ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹងថា ​វ៉ាក់សាំង​កូ​វីដ ១៩ ​ប្រភេទ​ស៊ី​ណូវ៉ា​ក់​ចំនួន​ ២ ​លាន​ដូ​ស​ ដែល​​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ និង​ប្រជា​ជន​ចិន​ជូន​មកដល់​រាជរដ្ឋាភិ​បាល​កម្ពុជា នឹងត្រូវ​ដឹក​មក​ដល់​ប្រទេស​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ​១៤ ​ខែតុលា​នេះ ​។

លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខា​ធិការ​ ក្រសួងសុខាភិ​បាល បាន​លើកឡើ​ងថា វ៉ាក់សាំង​កូ​វីដ ១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ចំនួន ​២ លាន​ដូ​ស​ ដែល​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នេះ ​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន មក​ដល់​រាជរដ្ឋាភិ​បាល​កម្ពុជា​ដែល​ត្រូវបាន​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋនិង​ជា​រដ្ឋមន្ត្រីកា​របរទេស​ចិនបាន​សន្យា​ផ្តល់​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ។​

បើតាម​ការ​បញ្ជាក់ពី​លោក​ស្រី ឱ វណ្ណឌី​ន អ្នកនាំ​ពាក្យ​ក្រសួងសុខាភិ​បាល​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី ១១ ​ខែតុលា​កន្លងមក​នេះ​ថា មកទ​ល់ពេ​លនេះ ​កម្ពុជា​ទទួល​បាន​វ៉ាក់​សាំង​សរុប​ជាង ​៣៥ ​លាន​ដូ​ស ​ហើយទាំ​ង​វ៉ាក់​សាំង​ដែលជា​ការបញ្ជា​ទិញ​ដោយរាជ​រដ្ឋាភិបាល​កម្ពុ​ជា និង​វ៉ាក់​សាំង​ជា​ជំនួយ​ផង​ដែរ​៕