សៀមរាបៈ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) ​ប្រចាំ​ប្រទេស​កម្ពុជា ចុះហត្ថលេខា​អនុវត្ត​ «​គម្រោង​លើកកម្ពស់​សេវា​ទឹកស្អាត និង​អនាម័យ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩» ខេត្តសៀមរាប ក្រោម​ជំនួយ​បច្ចេកទេស​របស់​ប្រទេស​ជប៉ុន​ដែល​ប្រជាជន​ប្រមាណ​ ៩៣ ៤២៦ ​នាក់ ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។

ការចុះហត្ថលេខា​នេះ​ធ្វើឡើង​រវាង​លោក​ ឃុត វុត្យារិទ្ធ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប និង​លោកស្រី​កាមេយ ហារូកុ ប្រធាន​តំណាង​ការិយាល័យ JICA ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១១ តុលា នៅ​ការិយាល័យ JICA ប្រចាំ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ​មាន​គោលបំណង​លើកកម្ពស់​វិធានការ​បង្ការ​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការពង្រីក​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត ប្រកប​ដោយ​សុវត្ថិភាព ចីរភាព និង​លើកកម្ពស់​នូវ​ការអនុវត្ត​ការលាង​សម្អាត​ដៃ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

គម្រោង​នឹង​ផ្តល់នូវ​សម្ភារ​ចាំបាច់​មានដូចជា ឧស្ម័ន​ក្ល័រ និង​កំបោរ ដើម្បី​ធានា​គុណភាព​ទឹក​ឱ្យ​ស្របតាម​ស្តង់ដា​គុណភាព​ទឹក​ផឹក​ថ្នាក់ជាតិ​។ ផ្តល់នូវ​នាឡិកាទឹក បំពង់​ទឹក និង​សម្ភារ​តំណ​ព្រមទាំង​ឧបករណ៍​ផ្សេងៗ​ដល់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ដើម្បី​ធ្វើការ​ពង្រីក​សេវា​ទឹកស្អាត​ដល់​តំបន់​ដែល​មិនទាន់​មាន​ការផ្គត់ផ្គង់​ទឹក​ក្នុង​សង្កាត់​ស្លក្រាម និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

តាមរយៈ​គម្រោង​នេះ​ក៏​អនុវត្ត​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប ស្តីអំពី​សារៈសំខាន់​នៃ​ទឹកស្អាត និង​ទម្លាប់​នៃ​ការលាង​សម្អាត​ដៃ​ដើម្បី​ការពារ​ជំងឺ​កូវីដ ១៩​។ គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ក្នុង​គ្រាអាសន្ន​ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នឹងត្រូវ​បញ្ចប់ នៅ​ចុងខែ​កក្កដា ឆ្នាំ​ ២០២២​។

JICA ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១១ តុលា ថា​៖ «​យើង​រំពឹងថា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​គ្របដណ្តប់​របស់​គម្រោង​ខាងលើ និង​តំបន់​ដែល​ស្ថិត​ក្នុង​ការផ្គត់ផ្គង់​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ប្រមាណ​ ៩៣ ៤២៦ ​នាក់​នឹង​ទទួលបាន​អត្ថប្រយោជន៍​»​។

JICA បញ្ជាក់ថា ការគាំទ្រ​នេះ​ក៏​នឹង​រួមចំណែក​ដល់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ក្នុង​ការទ្រទ្រង់​ប្រតិបត្តិការ​ផ្គត់ផ្គង់​ទឹក​របស់​ខ្លួន​ក្នុង​គ្រា ដែល​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​កំពុងតែ​ជួប​ការលំបាក​ជាច្រើន ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ JICA គឺជា​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​។

មកដល់​បច្ចុប្បន្ន គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​ជាច្រើន​ត្រូវបាន​អនុវត្ត​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ រួមទាំង​រដ្ឋាករទឹក​តាម​បណ្តា​ខេត្ត​នានា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​។

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ជាច្រើន​ត្រូវ​បាន​សាងសង់​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​នៃ​ប្រទេស​កម្ពុជា ដោយ​ជំនួយ​ឥតសំណង​របស់​ប្រទេស​ជប៉ុន​។ នៅ​ខេត្តសៀមរាប JICA បានផ្តល់​ជំនួយឥតសំណង ដើម្បី​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ដែលមាន​សមត្ថភាព​ចំនួន​ ៨ ០០០ ​ម៉ែត្រត្រីគុណ​ក្នុង​ ១ ​ថ្ងៃ និង​ដំឡើង​បំពង់​ប្រវែង ៣៦ ​គីឡូម៉ែត្រ ក្នុង​ឆ្នាំ​ ២០០៦​។

បច្ចុប្បន្ន JICA កំពុងផ្តល់​ហិរញ្ញប្បទាន​ដល់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់ ទឹកស្អាត តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ដែល​មាន​សមត្ថភាព ៦០ ០០០ ​ម៉ែត្រ​ត្រីគុណ ​ក្នុង​ ១ ​ថ្ងៃ និង​ដំឡើង​បំពង់មេ និង​បំពង់​ចែកចាយ​ទឹកស្អាត ប្រវែង​ប្រហែល​ ២៧០ ​គីឡូម៉ែត្រ​។

JICA ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ថា​៖ «​គម្រោង​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ជាង​មុន ជាពិសេស​ក្នុង​គ្រា​ជួប​ការលំបាក​»៕