភ្នំពេញ​ក៏បាន​ចេញ​នូវ​សេចក្តី​ជូនដំណឹង​រួចហើយ​ដែរ កាលពី​សប្តាហ៍​មុននេះ​»​។ ​ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ត្រូវអនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ​

លោក​ថា​៖ «​បើ​យើង​អនុវត្ត​ការងារ​នេះ​បានល្អ​ប្រសើរ​ និង​មាន​ភាពម៉ឺងម៉ាត់​នោះ​វា​នឹង​កាត់បន្ថយ​បាន​នូវ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បន្តទៀត​»​។

ក្នុង​ឱកាស​នោះដែរ លោក ឃួងស្រេង ក៏បាន​កោតសរសើរ ចំពោះ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ក្រុមការងារ​ពាក់ព័ន្ធ​ក្រុមគ្រូពេទ្យ​គ្រប់​ក្រុម​ទាំងអស់​ដែល​កន្លងមក​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​រហស្សនាម​ថា ជា​កងទ័ព​អាវ​ស ដែល​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការថែទាំ និង​ព្យាបាល​ប្រជាពលរដ្ឋ​បាន​ល្អ ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​លះបង់​អស់​​កម្លាំងកាយ​ចិត្ត បំពេញការងារ ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ទាក់ទង​នឹង​ការតម្រូវ​ឱ្យមាន​ការបង្ហាញ​កាត​ចាក់​វ៉ា់ក់សាំង​នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​ផ្សេងៗ​ទៀត លោកស្រី ប៉ុន ដានី ប្រធាន​ផ្សារ​ធំថ្មី​បាន​អនុវត្ត​តាម​ការជូនដំណឹង​នេះ ដោយ​បាន​តម្រូវ​ឱ្យ​អតិថិជន និង​អាជីវករ​ទាំងអស់​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​មុននឹង​ចូល​ក្នុង​ផ្សារ​នេះ​។

លោកស្រី​បាន​ថ្លែងថា អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​ធំថ្មី​នេះ​ស្ទើរតែ​ ១០០ ​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួចរាល់​ហើយ ហើយ​មាន​តិចតួច​បំផុត​ដែល​មិនបាន​ចាក់​ដោយសារ​តែ​បញ្ហា​សុខភាព​របស់​ពួកគាត់​។

លោកស្រី ប៉ុន ដានី បាន​បញ្ជាក់ថា​៖ «​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​គោរព និង​អនុវត្តតាម​ការណែនាំ​នានា​របស់​អាជ្ញាធរ​ក៏ដូចជា​ក្រសួង​សុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ និង​ត្រូវយក​កាត​ចាក់​វ៉ាក់សាំង​តាម​ជាប់​ខ្លួន​ជានិច្ច​ ដោយសារ​ស្ទើរ​គ្រប់កន្លែង​គឺ​តម្រូវ​ឱ្យ​ពិនិត្យ​កាត ឬ​បណ្ណ​បញ្ជាក់​ថា​បាន​ចាក់​វ៉ាក់សាំង​រួច ទើប​អនុញ្ញាត​ឱ្យចូល​បាន​»​។

គួរបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​បាន​​ណែនាំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង អាជីវករ​វិស័យ​ឯកជន និង​សាធារណជន​ទាំងអស់​ត្រូវមាន​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ឬ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង រាល់​ពេលចេញ-ចូល​គ្រឹះស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​នានា​ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ​ ១៩ ​តាម​គន្លង​ថ្មី និង​ឈាន​ទៅ​រក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ​ខាងមុខ​៕