The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ជាតិ​អប្សរា ​បន្ត​ចែក​កូនឈើ​តាម​ការស្នើសុំ​ពី​បណ្ដា​ខេត្ត-ក្រុង




អាជ្ញាធរ​ជាតិ​អប្សរា ​បន្ត​ចែក​កូនឈើ​តាម​ការស្នើសុំ​ពី​បណ្ដា​ខេត្ត-ក្រុង

Content image - Phnom Penh Post
កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ​រាប់លាន​ដើមដែ​លត្រូវ​បាន​បណ្ដុះ​នៅ​ក្នុង​តំបន់​អង្គរ​តាំង​ពីឆ្នាំ​២០០៤មក ត្រូវ​បាន​អាជ្ញាធរជាតិ​អប្សរា​បន្ត​ចែក​ចាយ​ដល់សាធារណជន​ដែល​បាន​ស្នើសុំយកទៅ​ដាំនៅ​ទីតាំងវត្ត។ រូប អាជ្ញារធរជាតិអប្សរា

អាជ្ញាធរ​ជាតិ​អប្សរា ​បន្ត​ចែក​កូនឈើ​តាម​ការស្នើសុំ​ពី​បណ្ដា​ខេត្ត-ក្រុង

សៀមរាបៈ កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ​រាប់លាន​ដើម​ដែល​ត្រូវបាន​បណ្ដុះ​នៅក្នុង​តំបន់​អង្គរ​តាំងពី​ឆ្នាំ​ ២០០៤ មក​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ចែកចាយ​ដល់​សាធារណជន​ដែល​បានស្នើ​សុំ​យក​ទៅ​ដាំ​នៅ​ទីតាំង​វត្តអារាម សាលារៀន​ដី​ឯកជន​ និង​ទីតាំង​ផ្សេងៗ​ទៀត​ទាំង​ក្នុង​ខេត្តសៀមរាប​ និង​នៅតាម​បណ្ដា​ខេត្ត-ក្រុង​នានា ដើម្បី​ចូលរួម​ពង្រីក​ផ្ទៃដី​គម្រប​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ឡុង កុសល ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែតុលា​ថា គោលបំណង​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បណ្តុះ​កូនឈើ​ និង​បន្ត​ចែកជូន​ដល់​សាធារណជន​គឺ​ដើម្បី​បណ្តុះ​ស្មារតី​ដល់​ពលរដ្ឋ​ក្នុង​ការចូលរួម​ស្រឡាញ់​ព្រៃឈើ និង​ពង្រីក​គម្រប​ព្រៃឈើ​ផងដែរ​។

លោក​ថា​៖ «​យើង​ដាំ​កូនឈើ​តាំងពី​ឆ្នាំ​ ២០០៤​មក ក្នុង​តំបន់​អង្គរ​យើង​មិនមែន​ដាំ​តែ​ដើមឈើ​ប្រណីត​ទេ​គឺ​ដាំ​ដើមឈើ​ប្រពៃណី យើង​បណ្តុះ​តាំងពី​​ដើមអម្ពិល ដើមត្នោត ដើម​រាំង ស្តៅ ជាដើម និយាយ​រួម កូនឈើ​គ្រប់​ប្រភេទ​​ដែល​យើង​បាន​បណ្តុះ​តាំងពី​ឆ្នាំ​ ២០០៤ មក​បាន​ជាង ២ ​លាន​ដើម​ហើយ​»​។

លោក​បន្តថា​៖ «​មូលហេតុ​ដែល​យើង​បន្ត​ផ្តល់ជូន​កូនឈើ​ដល់​សាធារណជន​យកទៅ​ដាំ​នោះ​សំខាន់​បំផុត​ក្នុង​គោលបំណង​ពង្រីក​នៃ​ផ្ទៃដី​គម្រប​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​យើង​ចង់​បណ្តុះ​ស្មារតី​ចូលរួម​ដាំ​កូនឈើ ថែរក្សា​កូនឈើ ទោះជា​ស្ថិត​ក្នុង​លក្ខណៈ​ឯកជន​ក្តី ជា​លក្ខណៈ​អង្គភាព​ក្តី នេះហើយ​ជា​អត្ថន័យ​សំខាន់​ក្នុង​ការដែល​យើង​បន្ត​ចែក​កូនឈើ​»​។

លោក​បានឱ្យដឹង​ដែរ​ថា ក្នុង​មួយឆ្នាំៗ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ការដាំ​កូនឈើ​រាប់ម៉ឺន​ដើម​ក្នុង​តំបន់​អង្គរ និង​បាន​បន្ត​ចែកជូន​សាធារណជន​រាល់​​ពេលដែល​មាន​ការស្នើសុំ ប៉ុន្តែ​ត្រូវ​​មាន​លក្ខខណ្ឌ​មួយចំនួន​ផងដែរ​។

លោក​ថា​៖ «​លក្ខខណ្ឌ​មិន​ច្រើន​ទេ​​គ្រាន់តែ​យើង​ចង់ដឹងថា តើ​គាត់​យកទៅ​ដាំ​ពិតប្រាកដ​ ឬ​អត់​ពេល​គាត់​ស្នើសុំ​កូនឈើ គាត់​ត្រូវការ​បញ្ជូន​ទីតាំង​ដែល​ខ្លួន​ចង់​ដាំ​មក​ឱ្យ​មន្ត្រី​ពិនិត្យ​​មើល ប្រសិនបើ​ទីតាំងនៅ​ជិតៗ​​ហើយ​ស្នើសុំ​ក្នុង​ចំនួន​ច្រើន​នោះ​ក្រុមការងារ​នឹង​ចុះ​ពិនិត្យមើល​ទីតាំង​ជាក់ស្តែង​តែម្តង​។ ​«​ទី​ ២ ​ពេល​គាត់​ដាំ​ហើយ​ត្រូវតែ​ផ្តល់​រូបភាព​ត្រឡប់​មកឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​»​។

Content image - Phnom Penh Post
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ចែក​កូនឈើ​ដល់​ពលរដ្ឋ​ពីថ្ងៃ​ ១១ តុលា​។ រូបថត អាជ្ញាធរ​ជាតិ​អប្សរា

អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​ដែរ​ថា គិត​ចាប់ពី​ថ្ងៃទី​ ១ តុលា​ដល់​ថ្ងៃទី​ ១១ ​ខែ តុលា ឆ្នាំ​ ២០២១ កូនឈើ​ចម្រុះ​​ចំនួន​ ៥ ១១៤ ​ដើម ត្រូវបាន​ចែកចាយ និង​ប្រគេន​ជូន​ដល់​ព្រះសង្ឃ ព្រមទាំង​ដល់​សាធារណជន ដែល​បាន​ស្នើសុំ​យកទៅ​ដាំ​នៅ​ទីតាំង​វត្តអារាម​សាលារៀន​ដីឯកជន​ និង​ទីតាំង​ផ្សេងៗ​ទៀត​ទាំង​ក្នុង​ខេត្តសៀមរាប និង​បណ្ដា​ខេត្ត-ក្រុង​ក្នុងប្រទេស​កម្ពុជា​។

អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ក្នុងចំណោម​កូនឈើ​ជាង​ ៥ ​ពាន់​ដើម​នោះ​ត្រូវបាន​ប្រគេន​ជូន​ព្រះចៅ​អធិការវត្ត​វេឡុវ័ន​ដោកពោយ​គោកក្រោល​​ចំនួន ១ ១៤០ ​ដើម ដើម្បី​យកទៅ​ដាំបន្ថែម​លម្អ​ក្នុង​បរិវេណ​វត្ត​នេះ ដែល​ស្ថិត​ក្នុង​ភូមិឫស្សី​សាញ់ ឃុំ​ជ្រោយនាងនួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ កូន​​ឈើ​ទាំងនោះ​រួមមាន គគីរ​ ២០០ ​ដើម ឈើទាល​ ៤០០ ​ដើម រំដួល​ ១០០ ​ដើម ថ្កុល​ ២០០ ​ដើម ផ្ញៀវ​ ១០០ ​ដើម គូលែន​ ១០០ ​ដើម និង​មាក់ប្រាង​ ៤០ ​ដើម​។

ប្រគេន​កូនឈើ​ជូន​វត្ត​ព្រះឥន្ទ​កោសីយ៍​ចំនួន​ ១ ២០០ ​ដើម​ដើម្បី​យកទៅ​ដាំ​លម្អ​ក្នុង​បរិវេណ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ជប់​រំដេង ស្ថិត​ក្នុង​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្តសៀមរាប និង​ដាំ​លម្អ​សងខាង​ផ្លូវ​នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​ ៣០០ ​ដើម ធ្នង់​ ៣០០ ​ដើម បេង​ ២០០ ​ដើម គគីរ​ ៣០០ ​ដើម និង​រំដួល​ ១០០ ​ដើម​។

ផ្តល់​កូនឈើ​ជូន​តំណាង​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ៤៤០ ​ដើម ដើម្បី​យកទៅ​ដាំ​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត និង​នៅ​នាយកដ្ឋាន​។ ​កូនឈើ​ទាំងនោះ​រួមមាន ឈើទាល​ ៣០០ ​ដើម រំដួល​ ១០០ ​ដើម និង​ក្ងោក​តូច​ ៤០ ​ដើម​។

ផ្តល់​កូនឈើ​ជូន​លោក ជិន ម៉ារឌី ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ៣៤ ​ដើម ដើម្បី​យកទៅ​ដាំ​នៅ​ដី​ផ្ទាល់ខ្លួន​ស្ថិតនៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ក្រៅពីនោះ នៅមាន​កូនឈើ​ជាច្រើន​ទៀត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ផ្តល់ជូន​ដល់​សាធារជន​យកទៅ​ដាំ​នៅតាម​បណ្តា​ខេត្ត​នានា​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹងថា​​បើ​គិត​ចាប់ពី​ថ្ងៃទី​ ២៣ ខែ សីហា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ១១ ​ខែតុលា ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចែកចាយ កូនឈើ​ចម្រុះ​ដល់​សាធារណជន​ជាង​ ១ ​ម៉ឺន​ដើម​ហើយ​៕

អត្ថបទគួរចាប់អារម្មណ៍