ភ្នំពេញៈ អង្គការ​សហប្រជាជាតិ (UN) បាន​វាយតម្លៃ​ខ្ពស់​ និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកកម្ពស់​សុខភាព​សាធារណៈ ក្នុង​អំឡុង​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ ដែល​កើតមាន​ឡើង​ជា​សកល​។ ក្នុងពេល​ជាមួយ​គ្នា​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ច្បាម​យក​ឱកាស​នេះ​ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស្ថានភាព​នាពេល​អនាគត តាមរយៈ​ការវិនិយោគ​លើ​ប្រព័ន្ធ​ធានា​សន្តិសុខ​ផ្នែក​សុខភាព ឆ្លើយតប​កាន់តែ​រឹងមាំ និង​កសាង​ប្រព័ន្ធ​ដែល​កាន់តែ​ប្រសើរ និង​កាន់តែ​មាន​ភាពធន់​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ UN នៅ​ថ្ងៃទី​ ១៣ តុលា​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ «​សុខភាព និង​ការឆ្លើយតប​ចំពោះ​ជំងឺ​កូដ​ ១៩» របស់ UN បាន​លើកឡើងថា ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​កម្ពុជា​បាន​បង្ក​ការរំខាន​ដល់​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រាប់បញ្ចូល​ទាំង​សុខុមាលភាព​ផ្លូវកាយ ផ្លូវចិត្ត និង​សង្គម​របស់​សហគមន៍​ផងដែរ​។ កន្លងមក​មាន​ការរាយការណ៍​ពី​ការឆ្លង​ជំងឺ​នេះ​ជាង ១១៥ ៣៣៥ ​ករណី និង​មាន​ការបាត់បង់​ជីវិត​ចំនួន ២ ៥៤៤ ​ករណី​។ បញ្ហា​ប្រឈម​ក្នុង​ការឆ្លើយតប​ចំពោះ​ការរាតត្បាត​ជា​សកល​កើតមាន​ស្រដៀងៗ​គ្នា​នៅតាម​ប្រទេស​នានា ដូចជា​ការលេចឡើង​នូវ​ពពួក​វីរុស​បំប្លែង​ថ្មី ដែល​កាន់តែ​ងាយ​ឆ្លង​ជាមុន​។ ទោះជា​យ៉ាងនេះ​ក្តី បញ្ហា​ប្រឈម​ទាំងនេះ​ក៏​នាំមក​នូវ​កាលានុវត្តភាព សម្រាប់​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា និង​ប្រព័ន្ធ​ផ្សេងទៀត​ផងដែរ​។ ការវិនិយោគ​លើ​កាលានុវត្តភាព​ទាំងនេះ​នឹង​ផ្តល់នូវ​ផល​សាយភាយ​រាប់​ឆ្នាំ​ទៅមុខទៀត​។

UN ថា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ច្បាម​យក​ឱកាស​នេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស្ថានភាព​នាពេល​អនាគត តាមរយៈ​ការវិនិយោគ​លើ​ប្រព័ន្ធ​ធានា​សន្តិសុខ​ផ្នែក​សុខភាព​ ដើម្បី​ឱ្យ​ការឆ្លើយតប​កាន់តែ​រឹងមាំ និង​កសាង​ប្រព័ន្ធ​ដែល​កាន់តែ​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ និង​កាន់តែ​មាន​ភាពធន់​។ «​អង្គការ​សហប្រជាជាតិ​សូម​វាយតម្លៃ​ខ្ពស់​ដល់​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើក​កម្ពស់​សុខភាព​សាធារណៈ និង​បាន​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងអំឡុងពេល​ដែលមាន​ការរាតត្បាត​ជា​សកល​កើតមានឡើង​តាមរយៈ​ការផ្ដល់​ជា​ដំបូន្មាន​ផ្នែក​គោលនយោបាយ កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ស្របតាម​គោលការណ៍​ណែនាំ​បច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក ការសម្របសម្រួល​ដៃគូ និង​ទីភ្នាក់ងារ​នានា ការបណ្តុះបណ្តាល និង​ការអនុវត្ត​កិច្ចលទ្ធកម្ម​ជាដើម​»​។ UN បញ្ជាក់​។

បើតាម UN ដើម្បី​អាច​រកឃើញ​វីរុស SARS-CoV.2 ដែលជា​វីរុស​បង្ក​ជំងឺ​កូវីដ​ ១៩ ​ឱ្យ​កាន់តែ​ទាន់​ពេលវេលា ក្នុងនាម​ជា​ដៃគូ​សហការ​អនុវត្ត​ការងារ​ផ្ទាល់ UN ​បាន​គាំទ្រ​ដល់​ក្រសួងសុខាភិបាល​ក្នុង​ការបង្កើន​សមត្ថភាព​ធ្វើ​រោគវិនិច្ឆ័យ​ក្នុង​មន្ទីរពិសោធន៍ តាមរយៈ​ការផ្តល់​ជា​ដំបូន្មាន​បច្ចេកទេស​យុទ្ធសាស្ត្រ​ស្តីពី​ការធ្វើ​តេស្ត ការបណ្ដុះបណ្ដាល និង​ការអនុវត្ត​កិច្ចលទ្ធកម្ម (​ក្នុង​ថវិកា​ជាង ២ លាន​ដុល្លារ​)​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២១ មន្ទីរពិសោធន៍​ចំនួន ១២ អាចធ្វើ​តេស្ត​ចំនួន ១២ ០០០ ​សំណាក​ក្នុង​ ១ ​ថ្ងៃ បើ​ធៀប​នឹង​ស្ថានភាព​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ដែលមាន​មន្ទីរពិសោធន៍​តែ​ ១ និង​អាចធ្វើ​តេស្ត​បាន ត្រឹមតែ ៥០០ ​សំណាក​ក្នុង​ ១ ​ថ្ងៃ​។ បច្ចុប្បន្ននេះ​បន្ថែម​លើ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​អាចធ្វើ​តេស្ត​កំណត់​លំដាប់​ហ្ស៊ែន (genome sequencing) ទាំងស្រុង​លើ​វីរុស SARS-CoV.2​។ ការវិនិយោគ​ទាំងនេះ​នឹង​បង្កើន​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការកំណត់​រក​ពពួក​វីរុស​បំប្លែង​ថ្មី​នៃ​រុស-SARS-CoV.2 ព្រមទាំង​មេរោគ​ថ្មីៗ​ដទៃទៀត​ដែល​អាច​លេចចេញ​ជា​បន្តបន្ទាប់​។

UN ​រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​បាន​គាំទ្រ​ដល់​ក្រសួងសុខាភិបាល​ក្នុង​ការពង្រឹង​សមត្ថភាព​ក្នុងស្រុក​ក្នុង​ការកំណត់​រក​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅតាម​ភូមិ​ស្រុក ធ្វើការ​វាយតម្លៃ​ហានិភ័យ និង​ឆ្លើយតប​ចំពោះ​ករណី​ផ្ទុះ​ជំងឺ​។ ក្រុម​ឆ្លើយតប​រហ័ស (RRT) ដែលមាន​សមាជិក​ប្រមាណ ៣ ០០០ នាក់​បាន​ទទួល​ការបណ្តុះបណ្តាល​អំពី​ជំងឺ​កូវីដ​ ១៩ កាលពី ឆ្នាំ​ ២០២០ ក្នុងនោះ​ជិត ២០ ​នាក់​បាន​ផ្លាស់​ពី​តាម​ខេត្ត​មកជួយ​បំពេញការងារ​ដល់​ក្រុម​តាមរក​អ្នក​ប៉ះពាល់​នៅ​ថ្នាក់ជាតិ​ចន្លោះ​ពី​ខែកុម្ភៈ​ដល់​ខែកក្កដា ឆ្នាំ​ ២០២១ ដើម្បី​ជួយផ្ដល់​ការគាំទ្រ​ដល់​ការឆ្លើយតប​ចំពោះ​ការរាតត្បាត​ជា​សកល​នេះ​។

«​ពួកគេ​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្ទាល់​ក្នុង​អំឡុងពេល​អនុវត្ត​ការងារ​រយៈពេល ៤ ដល់ ៦ ​សប្ដាហ៍​នៅ​នាយកដ្ឋាន​ត្រួតពិនិត្យ​ជំងឺឆ្លង (​នៃ​ក្រសួង​សុខាភិបាល​)​។ បច្ចុប្បន្ន​សមាជិក​ក្រុម​ឆ្លើយតប​រហ័ស ដែល​បានទទួល​ការបណ្ដុះបណ្ដាល​ទាំងនេះ​បំពេញ​តួនាទី​ជា​ប្រធាន​ក្រុម​តាមដាន​រក​អ្នក​ប៉ះពាល់ និង​ឃ្លាំមើល​អ្នកជំងឺ​នៅ​តាម​ខេត្ត​រៀងខ្លួនៗ​របស់​ពួកគេ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​»​។

បើតាម UN ​ខណៈពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ចំនួន​មណ្ឌល​ព្យាបាល​ជំងឺ​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ប្រទេស ដែល​ក្នុងនោះ​មាន​ទាំង​មណ្ឌល​ព្យាបាល​ធំៗ តាម​តំបន់​ផងដែរ អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​អនុវត្ត​កិច្ចលទ្ធកម្ម ដើម្បី​ទិញ​សម្ភារ​ផ្គត់ផ្គង់​សំខាន់ៗ ដូចជា​សហការ​ពារ​ខ្លួន (​ក្នុង​ថវិកា​ ១,៨ ​លាន​ដុល្លារ​) ព្រមទាំង​ឱសថ​ជា​សារវន្ដ និង​បរិក្ខារ​ផ្គត់ផ្គង់​អុកស៊ីហ្ស៊ែន ( ថវិកា ៨២០ ០០០ ​ដុល្លារ​) សម្រាប់​ផ្តល់ជូន​មណ្ឌល​ព្យាបាល​ទាំងនេះ​។ UN ក៏បាន​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​ភ្នាក់ងារ​ថែទាំ​សុខភាព​ជួរមុខ រាប់បញ្ចូល​ទាំង​អ្នកផ្តល់​សេវា​សង្គ្រោះបន្ទាន់​ផងដែរ អំពី​វិធានការ​គ្រប់គ្រង​គ្លីនិក និង​ការបង្ការ ត្រួតពិនិត្យ​ការឆ្លង​រោគ (IPC)​។

UN បញ្ជាក់ថា​៖ «​គិត​រហូត​មក​ដល់ពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោច​ណាស់​ ១ ​ដូស​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​បាន​ជាង ៩៨% ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ដែល​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង ច្រើនជាងគេ​មួយ​នៅ​ទូទាំង​សកលលោក​។ ទោះជា​យ៉ាងណាក៏ដោយ នេះ​មិនមែន​ជា​ពេលដែល​យើង​ត្រូវ​បណ្តែតបណ្តោយ​នោះឡើយ​។ វីរុស​បំប្លែង​ថ្មី​ដែលតា ឆ្លង​លឿន​ជាង​ពពួក​វីរុស​បំប្លែង​ថ្មី​មុនៗ និង​នាំឱ្យមាន​ការផ្ទុះ​ការឆ្លង​ជំងឺ និង​ដាក់​សម្ពាធ​យ៉ាងច្រើន​លើសលប់​ដល់​មន្ទីរពេទ្យ​នានា​នៅក្នុង​ប្រទេស​ផ្សេងទៀត​»​។

UN លើកឡើងថា ការបន្ត​ឆ្លង​ជំងឺ​នាពេលនេះ​អាច​នាំឱ្យ​មាន​ការលេចចេញ​នូវ​ពពួក​វីរុស​បំប្លែង​ថ្មី ដែល​អាច​បង្ក​ការគំរាមកំហែង​នៅ​គ្រប់ពេលវេលា​ទាំងអស់​។ UN ជំរុញ​ឱ្យ​មាន​ការបន្ត​វិនិយោគ​លើ​ប្រព័ន្ធ​ឃ្លាំមើល និង​ឆ្លើយតប​នៅ​ថ្នាក់​ខេត្ត ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ខេត្ត​រកឃើញ​ករណី​នានា​បាន​កាន់តែ​ឆាប់រហ័ស និង​ឆ្លើយតប​ចំពោះ​ចង្កោម​ករណី ដោយ​ប្រើប្រាស់​វិធានការ​ផ្តោត​ចំ​គោលដៅ​ផ្ទាល់​នៅនឹង​កន្លែង​ដែលមាន​ករណី​ផ្ទុះ ដែល​នឹង​ជួយ​កាត់បន្ថយ​ការរំខាន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ឱ្យនៅ​តិច​ជា​អប្បបរមា​។

បច្ចុប្បន្ន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​អនុវត្ដ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩ ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​ទ្រង់ទ្រាយ​ធំ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១១ ខែតុលា ឆ្នាំ​ ២០២១ ខណៈដែល​ដំណើរការ​ចាក់​វ៉ាក់សាំង​ជុំ​ទី​ ១ បាន​ជិត​សម្រេច​តាម​ផែនការ​កំណត់​ចំនួន ១០ លាន​នាក់​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ធ្វើជា​អធិបតី​បើក​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ នៅក្នុង​ភូមិសាស្ត្រ​រាជធានី-ភ្នំពេញ ដោយបាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ចាត់ទុក​នយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏សំខាន់​មួយ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​ ១ សំខាន់​ជាងគេ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះដែរ​ថា ការគិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ គោលនយោបាយ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ​ ២០២១​។ «​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ ចាប់​ផ្តើមឡើង​ពីថ្ងៃ​ទី​ ១១ ខែតុលា នេះ​»៕