កោះកុងៈ ភូមិមួយចំនួននៅឃុំត្រពាំងរូង នៃស្រុកកោះកុង ខេត្តកោះកុងបានរងការជន់លិច បន្ទាប់ពីក្រុមហ៊ុនវារីអគ្គិសនីតាតៃក្រោម បានបើកទ្វារទឹកបង្ហូរចេញពីអាងក្នុងបរិមាណទឹក ១ ២០០ ម៉ែត្រគុប ក្នុង ១ វិនាទី កាលពីរសៀលថ្ងៃទី ១២ តុលា និងការមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
លោក ជា សូវី អភិបាលស្រុកកោះកុង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី ១៣ តុលាថា ដោយសារទឹកសមុទ្រជន់ជោរផង និងមានភ្លៀងធ្លាក់ផង បូករួមនឹងក្រុមហ៊ុនវារីអគ្គិសនីតាតៃក្រោមបានបើកទ្វារទឹកបង្ហូរទឹកចេញពីអាងស្តុកដើម្បីការពារការបាក់ស្រុតអាងទំនប់វារីអគ្គិសនីនេះផងនោះបានធ្វើឲ្យផ្លូវថ្នល់ និងភូមិឋានប្រជាពលរដ្ឋមួយចំនួនក្នុងឃុំត្រពាំងរូង ដែលស្ថិតនៅតាមតំបន់ទំនាបជាប់មាត់ព្រែក រងការជន់លិច កាលពីយប់ថ្ងៃអង្គារ។
លោក សូវី បានបញ្ជាក់ថា៖«ទោះយ៉ាងណា ការជន់លិចនោះ នៅមិនទាន់ធ្ងន់ធ្ងររហូតដល់មានការជម្លៀសពលរដ្ឋនៅឡើយទេ ហើយកំណាត់ផ្លូវដែលរងការជន់លិចនោះ នៅអាចធ្វើចរាចរណ៍បានជាធម្មតា»។
បើតាមលោក សូវី កាលពីព្រឹកថ្ងៃទី ១៣ តុលា ស្ថានភាពអាកាសធាតុនៅក្នុងស្រុកកោះកុង ផ្ទៃមេឃស្រឡះបន្តិចវិញ ហើយទឹកនៅតាមដងព្រែក និងដងអូរនានា ក៏បានស្រកចុះបន្តិចវិញផងដែរខណៈខាងភាគីក្រុមហ៊ុនវារីអគ្គិសនីតាតៃក្រោម បានសម្រេចកាត់បន្ថយបរិមាណទឹក ដែលត្រូវរំដោះចេញពីអាងស្តុកទឹក។
អ្នកស្រី Liu Yan Xin ហៅ Snow បុគ្គលិករដ្ឋបាលនៃក្រុមហ៊ុនទំនប់វារីអគ្គិសនីតាតៃក្រោម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយពិនិត្យឃើញមានការជន់លិចផ្ទះអ្នកភូមិដែលនៅខ្សែទឹកខាងក្រោម ក្រុមអ្នកបច្ចេកទេសបានសម្រេចបើកបង្ហូរទឹកសន្សឹមៗដោយកាត់បន្ថយបរិមាណទឹកពី ១ ២០០ ម៉ែត្រគុប ក្នុង ១ វិនាទី មកនៅត្រឹម ៥០០ ម៉ែត្រគុបក្នុង ១ វិនាទីវិញ ដើម្បីឲ្យទឹកហូរធ្លាក់ទៅក្នុងព្រែក និងប្រព័ន្ធអូរធម្មជាតិ ដោយសន្សឹមៗ។
អ្នកស្រី Liu Yan Xin បានបញ្ជាក់ថា៖«នៅពេលនេះ ក្រុមមន្ត្រីបច្ចេកទេសយើង បានបើកបង្ហូរទឹកចេញពីអាងស្តុក នៅក្នុងកម្រិតបរិមាណទឹក ៥០០ ម៉ែត្រគុប ក្នុង ១ វិនាទី ដើម្បីធានាថា គ្មានការជន់លិចដោយគំហុកនៅផ្នែកខ្សែទឹកខាងក្រោម។ ប៉ុន្តែក្នុងករណីមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនោះ យើងនឹងអាចបើកវាក្នុងកម្រិតបរិមាណទឹកច្រើនជាងនេះ »។
យោងតាម Facebook Page របស់ក្រសួងធនធានទឹកនិងឧតុនិយម នារសៀលថ្ងៃទី ១៣ ខែតុលា ភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពីតិចទៅខ្លាំងនៅស្រុកបទុមសាគរ និងស្រុកកោះកុង ប៉ុន្តែទឹកជំនន់នៅក្នុងភូមិទំនាប និង ភូមិត្រពាំងរូង នៃឃុំត្រពាំងរូង ស្រុកកោះកុង បានស្រកទៅវិញជាបន្តបន្ទាប់ហើយ។
ដោយឡែកនៅឯឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១៣ ខែតុលា មានជំនន់ទឹកភ្លៀងកើតឡើង ដោយបានជន់ចូលលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៥ ខ្នងផ្ទះ និងលិចហូរកាត់លើកំណាត់ផ្លូវលំ២ខែ្សមានប្រវែងប្រមាណ ២០០ ម៉ែត្រ ស្ថិតក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់។
បើតាម លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ជំនន់នេះបណ្តាលមកពីភ្លៀងធ្លាក់ច្រើន នៅតំបន់ភ្នំត្រូលនៃស្រុករតនមណ្ឌលខេត្តបាត់ដំបង ហើយតំបន់ផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានភ្លៀងធ្លាក់កម្រិតតិចប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «នៅពេលនេះក្រុមកម្លាំងសមត្ថកិច្ចកំពុងចុះអន្តរគមន៍ជួយដល់ពលរដ្ឋ នៅក្នុងតំបន់នោះ»។
នៅក្នុងខណៈនេះ ប្រទេសកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលនៃព្យុះ KOMPASU វិសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំង ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ និងបណ្ដាខេត្តមួយចំនួនទៀតនៅជាប់ជួរភ្នំក្រវាញ និងបណ្ដាខេត្តភាគត្បូងរាជធានីភ្នំពេញ ជាប់ព្រំប្រទល់ប្រទេសវៀតណាម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម៕