​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ពី​ការទប់ស្កាត់​ការ​វាយកម្ទេច​ និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ បន្ទាប់ពី​មានការ​វាយបំផ្លិចបំផ្លាញ ការធ្វើឱ្យ​ខូចខាត​តាម​គ្រប់រូប​ភាពជា​បន្ត​បន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ ដែល​ស្ថិតនៅក្នុង​តំបន់ បេតិកភណ្ឌ​ទីក្រុង តាម​បណ្តា​រាជធានី-ខេត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដ៏​មានតម្លៃ ដែល​ប្រឈម​នឹង​ហានិភ័យ និង​ស្ថិតក្រោម​ការគំរាមកំហែង​ខ្ពស់​ដោយ​ការអភិវឌ្ឍ ដែល​ទាមទារ​ឱ្យមាន​ការថ្លឹងថ្លែង​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ គឺ​ត្រូវតែមាន​តុល្យភាព​។​

​សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​១២ ខែ តុលា ឆ្នាំ ​២០២១ បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​ពិនិត្យឃើញថា សព្វថ្ងៃ​ដោយសារ​ទំនើបកម្ម​បណ្តាលឱ្យមាន​ការបាត់បង់ ការ​វាយ​បំផ្លិចបំផ្លាញ ការធ្វើឱ្យ​ខូចខាត​តាម​គ្រប់រូប​ភាពជា​បន្ត​បន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ដែល​ស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​រាជធានី​-ខេត្ត​។​

​លោក​បាន​បញ្ជាក់ថា៖ «​ហេតុនេះ​ ដើម្បីឱ្យ​ការងារ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទីក្រុង ដែលមាន​សំណង់​អគារ​សាសនា​ផ្សេងៗ សំណង់ សាធារណៈ សំណង់​ឯកជន ភូមិដ្ឋាន និង​ផ្ទះ​បុរាណ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ រាជរដ្ឋាភិបាល សូម​ហាមឃាត់​ចំពោះ​ការកែប្រែ ការប្តូរ​រូបរាង​ខាងក្រៅ ឬ​ធ្វើឱ្យ​ខូចខាត​សោភ័ណភាព​ចំពោះ​សំណង់​នៃ​តំបន់​បេតិកភណ្ឌ​ទីក្រុង​»​។

សំណង់​អគារ​បុរាណ ១ កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង។ រូបថត ហ្វេសប៊ុក

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យមាន​ការទប់ស្កាត់​ការ​វាយកម្ទេច ​និង​បំផ្លិចបំផ្លាញ​សំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិកភណ្ឌ ដើម្បី​ការពារ​ឱ្យបាន​គង់វង្ស និង​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការបំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់​ការពារ​និង​ក្រៅ​តំបន់​ការពារ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ គោលនយោបាយ និង​ផែនទី​ចង្អុលបង្ហាញ ដើម្បី​ជំរុញ​ការអភិរក្ស និង​ការអភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​ប្រកបដោយ​និរន្តរភាព​។

​លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា៖ «​សំណង់​អគារ​បេតិកភណ្ឌ​ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល កែប្រែ​រូបរាង ឬ​វាយ​កម្ទេចចោល ត្រូវ​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​»​។

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ទៅគ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ​អនុវត្តតាម​សារាចរ​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

វីដេអូ៖