The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ព្រៃឈើ​ព្រមាន​ចាត់វិធានការ​ច្បាប់​ភ្លាមៗ ករណី​ចាប់បាន​បុគ្គល​ណាមួយ​ចូលទៅ​ក្រៀវ​ដើម​អាកាស្យា​នៅ​ជើងភ្នំ​គូលែន




មន្ត្រី​ព្រៃឈើ​ព្រមាន​ចាត់វិធានការ​ច្បាប់​ភ្លាមៗ ករណី​ចាប់បាន​បុគ្គល​ណាមួយ​ចូលទៅ​ក្រៀវ​ដើម​អាកាស្យា​នៅ​ជើងភ្នំ​គូលែន

Content image - Phnom Penh Post
ឈើ​ដែល​មន្ត្រី​ព្រៃឈើ​ឃាត់​ពីថ្ងៃ​ទី​ ១២ តុលា ក្រោយ​កាប់​និង​ដឹក​ចេញពី​តំបន់​ការពារ​ភ្នំ​គូលែន​។ រូប FB

មន្ត្រី​ព្រៃឈើ​ព្រមាន​ចាត់វិធានការ​ច្បាប់​ភ្លាមៗ ករណី​ចាប់បាន​បុគ្គល​ណាមួយ​ចូលទៅ​ក្រៀវ​ដើម​អាកាស្យា​នៅ​ជើងភ្នំ​គូលែន

សៀមរាបៈ រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ព្រមាន​អនុវត្ត​ច្បាប់​ភ្លាមៗ ប្រសិនបើ​ឃាត់​បាន​បុគ្គល​ណា​ចូលទៅ​លួច​គ្រៀវ​ដើមឈើ​អាកាស្យា​នៅ​ជើងភ្នំ​គូលែន ដែល​រដ្ឋបាល​ព្រៃឈើ​កំពុង​គ្រប់គ្រង​ថែរក្សា ហើយ​អ្នក​ដែល​ចូល​ទៅយក​ឈើ​អុស​ចេញពី​ចម្ការ​អាកាស្យា​ក៏​នឹង​ត្រូវ​អនុវត្ត​ច្បាប់​ដូចគ្នា ប្រសិនបើ​រកឃើញ​ថា ធ្វើ​កិច្ចសន្យា​ម្តង​ហើយ​មិន​ព្រម​ឈប់​។

លោក​ ឡុង សារ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ថ្លែង​នៅ​ថ្ងៃទី​ ១២ ខែតុលា ថា ប្រសិនបើ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឃាត់​បាន​បុគ្គល​ណាមួយ​ចូលទៅ​គ្រៀវ​ដើម​អាកាស្យា​ទុកឱ្យ​ងាប់ ធ្វើឱ្យ​បាត់បង់​ព្រៃឈើ ដែល​បាន​ដាំ​ឡើងវិញ​របស់​រដ្ឋ​ប្រមាណ​ ៨៥០ ​ហិកតា នៅ​ជើងភ្នំ​គូលែន នឹង​ធ្វើការ​អនុវត្ត​ច្បាប់​ភ្លាមៗ​។ ចំណែក​អ្នក​ដែល​ចូល​ដឹកអុស​ចេញពី​ចម្ការ​អាកាស្យា ក៏​នឹងត្រូវ​អនុវត្ត​ច្បាប់​ដូចគ្នា ប្រសិនបើ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ហើយ​នៅតែ​ប្រព្រឹត្ត​។

លោក​ ឡុង សារ៉ា ឱ្យដឹងទៀតថា នៅ​ថ្ងៃទី​ ១២ ខែតុលា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់​រ៉ឺម៉ក​ម៉ូតូ​ចំនួន​ ២ ​គ្រឿង និង​មនុស្ស​ ២ ​នាក់​ នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​ស្រុក​បន្ទាយស្រី ខណៈ​ពួកគេ​ដឹកឈើ​ចេញពី​ចម្ការ​ឈើ ដែល​រដ្ឋបាល​ព្រៃឈើ​កំពុងធ្វើការ​គ្រប់គ្រង​ថែរក្សា​។ ក្រោយពី​ធ្វើការ​អប់រំ​ណែនាំ ពលរដ្ឋ​ទាំង ២ ​នាក់ ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទៅផ្ទះ​វិញ​។

លោក​ថ្លែងថា​៖ «​ចម្ការ​ឈើ ដែល​រដ្ឋ​យើង​ដាំ​នៅ​ជើងភ្នំ​គូលែន មាន​អ្នក​ទៅ​លួច​គ្រៀវ ហើយ​ដើមឈើ​នោះ​វា​ងាប់ ហើយ​ពួកគាត់​ (​ពលរដ្ឋ​) ​ហ្នឹង​បាន​ទៅ​ចូលក្នុង​ចម្ការ​ហ្នឹង​ប្រមូល​យកមក ហើយ​យើង​ក៏​ឃាត់​សួរនាំ​សួរ​អី ធ្វើ​កិច្ចសន្យា​កុំឱ្យ​គាត់​ទៅ​រុករាន​នៅក្នុង​ចម្ការ​ហ្នឹង​ទៀត​»​។

លោក​ ឡុង សារ៉ា មិនបាន​បញ្ជាក់​ច្បាស់​ពី​អត្តសញ្ញាណ​បុគ្គល​ ២ ​រូប​ដែល​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ឃាត់ ធ្វើការ​អប់រំ​ណែនាំ​នោះទេ ប៉ុន្តែ​លោក​ប្រាប់ថា ពួកគេ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី​។

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បញ្ជាក់ថា ថ្វីបើ​ដឹងថា ប្រជាពលរដ្ឋ​បាន​ដឹកអុស​ចេញពី​ចម្ការ​ឈើ​នៅ​ជើងភ្នំ​គូលែន​ក៏ដោយ ក៏​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មិនអាច​សន្និដ្ឋាន​បាន​ថា​ពួកគាត់​ទាំងនោះ​ជា​អ្នក​លួច​ចូលទៅ​គ្រៀវ​ដើមឈើ​នោះដែរ​។ ទោះ​យ៉ាងណា​នៅ​ទីនោះ មន្ត្រី​ជំនាញ​តែង​មាន​ការយាមកាម ល្បាត​ធ្វើការ​ថែរក្សា​ជាប្រចាំ គ្រាន់តែ​មិនបាន​ជួប​អ្នក​ដែល​លួច​ទៅ​គ្រៀវ​ដើមឈើ​នៅ​ទីនោះ​។

លោក​ថ្លែងថា​៖ «​អ្នក​គ្រៀវ បើសិនជា​យើង​ទៅ​ទាន់​ចាប់បាន អាហ្នឹង​មានទោស​ហើយ ប៉ុន្តែ​បើ​យើង​ចាប់​នៅ​ខាងក្រៅ គាត់​ចេញពី​ក្នុង​ហ្នឹង យើង​អត់​អាច​សន្និដ្ឋាន​បាន​ថា អ្នកណា​គ្រៀវ​នោះទេ​»​។

បើតាម​លោក​ ឡុង សារ៉ា ករណី​បែប​នេះ កន្លងមក​ក៏​ធ្លាប់មាន​កើតឡើង​ច្រើនដង​ផងដែរ ប៉ុន្តែ​ក្រោយ​ធ្វើការ​អប់រំ​ណែនាំ អ្នក​ទាំងនោះ​មិនដែល​ចូលទៅ​ដឹកអុស ហើយ​ត្រូវ​មន្ត្រី​ជំនាញ​ឃាត់​បានជា​លើក​ទី​ ២ ​នោះទេ​។

លោក​ ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែតុលា ថា​ជារួម​ការងារ​របស់​រដ្ឋបាល​ព្រៃឈើ មិន​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ស្រុក​នោះទេ ព្រោះ​រដ្ឋបាល​ព្រៃឈើ​មាន​រចនាសម្ព័ន្ធ​ដាច់​ដោយឡែក ទោះបីជា​ទីតាំង​ឈរជើង​នៅ​ក្នុងស្រុក​បន្ទាយស្រី​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​គាត់​មាន​ផែនទី​រដ្ឋបាល​របស់​គាត់ ដែលមាន​ខណ្ឌ មាន​សង្កាត់ មាន​ផ្នែក​របស់គាត់​។ ចំពោះ​ការសម្របសម្រួល​យើង​នៅតែមាន​យន្តការ​តាម​គណៈបញ្ជាការ​ឯកភាព​ស្រុក​។ យើង​អាច​សម្របសម្រួល​ជាមួយ​គាត់​បាន បើសិន​មាន​បញ្ហា​ណាមួយ​កើតឡើង​រវាង​ប្រជាពលរដ្ឋ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​»​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ថ្លែង​នៅ​ថ្ងៃទី​ ១៣ តុលា ថា ក្នុងករណី​បែបនេះ បើសិន​ជា​ព្រៃឈើ​ស្ថិតក្នុង​តំបន់​ហាមឃាត់ ហើយ​ដើមឈើ​មិនទាន់​ងាប់​ពលរដ្ឋ​ចូលទៅ​គ្រៀវ ឬ​កាប់​យក​នោះ​អាច​នឹង​ត្រូវមាន​ការចោទប្រកាន់​។ មន្ត្រី​ជំនាញ​អាច​នឹង​អនុវត្ត​ច្បាប់ ប៉ុន្តែ​បើសិនជា​ឈើ​អុស​ងាប់​នោះ​ប្រាកដ​ជា​មាន​ការអនុគ្រោះ​មិន​ខាន​។

លោក​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ គួរតែ​យកចិត្ត​ទុកដាក់​ក្នុង​ការការពារ​ឱ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​ហាមឃាត់​នូវ​ជនខិលខូច​ដែល​ទៅ​ចូល​ទន្ទ្រាន​នៅក្នុង​តំបន់​នោះ កុំ​ចាំ​ដល់​មាន​ការកាប់បំផ្លាញ​រួចហើយ​ទើប​ទៅធ្វើ ការចាប់​អនុវត្ត​ច្បាប់​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យមាន​ការការពារ ឱ្យ​ច្រើនជាង​បង្ក្រាប​។ អ៊ីចឹង​ត្រូវ​រារាំង​យ៉ាងម៉េច​កុំឱ្យ​មាន​ការចូលទៅ​កាប់បំផ្លាញ​ហ្នឹង ជាជាង​ឱ្យមាន​ការកាប់បំផ្លាញ​ហើយ​ទើប​ចាត់​វិធានការ អាហ្នឹង វា​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ព្រៃឈើ​ផង និង​មាន​ការពិបាក​ក្នុង​ការចាត់​វិធានការ​ផងដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍