ភ្នំពេញៈ កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា ​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា ​លោក ​ហេង សំរិន ​តាម​ប្រព័ន្ធ​វីដេអូ ​នៅ​ថ្ងៃ​ទី ១៤​ តុលា ​បាន​អនុម័ត​លើ​របៀប​វារៈ​មួយចំនួន​ ក្នុង​នោះ​ក៏មាន​របៀបវារៈ​ទាក់​ទង​នឹង​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ ១ ​សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​ផង​ដែរ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ​ជាលទ្ធផល​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ គឺ​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា ​និង​អនុម័ត​តាម​របៀប​វារៈ​ដោយ​មាន​លទ្ធផល​ក្នុង​នោះ ​អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ​ស្តីពី​វិសោធនកម្ម​មាត្រា​ ១៩ ថ្មី ​មាត្រា​ ​៨២ ថ្មី ​មាត្រា ​១០៦ ថ្មី​ (មួយ) ​មាត្រា ​១១៩ ថ្មី ​និង​មាត្រា​ ១៣៧ ថ្មី ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​និង​មាត្រា ៣ ​និង​មាត្រា ៤ ​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី ​នៃ​ស្ថាប័ន​ជាតិ ​ជូន​ដល់​គណៈកម្មការ​នីតិកម្ម ​និង​យុត្តិធម៌​ នៃ​រដ្ឋសភា ​ពិនិត្យ ​សិក្សា ​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ។

ក្រៅពី​នេះ ​អង្គប្រជុំ ​បាន​អនុម័ត​យល់ព្រម​សំណើ​សុំ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការបំពេញ​បន្ថែម​សមាសភាព​សមា​ជិក​នៃ​រាជរដ្ឋាភិបាល ​ដល់​លោក​ ប៉ា សុជាតិវង្ស ​ជា​ទេសរដ្ឋមន្រ្តី ​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​ដើម្បី​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា ​លើក​ទី៦ ​នីតិកាល​ទី៦ ​ធ្វើការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត។

អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រម​ព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ ​ទាក់ទង​នឹង​ការកាត់​សេចក្តី​នៅ​ក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​ នៃ​កម្ពុជា​ប្រជាធិបតេយ្យ។

ក្រៅពី​នេះ​អង្គប្រជុំ​ក៏បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការរៀបចំ​ក្នុង​ពេល​អន្តរកាល ​និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ ​ជូន​ដល់​គណៈកម្មការ​នីតិកម្ម ​និង​យុត្តិធម៌ ​នៃ​រដ្ឋសភា ​ពិនិត្យ​សិក្សា ​ដោយ​សហការ​ជាមួយ ​គណៈកម្មការ​កិច្ចការ​បរទេស ​សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនា​ការ​និង​ព័ត៌មាន ​នៃ​រដ្ឋសភា ​ហើយ​ធ្វើ​របាយ​ការណ៍​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ។

ជាមួយ​គ្នានេះ ​អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាង​ច្បាប់ ​ស្តីពី ​ភាព​ជាដៃគូ ​រវាង​រដ្ឋ ​និង​ឯកជន ​ជូន​ដល់​គណៈ​កម្ម​ការ​​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​ធនាគារ​ និង​សវនកម្ម ​នៃ​រដ្ឋសភា ​ពិនិត្យ ​សិក្សា​ហើយ​ធ្វើ​របាយ​ការណ៍​ជូន​គណៈកម្មា​ធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ​ផង​ដែរ។

ទាក់ទង​នឹង​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ១​សម្រាប់​មេដឹកនាំ​ស្ថាប័ន​ជាតិ​កំពូល​នេះ ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏បាន​លើកឡើង​តាមរយៈ​ការបញ្ចេញ​មតិ​មួយ ​កាលពី​ថ្ងៃទី ១១ ​ខែ តុលា ​ឆ្នាំ ២០២១ ​នៅលើ​ហ្វេសប៊ុក​ឈ្មោះ ​ចិត្រា អង្គុល្លីមារ ​កែវ ​ដែល​បាន​បង្ហោះ​អំពី​ព្រះ​រាជសារ​របស់​ព្រះមហាក្សត្រ​ ឯកភាព​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចាត់ចែង​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​នេះ។

ក្នុង​ខ្លឹមសារ​នៃ​ការបញ្ចេញ​មតិ​នេះ ​លោក​ ហ៊ុន សែន ​លើកឡើង​ថា​៖ «តាម​ល្បឿន​ដំណើរការ​នេះ​ប្រើ​ពេល​មិនយូរ​ទេ ​ព្រោះ​សេចក្តី​ថ្លែង​ហេតុ ​និង​លិខិត​របស់​នាយករដ្ឋមន្ត្រី ​បានទៅ​ដល់​សភា​រួច​ហើយ។ នេះ​ជាផល​ប្រយោជន៍​យូរអង្វែង​របស់​ជាតិ ​ប្រសិន​គេ​ស្រឡាញ់​ជាតិ​ពិតប្រាកដ​ គេ​មិន​ខ្លាច​លះបង់​សញ្ជាតិ​បរទេស​មក​បម្រើ​ជាតិ​ខ្មែរ​នៅ​ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រី ​ជា​ប្រធាន​រដ្ឋសភា ​ជាប្រធាន​ព្រឹទ្ធសភា ​និងជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទេ»។

«រដ្ឋធម្មនុញ្ញ​ក្រោយ​ធ្វើវិសោធនកម្ម​ បាន​រក្សា​ទ្វារ​ចំហ​សម្រាប់​បងប្អូន​ដែល​មាន​សញ្ជាតិ២ ​ឬ​ច្រើន ​មក​ធ្វើការងារ​ក្រៅពី​តំណែង​ទាំង៤​ខាងលើ។ ដូច​នេះ​បងប្អូន​ដែល​មាន​សញ្ជាតិ​ច្រើន​គ្មាន​អ្វី​ត្រូវ​ខាតបង់​នោះ​ឡើយ ​លើកលែង​តែ​បុគ្គល ​ដែល​ប្រាថ្នា​កាន់​តំណែង​កំពូល​ទាំង ៤ ​ពិសេស​តំណែង​ជានាយក​រដ្ឋ​មន្ត្រី​ដែល​គេ​ចង់​បាន​ជាង ​២០ ឆ្នាំ​មក​ហើយ។ តែ​គេ​មិន​អាច​ទទួលបាន​ដោយ​សារ​ក្បាច់​ទាត់​គេ​បាក់​ជើង​ខ្លួន​ឯង​នាពេល​កន្លង​មក។ ពិសេស​ប្រើ​ក្បាច់​ពិសេស​ចុងក្រោយ​នេះ​ គឺ​ក្បាច់ ​Good bye Prime Minister !»។ លោក​នាយករដ្ឋ​មន្រ្ដី​បញ្ជាក់​តាម​រយៈ​ការបញ្ចេញ​មតិ​ដដែល។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ធម្មនុញ្ញ​បន្ថែម ​ពាក់ព័ន្ធ​នឹង​ការកំណត់​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ ១ ​សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​មាន​ ប្រធាន​រដ្ឋសភា ​ប្រធាន​ព្រឹទ្ធសភា ​នាយករដ្ឋមន្រ្តី ​និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ត្រូវបាន​គណៈរដ្ឋមន្រ្តី​អនុម័ត​ទាំងស្រុង ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ ​កាល​ពី​ព្រឹក​ថ្ងៃទី ៨ ​ខែ តុលា ​ឆ្នាំ ២០២១ ​ហើយ​បាន​បញ្ជូន​បន្ត​ទៅកាន់​រដ្ឋសភា ​សិក្សា​ពិនិត្យ​តាម​នីតិវិធី។

ទោះយ៉ាង​ណា ​រដ្ឋសភា​មិនទាន់​កំណត់​ពេលវេលា ​ដើម្បី​ប្រជុំ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ១​សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​ របស់​ជាតិ​នោះ​ទេ៕