ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ឱ្យ​ពង្រឹង​យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដោយ​ផ្តោត​សំខាន់​លើ​ការត្រៀម​បង្ការ​ហានិភ័យ​សម្រាប់​ឆ្លើយតប​ទៅនឹង​មុខសញ្ញា​គ្រោះថ្នាក់​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​ជាពិសេស​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និង ជន​មាន​ពិការភាព​។

លោក​ ហ៊ុន សែន បានលើកឡើង​ដូចនេះ​តាមរយៈ​សារលិខិត​ក្នុង​ឱកាស​ទិវាជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​ ២០២១ នៅ​កម្ពុជា ក្រោម​ប្រធានបទ «​បង្កើន​ការត្រៀម​បង្ការ​ហានិភ័យ​គ្រោះមហន្តរាយ ដើម្បី​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ភាពធន់​» ដែល​ក្នុងន័យ​បំផុសស្មារតី​លើកកម្ពស់​ការត្រៀម​បង្ការ ការត្រៀម​រៀបចំ​ទប់ទល់​ទៅនឹង​ព្រឹត្តិការណ៍​អាក្រក់​នានា​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យ​ដឹងថា​៖ «​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ​កន្លងមកនេះ នៅ​ទូទាំង​ពិភពលោក ជំងឺ​រាតត្បាត​កូវីដ​ ១៩ ដែលជា​មុខសញ្ញា​គ្រោះថ្នាក់ គ្រោះមហន្តរាយ​ដ៏កាចសាហាវ​នៅ​មិនទាន់​ធូរស្បើយ​នៅឡើយ​ផង ស្រាប់តែ​គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ការកើនឡើង​កម្ដៅ​ផែនដី​បាន​កើតមាន​បន្ថែម​នៅ​ឆ្នាំ​ ២០២១ ធ្វើឱ្យ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​ជួប​នូវ​គ្រោះមហន្តរាយ ភ្លើង​ឆេះ​ព្រៃ ខ្យល់ព្យុះសង្ឃរា ទឹកជំនន់​ធ្ងន់ធ្ងរ គ្រោះ​រញ្ជួយដី បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស​អស់​ជាច្រើន​»​។

ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃទី​ ១៣ ខែតុលា ជា​រៀងរាល់ឆ្នាំ ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​កំណត់​ស្រប​ជាមួយ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​។ ឆ្នាំនេះ​ជា​ឆ្នាំ​ទី​ ២ នៃ​ការប្រារព្ធ​ពិធី ប៉ុន្តែ​អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ មិនទាន់​ស្រាកស្រាន្ត​ដែលជា ហេតុ​មិនអាច​ឱ្យមាន​ការជួបជុំ​មហាជន​ប្រារព្ធ​ពិធី​នេះ​ឡើង និង​ធ្វើ​យុទ្ធនាការ​អប់រំ​អំពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នោះបាន​ឡើយ​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​បាន​បង្កើត​​សមិទ្ធផល​ជាច្រើន ដូចជា​ការពង្រឹង​ការគ្រប់គ្រង ធនធានទឹក ការស្តារ​ និង​កសាង​រចនាសម្ព័ន្ធ​ស្រោចស្រព អាង​ស្តុក​ទឹក ប្រឡាយ សំណង់​ទ្វារ​ទឹក ប្រព័ន្ធ​រំដោះ​ទឹក​ និង​ទំនប់​ការពារ​ទឹកជំនន់​»​។

ក្រៅពីនេះ មាន​ការពង្រឹង​យន្តការ​តាមដាន​ព្យាករ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជលសាស្ត្រ និង​ឧតុនិយម​ឱ្យ​កាន់តែ​មាន​សុក្រឹតភាព និង​ទាន់ពេលវេលា​ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​ទឹកជំនន់ និង​គ្រោះ​រាំងស្ងួត​។ ធ្វើការ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ ដើម្បី​បង្កើន​ផលិតភាព​ស្រូវ ដំណាំ​ផ្សេងៗ ការប្រើប្រាស់​ពូជ​ដែលមាន​គុណភាព ភាពធន់ និង​ការប្រែប្រួល​អាកាសធាតុ​»​។

លោក​បាន​បន្តទៀតថា ក្នុង​ការឆ្លើយតប សង្គ្រោះបន្ទាន់​គ្រោះមហន្តរាយ រាជរដ្ឋាភិបាល​បាន​ផ្តោត​សំខាន់​ទៅលើ​ការគាំពារ​ដល់​ប្រជាជន​ក្នុង​ពេល​ និង​ក្រោយពេល​គ្រោះមហន្តរាយ​​តាមរយៈ​យន្តការ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមាន​កិច្ចសហការ​ពី​កាកបាទ​ក្រហម​កម្ពុជា​ចលនា​យុវជន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ជាដើម​។

នាឱកាស​នេះដែរ លោក ហ៊ុនសែន ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​អនុវត្ត​វិធាន​សុខាភិបាល «៣ការពារ ៣កុំ​» ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស ហើយ​បើ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​តាម​ការណែនាំ និង​តាម​ទីកន្លែង​ដែល​បាន​កំណត់ដោយ​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​បង្កើត​ភាពស៊ាំ​ចៀស​ផុតពី​គ្រោះមហន្តរាយ​​នៃ​ជំងឺ​រាតត្បាត​កាច​សាហាវ​នេះ​។

លើសពី​នេះ ត្រូវ​បង្កើន​ការយល់ដឹង​អំពី​ឥទ្ធិពល​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ ដោយ​ប្រកាន់ខ្ជាប់​វិធានការ​ត្រៀម​បង្ការ ប្រកបដោយ​ស្មារតី​ភ្ញាក់រឭក​តាម​លំនាំ​ថ្មី និង​ការទទួល​ខុសត្រូវ​ខ្ពស់​នូវ​របៀបរបប​រស់នៅ​​ស្អាត ថែរក្សា សុខភាព​ផ្ទាល់ខ្លួន អនាម័យ​ខ្លួនប្រាណ អនាម័យ​លំនៅឋាន ការទុកដាក់​សំរាម សំណល់​រឹង បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​ជាដើម​។ ការពារ​ថែរក្សា​ប្រព័ន្ធ​ស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធ​រំដោះ​ទឹក ដើម្បី​ការរស់នៅ​ប្រកប​ដោយ​ផាសុកភាព និង​សុខុមាលភាព ចៀសផុត​ពី​គ្រោះមហន្តរាយ​ផ្សេងៗ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល បន្ត​​ចូលរួម​សហប្រតិបត្តិការ កៀរគរ​ធនធាន​ដែល​ចាំបាច់​ ដើម្បី​ធានា​អនុវត្ត​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ឱ្យមាន​ប្រសិទ្ធភាព​សម្រាប់​ភាពធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​អំពាវនាវ​ទៅដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​រួមមាន​បណ្តាញ​សង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​របស់​រដ្ឋ និង​ឯកជន ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​ព័ត៌មាន​ព្យាករ​អាកាសធាតុ កំណើន​ទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់​ផ្សេងៗ និង​សារ​អប់រំ​ការយល់ដឹង​ជា​សាធារណៈ​ពី​វិធានការ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​​ជូន​ដល់​សាធារណជន​ជ្រាប​ទាន់ពេលវេលា​ និង​ឆាប់រហ័ស​។

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បង្ហាញថា ក្នុង​រយៈពេល ៨ ខែ ឆ្នាំ​ ២០២១ មនុស្ស​ប្រមាណ​ជិត ១០០ ​នាក់​បាន​ស្លាប់ និង​ជាង ១៥០ នាក់​រងរបួស​ ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​។

ទិន្នន័យ​ពី​ការប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះមហន្តរាយ​នេះ​បាន​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែសីហា ហេតុការណ៍​អគ្គិភ័យ ខ្យល់​កន្ត្រាក់ និង​រន្ទះ បានធ្វើឱ្យ​មនុស្ស ៩៤ ​នាក់​ស្លាប់ និង​របួស​ចំនួន​ ១៥៨ ​នាក់ ឯ សត្វពាហនៈ​ ៤០ ​ក្បាល​ត្រូវបាន​ងាប់​។

ក្រៅពី​រងគ្រោះ​ដល់​អាយុជីវិត ហេតុការណ៍​អគ្គិភ័យ ខ្យល់កន្ត្រាក់ និង​រន្ទះ​ក៏បាន​ធ្វើឱ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាង ៧ ៨០០ ​ខ្នង និង​សាលារៀន​ផ្សារ អគារ​រដ្ឋបាល​រោងចក្រ​ចំនួន ២២០ ​កន្លែង​ផងដែរ​៕