កំពតៈ អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ទីតាំង​បន្ថែមចំនួន​ ៥ ​កន្លែង នៅ​ខាងក្រៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​ក្នុង​ខេត្តកំពត ដែល​សត្វក្រៀល​ធ្លាប់បាន​ចុះ​មករក​ចំណី ត្រូវ​បាន​សង្កេតឃើញ​បាត់​វត្តមាន​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​ឆ្នាំ​ ២០២១ ដោយហេតុ​សកម្មភាព​មនុស្ស និង​ការអភិវឌ្ឍ​។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១២ ខែតុលាថា កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកអភិរក្ស​វ័យក្មេង​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅលើ​ទីតាំង​មួយចំនួន​ដែល​ធ្លាប់មាន​វត្តមាន​សត្វ​ក្រៀល ដែល​ត្រូវបាន​គេ​ជឿថា​ជា​កន្លែង​ផ្ដល់​ចំណី​បន្ថែម​ក្នុង​រដូវ​មិន​បន្ត​ពូជ​នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ខេត្តកំពត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បានឱ្យ​ដឹងថា​៖ «​ការសិក្សា​នេះ​បាន​ពិនិត្យមើល​ទៅលើ​សកម្មភាព​របស់​មនុស្ស​ដែលជា​កត្តា​គំរាមកំហែង​នឹង​អាច​ជះឥទ្ធិពល​លើ​ឥរិយាបថ​របស់​សត្វ​ក្រៀល​នៅក្នុង​ការជ្រើសរើស​ទីតាំង​រក​ចំណី​ផងដែរ​»​។

ការប្រមូល​ទិន្នន័យ​ដោយ​ផ្អែកលើ​មន្ត្រី​ឧទ្យានុរក្ស និង​ក្រុម​ជីវចម្រុះ​នៅ​មូលដ្ឋាន​បាន​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ការរក​ចំណី​របស់​សត្វ​ក្រៀល​នៅ​ខាងក្រៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​ដែលមាន​ទីតាំង​សំខាន់ៗ​ចំនួន ៥ ​កន្លែង ដូចជា ភ្នំ​ទឹក ព្រះ​ត្រហឹង កោះ​ទន្សែ កោះ​តាយ៉យ និង​កោះ​កណ្ដាល​។ ភ្នំ​ទឹក ព្រះត្រហឹង និង​កោះ​តាយ៉យ ជា​តំបន់​ដែល​គ្របដណ្តប់​ដោយ​រុក្ខជាតិ​ប្លុង ដែលជា​ចំណី​របស់​សត្វ​ក្រៀល​។ ចំណែក កោះ​ទន្សែ និង​កោះ​កណ្តាល គឺជា​តំបន់​វាលស្រែ ដែល​អាច​ផ្គត់ផ្គង់​គ្រាប់ស្រូវ​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​អាហារ​សំខាន់​របស់​សត្វ​ក្រៀល​ផងដែរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ឱ្យដឹងថា​៖ «​ទោះជា​វត្តមាន​រុក្ខជាតិ​ប្លុង និង​ស្រូវ​ដែល​ជា​ចំណី​សំខាន់​របស់​សត្វក្រៀល​ត្រូវបាន​កត់ត្រា​នៅ​តំបន់​ទាំងនេះ​ក៏ដោយ លទ្ធផល​ពី​ការប្រមូល​ទិន្នន័យ​បានបង្ហាញ​ឱ្យឃើញថា​ចំនួន​សត្វក្រៀល​ដែល​ប្រើប្រាស់​ទីតាំង​រក​ចំណី​ទាំង​ ៥ នេះ មាន​ការថយ​ចុះមក​ស្ទើរតែ​គ្មាន​សត្វក្រៀល​នៅ​ឆ្នាំ​ ២០២១»​។

អង្គការ​នេះ​បន្តថា ក្នុងចំណោម​ទីតាំង​ទាំង​ ៥ ភ្នំ​ទឹកជា​តំបន់​ដែល​ធ្លាប់​កត់ត្រា​វត្តមាន​របស់​សត្វ​ក្រៀល​ប្រហែល ៥០ ​ភាគរយ​នៃ​ចំនួន​សត្វ​ក្រៀល​សរុប​ដែល​មាននៅ​តំបន់​អន្លង់ព្រីង ហើយ​សត្វ​ក្រៀល​នៅតែ​បន្ត​មាន​វត្តមាន​នៅទីនេះ​ក្នុង​ឆ្នាំ​ ២០២១ ​នៅឡើយ​។ លទ្ធផល​នេះ​បង្ហាញថា ភ្នំ​ទឹកជា​ទីតាំង​សំខាន់​បំផុត​ក្នុង​ចំណោម​ទីតាំង​ទាំង​ ៥ ក្នុង​ការផ្ដល់​ចំណី​ដល់​សត្វ​ក្រៀល​ក្រៅពី​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​។

លទ្ធផល​សិក្សា​ក៏បាន​បង្ហាញថា​សកម្មភាព​រំខាន​ភាគច្រើន​គឺ​បង្កដោយ​មនុស្ស​នៅក្នុង​តំបន់ និង​នៅ​ជិត​តំបន់​រក​ចំណី ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការជ្រើសរើស​តំបន់​រក​ចំណី​របស់​សត្វ​ក្រៀល​។ សកម្មភាព​រំខាន​របស់​មនុស្ស​ត្រូវបាន​កត់ត្រា​នៅក្នុង​ទីតាំង​រក​ចំណី​របស់​សត្វ​ក្រៀល​ទាំង​ ៥ រួមមាន​ការនេសាទ ការឃ្វាល​គោក្របី ការអភិវឌ្ឍ ការធ្វើ​ស្រែ​បង្គា និង​ការបាត់បង់​ដី​សើម​ដោយសារ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លំនៅឋាន​ជាដើម​។

អង្គការ​សត្វ​ស្លាប​នេះ​បញ្ជាក់ថា ការអប់រំ​ផ្សព្វផ្សាយ​គួរ​ត្រូវបាន​ធ្វើឡើង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​តំបន់​ដីសើម​នា​តំបន់ភ្នំ​ទឹក តំបន់​ព្រះ​ត្រហឹង និង​កោះ​តាយ៉យ​ក្នុង​ការដើរតួនាទី​ផ្តល់​ជា​ជម្រក និង​ទីតាំង​រក​ចំណី​ដ៏សំខាន់​ដែល​ទ្រទ្រង់​សត្វ​ក្រៀល​ និង​ប្រភេទ​សត្វ​ស្លាប​ដទៃទៀត​។ មុខងារ​របស់​តំបន់ភ្នំ​ទឹក ព្រះត្រហឹង គួរតែ​ត្រូវបាន​ថែរក្សា​ដើម្បី​បន្ត​គាំទ្រ​ដល់​របប​អាហារ និង​ការរស់រាន​របស់​សត្វ​ក្រៀល និង​របស់​បក្សី​ដទៃទៀត​។

អង្គការ​ឱ្យ​ដឹងថា​៖ «​សកម្មភាព​មនុស្ស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កត្តា​គំរាមកំហែង​ដល់​សត្វ​ក្រៀល​នៅ​តំបន់​ទាំងនេះ​ត្រូវតែ​កាត់បន្ថយ និង​គ្រប់គ្រង​ឱ្យ​បានល្អ​ ដើម្បី​ធានាថា​សត្វ​ក្រៀល​អាច​បន្ដ​រក​ចំណី​នៅ​ទីតាំង​ទាំងនេះ​បានយូរ​អង្វែង ដោយ​មិន​ស្ថិតក្រោម​ការគំរាមកំហែង​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១២ ខែតុលាថា ​ដោយសារ​មាន​តម្រូវការ​ដី​កសិកម្ម​ប្រជាពលរដ្ឋ​មួយចំនួន​ទៅ​ទន្ទ្រាន​ប្រើប្រាស់​ដី​នៅ​ទីតាំង​ដែល​សត្វ​ធ្លាប់​រក​ចំណី​ពីមុន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការរំខាន​ទៅដល់​ការរក​ចំណី​របស់​សត្វ​។

លោក​ថ្លែងថា​៖ «​ជា​ដំណោះស្រាយ គឺ​យើង​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការគិតគូរ​រៀបចំ​នូវ​ផែនការ​ក្នុង​ការការពារ និង​អភិរក្ស​។ យើង​ក៏​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ហ្នឹងហើយ​ ជាពិសេស​គឺ​អ្នក​ដែល​ប្រើប្រាស់ និង​អាស្រ័យផល​លើដី​ធម្មជាតិ​ដែលជា​ចម្ការ​ជា​អីហ្នឹង គឺ​សូមឱ្យ​គាត់​ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ ជាពិសេស​ទីតាំង​ដែល​សត្វ​រក​ចំណី​ហ្នឹង គឺ​សូមឱ្យ​គាត់​កុំឱ្យ​មានការ​ប៉ះពាល់ ឬ​ពេលដែល​ឃើញ​សត្វ​ដែល​ចុះ​ទៅរក​ចំណី ឬក៏​ទៅ​ផឹកទឹក​ទៅ​អីហ្នឹង គឺ​សូម​កុំឱ្យ​គាត់​មាន​ការរំខាន​»​។

លោក​ថ្លែងថា សត្វក្រៀល ​គឺជា​ប្រភេទ​សត្វ​កម្រ​ដែល​នៅ​កម្ពុជា​បច្ចុប្បន្ន​នៅសល់តែ​ប្រមាណ​ជិត​ ២០០ ​ក្បាល​ប៉ុណ្ណោះ​។ ទីតាំង​រក​ចំណី​របស់​សត្វ​គឺជា​ផ្នែក​មួយ​ដែល​សំខាន់ ពីព្រោះ​ការអភិរក្ស​សត្វព្រៃ​គឺ​តម្រូវឱ្យ​គិតគូរ​ពី​ដែន​ជម្រក ចំណី និង​ប្រភពទឹក​។

លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ចៀសវាង​ការប្រើប្រាស់​អន្ទាក់ ឬ​ការដាក់​ថ្នាំ​បំពុល​សត្វ​ដែល​នាំឱ្យ​ខូចខាត​ដល់​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ ដែល​ក្នុងនោះ​ប្រភេទ​សត្វ​កម្រ​ជាច្រើន​មាន​តម្លៃ​ជា​សកល​មិនមែន​តែ​សម្រាប់​កម្ពុជា​ដែលមាន​វត្តមាន​សត្វ​ទាំងនោះ​នោះទេ​៕