The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីជំនាញពិគ្រោះយោបល់ រកដំណោះស្រាយលើគោលនយោបាយ និងការឆ្លើយតបតម្រូវការក្នុងវិស័យជលផល




មន្ត្រីជំនាញពិគ្រោះយោបល់ រកដំណោះស្រាយលើគោលនយោបាយ និងការឆ្លើយតបតម្រូវការក្នុងវិស័យជលផល

Content image - Phnom Penh Post
ទីផ្សារត្រីនៅក្នុងខេត្តកំពង់ឆ្នាំង។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មន្ត្រីជំនាញពិគ្រោះយោបល់ រកដំណោះស្រាយលើគោលនយោបាយ និងការឆ្លើយតបតម្រូវការក្នុងវិស័យជលផល

​ភ្នំពេញៈ​ អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) និង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ ដោយ​ទទួលបាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប តាមរយៈ​គម្រោង CAP Fish នៅ​ថ្ងៃទី ​១៣ ខែតុលា​នេះ បានធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ដើម្បី​បង្ក​លទ្ធភាព​ដល់​អ្នកតាក់តែង​គោលនយោបាយ​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ និង​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​វិស័យ​ជលផល​ជាពិសេស​ការស្រាវជ្រាវ និង​នវានុវត្តន៍​នៃ​ជលផល​ក្រោយ​ប្រមូល​ផល​នៅ​កម្ពុជា​។

តាមរយៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​តំណាង​ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា វិស័យ​ឯកជន រួម​នឹង​មន្ត្រី​ពី​រដ្ឋបាល​ជលផល​ និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​បានរួម​គ្នា​ពិភាក្សា​អំពី​បញ្ហាសំខាន់ៗ​ដែលជា​មូលដ្ឋានគ្រឹះ​លើ​ការរៀបចំ​បង្កើត​ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ ​និងបច្ចេកវិទ្យា​អាហារ​នៅក្នុង​សិក្ខាសាលា​នេះ​ផងដែរ​។

«​ការបង្កើត​ថ្នាល​ស្រាវជ្រាវ នវានុវត្តន៍ និង បច្ចេកវិទ្យា​អាហារ​នេះ ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយទៀត ដែល​គម្រោង CAP Fish ​នៃ​អង្គការ UNIDO បាន​រៀបចំឡើង​ដើម្បី​បង្ក​លទ្ធភាព​ដល់​អ្នកតាក់តែង​គោលនយោបាយ គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ និង​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លើយតប​នឹង​តម្រូវការ ក្នុង​វិស័យ​ជលផល ជាពិសេស​ការស្រាវជ្រាវ និង​នវានុវត្តន៍​នៃ​ជលផល​ក្រោយ​ប្រមូល​ផល​»​។ នេះ​បើតាមឯកសារ UNIDO​។

UNIDO​ បានឱ្យដឹងថា តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​នេះ គម្រោង CAP​ Fish​ នឹង​ជំរុញ លើកកម្ពស់​ការស្រាវជ្រាវ​និង​នវានុវត្តន៍ សំដៅ​បង្កើត​បច្ចេកវិទ្យា​កែច្នៃ​ផល​ជលផល​ ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក​និង​នាំចេញ​។ ​លើសពីនេះទៅទៀត​ថ្នាល​បច្ចេកវិទ្យា​នេះ ​នឹង​សម្របសម្រួល​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​តាមរយៈ​ការរៀបចំ ​ឬ​កែលម្អ​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​ផល​ជលផល​ក្រោយ​ប្រមូល​ផល ការផ្តល់​មូលនិធិ​សម្រាប់​និស្សិត​ធ្វើ​កម្មសិក្សា និង​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​ជាដើម​។

លោក ពុំ ​សុថា ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ​បាន​ថ្លែងថា ​ឈរលើ​មូលដ្ឋាន​នេះ​លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​ថ្នាល​ស្រាវជ្រាវ​នវានុវត្តន៍​ និង​បច្ចេកវិទ្យា​អាហារ​ដែល​រួមគ្នា​បង្កើត​នាពេលនេះ​ ពិតជា​នឹង​រួមចំណែក​កសាង​អនាគត​មួយ​ប្រកបដោយ​ភាពជោគជ័យ​សម្រាប់​វិស័យ​ជលផល​ជាក់​ជាមិនខាន​។​

លោក​បន្តថា​៖ «​នេះ​ គឺជា​ពេលវេលា​ដ៏​សមស្រប​បំផុត​សម្រាប់​យើង​ប្រកៀក​ស្មា​គ្នា ​ដើម្បី​រៀបចំ​បង្កើត​នូវ​ឯកសារ​លក្ខន្តិកៈ​មួ​យ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ថ្នាល​ស្រាវជ្រាវ​នវានុវត្តន៍ ​និង​បច្ចេកវិទ្យា​អាហារ​មួយ​ដែល​យើង​ចង់បាន​ ដើម្បី​អនាគត​នៃ​ការស្រាវជ្រាវ​ និង​នវានុវត្តន៍​ក្នុង​វិស័យ​ជលផល​»​។​

លោក​ សុខ ​ណារិន ​តំណាង​អង្គការ​ UNIDO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ថ្លែងថា​ ថ្វីបើ​ថ្នាល​ដែល​កំពុង​រៀបចំ​បង្កើត​ឡើង​នេះ​ ស្ថិតនៅក្រោម​ក្របខ័ណ្ឌ​គម្រោង ​CAP Fish ​ក៏ដោយ​ក៏​គំនិត​ផ្តួចផ្តើម​នេះ​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​កម្ពុជា​ ដែលជា​ក្របខ័ណ្ឌ​មួយ​ត្រូវបាន​បង្កើតឡើង​ ដើម្បី​លើកកម្ពស់​ខ្សែ​ច្រ​វាក់ត​ម្លៃ​កសិ-ឧស្សាហកម្ម​ និង​ពិ​ពិធ​ភាវូបនីយកម្ម​ឧស្សាហកម្ម​។

លោក​ថ្លែងថា​៖ «​យើង​ជឿជាក់ថា​គំនិត​ផ្តួចផ្តើម​នេះ​នឹង​រួមចំណែក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​គាំទ្រ​ដល់​ការធ្វើ​ធុរកិច្ច​ និង​បង្កើតបាន​សហ​ចលនា ​(Synergy) ជាមួយ​គម្រោង​មួយចំនួន​ផ្សេងទៀត​ ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​អង្គការ ​UNIDO ជាក់​ជា​ប្រាកដ​។ ​ការអនុវត្ត​អន្តរាគមន៍​ទាំងនេះ ​រួមគ្នា​ពិតជា​នឹង​រួមចំណែក​បង្កើតបាន​ប្រព័ន្ធ​អេកូឡូស៊ី​មួយ​ ដែលមាន​លក្ខណៈ​អំណោយផល​ដល់​អាជីវកម្ម​និង​ធុរកិច្ច​បង្កើត​ថ្មី​យ៉ាង​ប្រាកដ​»​។

បើតាម UNIDO​ តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​នេះ គម្រោង​ CAP Fish​ នឹង​ជំរុញ​លើកកម្ពស់​ការស្រាវជ្រាវ​ និង​នវានុវត្តន៍ សំដៅ​បង្កើត​បច្ចេកវិទ្យា​កែច្នៃ​ផល​ជលផល ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក​និង​ការនាំចេញ​។ តាមរយៈ​ទិន្នន័យ​ផ្លូវការ​ផលិតកម្ម​វារីវប្បកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុងនោះ​សម្រេចបាន​ទិន្នផល​ប្រមាណ ​៣០៧ ៤០៨ ​តោន ​ក្នុង​ឆ្នាំ​ ២០១៩​ ស្មើនឹង ​៣៤% ​នៃ​ផលិតកម្ម​ជលផល​សរុប​នៅក្នុង​ប្រទេស​។

UNIDO បញ្ជាក់ថា​៖ «​យើង​រំពឹងថា ​ផលិតកម្ម​នេះ​នឹង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប្រមាណ ​២០% សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ទៅមុខទៀត​។​ ការរក្សា​កំណើន​នេះ​ក៏ដូចជា​វិស័យ​ជលផល​ទាំងមូល​ បាន​ពឹង​ផ្អែកលើ​សមត្ថភាព​រប​ស់​វិស័យនេះ​ក្នុង​ការទាញយក​ចំណេះដឹង​និង​បច្ចេកវិទ្យា​ដែល​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ​ក្នុងស្រុក​អាច​នឹង​បង្កើតបាន​»​។​

តាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ ​២០១៥-២០២៥ គោលដៅ​សំខាន់​មួយ​របស់​គោលនយោបាយ​នេះ គឺ​ការធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទំនិញ​ដោយ​បង្កើន​ការនាំចេញ​ផលិតផល​មិនមែន​វាយនភ័ណ្ឌ​ឱ្យ​កើន​ដល់ ១៥% នៃ​ការនាំចេញ​ទាំងអស់​នៅ​ឆ្នាំ​ ២០២៥ ខណៈ​បន្ត​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កែច្នៃ​រួច​រួមទាំង​ផលិតផល​ជលផល​ផងដែរ​ឱ្យ​កើន​ដល់ ១២% នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ ២០២៥​។

UNIDO បង្ហាញថា អាជីវកម្ម​ជលផល​នៅ​កម្ពុជា​មិនទាន់មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ហើយក៏​មិនទាន់​ទាញយក​អត្ថប្រយោជន៍​ពី​វិស័យនេះ​ឱ្យអស់​សក្តានុពល​នៅឡើយ​ទេ​។ តម្លៃបន្ថែម​និង​ភាពសម្បូរ​បែប​នៃ​ផលិតផល​កែច្នៃ​ពី​ធនធាន​ជលផល​នៅ​កម្ពុជា​នៅមានកម្រិត​នៅឡើយ​ខណៈដែល​ប្រទេស​នេះ​សម្បូរហូរហៀរ​ដោយ​វត្ថុធាតុដើម​ក៏ដោយ​។​ជាងនេះទៅទៀត​ហាក់បីដូច​ជាមាន​ផលិតផល​នេសាទ​នាំចូល​ច្រើន​នៅលើ​ទីផ្សារ​កម្ពុជា​ដែល​អាច​ផលិត​ក្នុងស្រុក​បាន​។

នេះ​ស​បញ្ជាក់ថា ​ការកែច្នៃ​ធនធាន​ទាំងនោះ មិនទាន់​ត្រូវបាន​ប្រើប្រាស់​អស់​លទ្ធភាព​នៅឡើយ​ទេ​។ កង្វះ​ចំណេះដឹង​និង​បច្ចេកវិទ្យា​កែច្នៃ​និង​ទុកដាក់​ជឿនលឿន កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផ្នែក R&D​កង្វះ​ការយល់ដឹង​អំពី​និន្នាការ​ទីផ្សារ​និង​តម្រូវការ​អ្នកប្រើប្រាស់ និង​ទម្លាប់​ការផលិត​ចំណី​អាហារ​មិន​មាន​គុណភាព» គឺជា​ឧបសគ្គ​មួយចំនួន​ក្នុងចំណោម​ឧបសគ្គ​ជាច្រើន​នៃ​ការសម្រេច​គោលនយោបាយ​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍