ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប) បង្ហាញ​លទ្ធផល​បណ្តោះ​អាសន្ន​ថ្ងៃទី​ ១ (គឺថ្ងៃ ១២ តុលា)នៃការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មីឆ្នាំ ២០២១ ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១០ ៧៦៩ នាក់ ខណៈ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ មា​ន​ចំនួន​ ៣ ២១០ នាក់​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប កាល​ពី​ថ្ងៃទី ១៣ ខែតុលា ​ឱ្យដឹង​ថា ដោយ​ឡែក​សម្រាប់អ្នក​ដែល​បាន​កែ​តម្រូវ​ទិន្ន​ន័យមាន​ចំនួន ២ ១២៧ នាក់ និងអ្នក​ដែល​បាន​ផ្ទេរ​លំនៅ​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ២ ៦៣៣ ​នាក់។

លោក​ សោម​ សូរីដា អ្នក​នាំ​ពាក្យ គ.ជ.ប ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៤ តុលា​ថា ដំណើរ​ការ​នៃ​ការចុះ​ឈ្មោះ​អ្នកបោះ​ឆ្នោតថ្មី និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះក្នុង​រយៈពេល ​១ ថ្ងៃ​ (គឺថ្ងៃ ១២ តុលា) នៅទូទាំង​ ១ ៦៤៦ ឃុំស​ង្កាត់ គឺមាន​ស្ថានភាព​ល្អប្រ​សើរ និង​ប្រព្រឹត្តទៅ​ដោយ​រលូន​។

ទោះជា​យ៉ាង​ណា លោក​ថា នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះអ្នក​បោះឆ្នោត​ថ្មី និង​ពិនិត្យ​បញ្ជី​បោះឆ្នោត​ ក៏បាន​ជួបញ្ហា​ប្រឈ​ម​មួយ​ចំនួន​ដូចជា​ មាន​ភ្លៀង​ធ្លាក់​ច្រើន និង​បញ្ហា​ជំងឺ​កូវីដ ១៩ ដែល​ធ្វើ​ឱ្យចលនា​របស់​ប្រជា​ពលរ​ដ្ឋ​ដែល​មក​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតមិន​សូ​វ​មាន​ច្រើន​កុះ​ករ​នោះទេ។ ប៉ុន្តែ​ វាក៏មាន​ភាព​អំណោយ​ផល​ដល់​ដំណើរ​ការនៃការ​ចុះឈ្មោះ​បោះឆ្នោត​ផង​ដែរ​។

បើតា​ម លោក សោម សូរីដា​ តួលេខ​ដែល​សម្រេច​បាន​ប្រមាណ ​ជាង ១ ម៉ឺន​នាក់​ក្នុង​ ១ ថ្ងៃ​នេះ ​គឺអាច​ទទួល​យក​បាន​ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺកូវី​ដ ១៩ ខណៈ​ដែល​គ.ជ.ប មាន​ផែន​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មីឆ្នាំ​ ២០២១ មាន​ចំនួន​ ១ លាន ៦ សែន​នាក់​នៅទូទាំង​ប្រទេស​។

លោក​ថា គ.ជ.ប នឹង​រៀប​ចំ​ចុះឈ្មោះ​អ្នកបោះ​ឆ្នោត​ជូន​ពល​រដ្ឋឱ្យ​បាន​គ្រប់​គ្នា ស្រប​តាម​ច្បាប់​កំណត់​។

លោក កន សាវាង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត អង្គការ COMFREL បានថ្លែងថា ការ​រៀប​ចំចុះឈ្មោះ និងពិនិត្យ​បញ្ជីឈ្មោះ​បោះឆ្នោត​ នៅ​តាម​គ្រប់​ឃុំសង្កាត់​ មា​នដំ​ណើរ​កា​រល្អ។ ​ប៉ុន្តែ​ក៏មាន​បញ្ហា​ខ្លះដែរ​ ពាក់​ព័ន្ធ​នឹង​ភ្លៀង​ធ្លាក់​ដែល​មិន​អាច​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​បាន និង​ជំងឺ​កូវីដ ១៩ ក៏បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​អាច​ហ៊ាន​ចេញ​ច្រើន​កុះក​រ​ដែរ។

លោក​បន្ត​ថា ពាក់​ព័ន្ធ​នឹង​ផែន​ការ​របស់ គ.ជ.ប​ ដែល​នឹង​ត្រៀម​ចុះឈ្មោះ​អ្នក​បោះឆ្នោ​ត​ថ្មីមាន​ជាង ​១ លាន ៦ សែន​នាក់​ នោះ គឺមិន​អាច​សម្រេច​តាម​ផែន​ការ​នោះទេ​ ព្រោះមាន​ចំនួន​ ចុះឈ្មោះ ​ក្នុង ១ ​ថ្ងៃ​បាន​តែ​ជាង ១ ម៉ឺ​ន​នាក់ ដោយ​យ៉ាង​ហោច​ណាស់​ត្រូវ​ការ​ចុះឈ្មោះ​ថ្មី ឱ្យបាន​ប្រមាណ​ជាង​ ៣ ម៉ឺន​នាក់​ក្នុង ​១​ ថ្ងៃ ទើប​អាច​សម្រេច​បាន​តាម​ផែន​ការ​។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​នេះ គ្រាន់​តែជា​ថ្ងៃដំបូង​ទេ ចាំយើង​នឹង​ពិនិត្យ​មើល​នៅថ្ងៃ​ទី ២ ឬ ទី ៣ បន្ទាប់​ទៀត។ ប៉ុន្តែ​ សម្រាប់ខ្ញុំក៏វាមិន​ច្រើន​លើស​លប់​គ្រប់​ចំនួន​ទាំង​ ១ លាន ៦ សែនហ្នឹង​ទេ ព្រោះ​ប្រជាពលរដ្ឋ​យើង​សព្វ​ថ្ងៃ មានកា​រចំណាក​ស្រុក​ច្រើន បើទោះ​នៅក្នុង​អំឡុងកូ​វី​ដ ១៩ មាន​ប្រជាពលរដ្ឋ​វិល​មក​វិញ​ក៏ដោយ​ និង​នីតិវិ​ធីមួយ​ចំនួន​មិន​ទាន់​ត្រូវ​បាន​កែតម្រូវ​ឱ្យពលរដ្ឋ​ស្នាក់​នៅ​ក្រៅប្រ​ទេស​អាចុះ​ឈ្មោះបា​ន​​»។

លោក​បន្តទៀត​ថា មួយ​ទៀត គឺប្រជា​ពលរដ្ឋ​បាន​ចេញ​ទៅ​ធ្វើ​ស្រែចម្ការ​ និងឯក​សារ​ពាក់ព័ន្ធ​មួយ​ចំនួ​ន​ទៀត​ ក៏ជា​ចំណុច សំខាន់​ផង​ដែរនិង​ជាពិសេស ​គឺកត្តាន​យោបាយ​ក៏ធ្វើឱ្យប្រ​ជាពលរដ្ឋ​បា​ក់ទឹក​ចិត្តក្នុ​ងកា​រចូល​រួម​ចុះឈ្មោះ​បោះឆ្នោ​ត ពីព្រោះ​បើពួក​គាត់​ប្រើ​ប្រាស់​សិទ្ធិទៅ​ចុះឈ្មោះ​បោះ​ឆ្នោត ក៏មិន​​ប្រក​បដោយ​ឆន្ទៈ​ដែរ។

គ.ជ.ប បានរៀប​ចំពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០២១ ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​ ១២ ខែ​តុលា ដល់​ថ្ងៃទី ​៣០ ខែ វិ​ច្ឆិកា ឆ្នាំ​ ២០២១ ក្នុង​ន័យ​ឱ្យ​បញ្ជី​បោះឆ្នោត​ឆ្នាំ ​២០២១ មាន​ភាព​ពេញ​លេញ ​និង​បច្ចុប្បន្ន​ភាព​ សម្រាប់​យក​ទៅបម្រើការ​ឱ្យការ​បោះឆ្នោត​ ក្នុង​ឆ្នាំ ២០២២​៕