The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរខេត្ត​កំពុង​បន្ដ​ស្រាវជ្រាវ​ ករណី​​យក​ថវិកា​ថ្លៃ​បូជាសព​ស្លាប់​ដោយ​កូវីដ




អាជ្ញាធរខេត្ត​កំពុង​បន្ដ​ស្រាវជ្រាវ​ ករណី​​យក​ថវិកា​ថ្លៃ​បូជាសព​ស្លាប់​ដោយ​កូវីដ

Content image - Phnom Penh Post
ទិដ្ឋភាព​បូជាសព​អ្នក​កើត​កូវីដ​នៅ​កំពង់ឆ្នាំង​កន្លងមក​។ រូបថត ហ្វេសប៊ុក

អាជ្ញាធរខេត្ត​កំពុង​បន្ដ​ស្រាវជ្រាវ​ ករណី​​យក​ថវិកា​ថ្លៃ​បូជាសព​ស្លាប់​ដោយ​កូវីដ

កំពង់ឆ្នាំងៈ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ កំពុង​បន្ត​ស្រាវជ្រាវ​មូលហេតុ​នៃ​ការយក​ថវិកា​ចំពោះ​ការ​បូជាសព​ដែល​ស្លាប់​​ ដោយ​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​រកឃើញថា ពិតជា​មាន​ករណី​​នេះ​កើតឡើង​នៅ​ខេត្ត​នេះ​ពី​ថ្ងៃទី​ ២២ កញ្ញា ឆ្នាំនេះ​។

លិខិត​របស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ១១ តុលា បាន​ឱ្យ​ដឹងថា ខេត្ត​បាន​ប្រជុំ​ស្រាវជ្រាវ​ក្រោម​ការដឹកនាំ​របស់​លោក កុល វីរក្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​ និង​ចាត់ចែង​សាកសព​កូវីដ​ ១៩ ឃើញ​ថា មាន​ការទារប្រាក់​ពី​គ្រួសារ​សព​ពិតប្រាកដ​មែន​។

ករណីនេះ​គឺ​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់ឆ្នាំង ដែល​​ជា​អ្នកសម្របសម្រួល​ជាមួយ​អាចារ្យ ព្លុក ហើយ អាចារ្យ ព្លុក ជា​អ្នក​ទារប្រាក់​ដោយផ្ទាល់​ពី​គ្រួសារ​សព ដើម្បី​ចាត់ចែង​ប្រើប្រាស់​ក្នុងការ​បូជាសព​ដោយ​​មិនមាន​ទំនាក់ទំនង​ទៅ​រដ្ឋបាល​​ក្រុង​ស្រុក​ឱ្យបាន​ដឹង​អំពី​ការខ្វះខាត​ ដើម្បី​ដោះស្រាយ​តាម​ការណែនាំ​របស់​អភិបាលខេត្ត​ដែល​បាន​បញ្ជាក់ថា ករណី​មានការ​បូជាសព​ស្លាប់​ដោយ​ជំងឺ​កូវីដ​ ១៩ ក្រុមការងារ​បូជា​​សព​ត្រូវ​ទំនាក់ទំនង​ទៅ​រដ្ឋបាល​​ក្រុង​ស្រុក ដើម្បី​ដោះស្រាយ​​ការខ្វះខាត​គឺ​មិនឱ្យ​មាន​ការទារប្រាក់​ពី​គ្រួសារ​សព​ទេ​។

ក្នុង​លិខិត​លោក​អភិបាល​​ខេត្ត​ថ្លែងថា «​ជាគោលការណ៍​រដ្ឋបាល​ខេត្ត​មិនដែល​បាន​​ចេញ​សេចក្តី​កំណត់ឱ្យ​ទារប្រាក់​ពី​គ្រួសារ​សព​នោះទេ​គឺ​មាន​​តែ​ជួយឧបត្ថម្ភ​បន្ថែម​ដល់​គ្រួសារ​សព​ដែល​ក្រីក្រ ខ្វះ​លទ្ធភាព ដើម្បី​សម្រាល​ការលំបាក​»​។

អភិបាលខេត្ត​កំពង់ឆ្នាំង បញ្ជាក់ថា ក្រោយពី​ទទួល​ព័ត៌មាន​នេះ រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាលខេត្ត​បាន​ប្រជុំ​ដោះស្រាយ​រៀបចំ​ថវិកា​ចូល​បុណ្យ​ជូន​គ្រួសារ​សព​វិញ​រួចរាល់​ហើយ​។

លោក សេង សុមុនី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ថ្លែង​នៅ​ថ្ងៃទី​ ១២ តុលា​ថា ក្រសួង​មិនមាន​អ្វី​ត្រូវ​ណែនាំ​ទៅកាន់​បណ្តា​មន្ទីរ​ធម្មការ និង​សាសនា​នោះទេ ព្រោះនេះ​គឺជា​រឿង​ផ្ទាល់ខ្លួន​របស់​សាច់ញាតិ​​សព​ជាមួយ​នឹង​វត្ត​អារាម​ ឬ​ទីកន្លែង​ប៉ាឆា ក្រសួង​មិនមាន​អ្វី​ពាក់ព័ន្ធ​ក្នុង​ការបូជាសព អ្នកជំងឺ​កូវីដ​ ១៩ ​ទេ​។

លោក​ថា​៖ «​អាស្រ័យ​លើ​ទីតាំង​នីមួយៗ​ និង​ម្ចាស់​សាមី​សាច់ញាតិ ប៉ុន្តែ​ប្រសិនបើ​សំណូមពរ​ថា សុំ​កុំឱ្យ​មាន​ការថ្នាំងថ្នាក់​ពី​ក្រុមគ្រួសារ​សព ហើយ​សុំ​កុំឱ្យ​ទីតាំង​នីមួយៗ​ហ្នឹង​គិតតែ​រឿង​លុយ​ត្រូវ​ចេះ​ជួយ​គ្នា គឺ​មានតែ​សំណូមពរ​ផ្ទាល់ខ្លួន​បែប​ហ្នឹង​ទេ​»​។

លោក កុល វីរក្ស បាន​ថ្លែង​នៅ​ថ្ងៃទី​ ១២ តុលា​ដែរ​ថា ជុំវិញ​ករណី​យកលុយ​ពី​ការបូជាសព​កូវីដ​ ១៩ នៅ​មិនទាន់​មាន​ព័ត៌មាន​បញ្ជាក់បន្ថែម​ទេ ព្រោះ​ការស្រាវជ្រាវ​ទើប​ធ្វើឡើង​បាន​បន្តិចបន្តួច​។ ប៉ុន្តែ​លោក​បាន​រាយការណ៍​ជូន​លោកនាយករដ្ឋមន្ត្រី​រួចហើយ​។ លោក​ថា​៖ «​ការស្រាវជ្រាវ​វា​នៅ​តិចតួច អ៊ីចឹង​ទេ ខ្ញុំ​អត់​អាច​បញ្ជូន​ព័ត៌មាន​អី​ទៅបាន​ទេ​»​។

បើតាម​លោក កុល វីរក្ស ចំពោះ​ការ​បូជាសព​កូវីដ​ ១៩ បើទោះបីជា​ករណី​ស្លាប់​កើតមាន​រាល់ថ្ងៃ ប៉ុន្តែ​សព​មិនមាន​នៅសល់​ឡើយ ដោយ​ត្រូវបាន​បូជា​ជា​បន្តបន្ទាប់​។

លោក​ថ្លែងថា​៖ «​ឥឡូវ​វា​អត់​អី​ទេ ទៅមួយ​បាន​មួយ ប៉ុន្តែ​វា​គ្រាន់តែ​ថា វា​អាច​យឺត ឧបមាថា អាចឈាន​ចូលដល់​ជិត​កណ្តាល​អធ្រាត្រ យឺត​ក្នុង​ថ្ងៃ ប៉ុន្តែ​ដោះស្រាយ​ក្នុង​ថ្ងៃ​បាន​» ។

គិត​ត្រឹម​ថ្ងៃទី​ ១១ ខែតុលា ខេត្ត​កំពង់ឆ្នាំង​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ចំនួន​ ១០៨ ​នាក់​ក្នុង​នោះ​សព​ចំនួន ៤៥ ​ត្រូវបាន​ចំណាយ​ថវិកា​អស់ ១៣៥ ​លាន​រៀល​ដោយ​ក្នុង​មួយ​សព​ ៣ ​លាន​រៀល​ (​ជួល​មេរុចល័ត​)​។

ចំណែក​ ៦៣ ​សព​ទៀត​បន្ទាប់ពី​រដ្ឋបាលខេត្ត​បាន​សាងសង់​ឈាបនដ្ឋាន​រួចរាល់​ត្រូវបាន​បូជា​នៅ​កន្លែង​កំណត់​នៅ​ភូមិ​ដំណាក់​កី ឃុំ​ជើងត្រាវ ស្រុក​រលាប្អៀរ ហើយ​ថវិកា​រដ្ឋបាល​ក្រុង ស្រុក​ជា​អ្នកចូលរួម​ចំណែក​រ៉ាប់រង​ទាំងស្រុង​ក្នុង​ ១ ​សព​ ១ ​លាន​រៀល​គឺ​អស់​ថវិកា​ចំនួន​ ៦៣ ​លាន​រៀល​។

​ជា​សរុប​សព​ចំនួន​ ១០៨ ត្រូវបាន​រដ្ឋបាល​​ខេត្ត រដ្ឋបាល​ក្រុង និង​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ចូលរួម​អស់​ថវិកា​សរុប​ចំនួន ១៩៨ ​លាន​រៀល​។ នេះ​បើតាម​លិខិត​របស់​អភិបាលខេត្ត​កំពង់ឆ្នាំង​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ១១ តុលា​៕

អត្ថបទគួរចាប់អារម្មណ៍