ភ្នំពេញៈ រហូត​មក​ទល់​ពេល​នេះ មាន​អង្គភាព​សារព័ត៌មានជាង ២០០ បាន​ចុះ​បញ្ជី​នៅ​​ក្រសួង​ពាណិជ្ជកម្ម បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ព័ត៌មាន​បាន​អនុវត្ត​ប្រកាស​រួម​​ក្នុង​ការ​ចុះបញ្ជី​អង្គភាព​សារព័ត៌មានដែលធ្វើអាជីកម្ម​​រក​ប្រាក់ចំណេញ​​។

​លោក ឱម ដារាឫទ្ធិ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជីពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្មបញ្ជាក់ថា៖ «តាំងពីយើង​បាន​អនុវត្ត​ប្រកាស​រួម​រវាង​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​ពាណិជ្ជកម្មមក​ គឺ​មាន​សារព័ត៌មាន​ជាង ​២០០ ​ហើយ​ដែល​បាន​មក​ចុះ​បញ្ជី​នៅក្រសួង​ពាណិជ្ជកម្ម​។ ខ្លះចុះ​ជា​ក្រុមហ៊ុន ខ្លះ​ចុះ​ជា​សហគ្រាស​ប្រភេទតូចៗ»។

ការ​បញ្ជាក់​របស់​លោក​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​សារព័ត៌មាន​ស្តី​ការចុះបញ្ជីស្ថាប័ន និងអង្គកា​រសារ​ព័ត៌មាន ដែល​រៀបចំ​ដោយ​ក្លិបអ្នកា​សែត​កម្ពុជា​កាល​ពី​ថ្ងៃទី​ ១៤ តុលា។​

កាល​ពី​ថ្ងៃទី​ ២៨ ខែ​ សីហា ឆ្នាំ​ ២០២០ ក្រសួង​ទាំង ​២​ បាន​ចេញ​ប្រកាស​រួម​ស្តីពី​ «ការគ្រប់គ្រងការចុះបញ្ជី​ពាណិជ្ជ​កម្ម និង​កិច្ចការ​ពារ​ម៉ាក និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញាប័ណ្ណ​លើវិស័យ​ព័ត៌មាន និង​សោត​ទស្សន៍»។

ប្រកាស​រួម​នេះ​មាន​គោល​បំណង​ដើម្បីធានាថា​ អត្ត​សញ្ញាណ​អង្គភាព​សារព័ត៌​មាន​មិន​ជាន់​លើអត្ត​សញ្ញាណ​អង្គភាព​សារ​ព័ត៌មាន​ដទៃ​ទៀត និង​ដើម្បី​​ការពារ​ផល​ប្រយោជន៍​របស់​អ្នក​ស្នើសុំ​ចុះប​ញ្ជីពាណិជ្ជ​កម្ម ព្រម​ទាំង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជ​នាម ដែល​បណ្តាល​ឱ្យ​ប៉ះពា​ល់​ដល់​សណ្តាប់​ធ្នាប់​ជា​សាធា​រណៈ សីលធម៌​សង្គម ឬ​ប្រពៃណី​ល្អ​របស់​ជាតិ និង​ម៉ាក​ដែល​មិន​អាច​ចុះប​ញ្ជី​បាន។

លោក​ ឱម ដារា​ឫទ្ធិ បញ្ជាក់​ថា នេះ​គឺជាការ​ចូលរួម​ចំណែក​របស់​អ្នកសារ​ព័ត៌មាន​ដែល​បាន​យល់​ដឹង​អំពី​កាតព្វ​កិច្ច​​ដែលត្រូវ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ហើយ​អង្គភាព​សារព័ត៌មាន​ដែល​មាន​គោល​ដៅ​ធ្វើអា​ជីកម្ម​មាន​កាតព្វ​កិច្ច​ចុះ​បញ្ជី​ ១៥​ ថ្ងៃ មុន​ចាប់​ផ្តើម​អាជីកម្ម​។

លោក​ថ្លែង​ថា៖ «យើង​មិន​រឹតត្បិត​ទៅ​លើ​របបសារ​ព័ត៌មាន​ទេ ក្រសួង​ពាណិជ្ជ​កម្ម​អត់មា​​នភារ​កិច្ច​ទៅប៉ះពាល់​អីទេ។ ក្រសួង​ព័ត៌មាន​គាត់​អ្នក​គ្រប់​គ្រង​អ៊ីចឹង​ទៅ តែ​ក្រសួង​ពាណិជ្ជ​កម្ម​គឺគ្រប់គ្រង​ទៅ​លើ​ពាណិជ្ជករ​ដែល​ជាក្រុមហ៊ុន ឬរូបវន្តបុគ្គលដែល​គាត់​ធ្វើ​អាជីវកម្ម​ដើម្បី​រក​ប្រាក់​ចំណេញ​។ ហ្នឹង​ គឺ​ត្រូវតែ​គោរព​តាមច្បាប់ចុះបញ្ជី​ណាណិជ្ជ​កម្មហ្នឹង​ហើយ និង​ច្បាប់​សហគ្រាស។ នេះ​ជាគោល​ការណ៍​ច្បាប់​ដែល​តម្រូវ​ឱ្យយើង​​ចុះ​បញ្ជី»។

​ម៉ាក និង​ឈ្មោះ​សហគ្រាស​សារព័ត៌មាន​នឹង​ត្រូវបាន​ការ​ពារ​ដោយ​ច្បាប់​ បន្ទាប់ពី​​​ត្រូវបាន​ចុះ​បញ្ជី គឺ​មិន​អាច​មាន​បុគ្គល​ណា​​យកឈ្មោះ​ដូច​គ្នា​ឬស្រដៀង​គ្នានឹង​អង្គភាព​សារព័ត៌មាន​មួយទៀត​​ទៅ​ប្រើប្រាស់​នោះទេ។ ការ​ចុះ​បញ្ជី​នេះ​មិនមាន​ការ​លំបាក ហើយ​ក៏​មិន​ចំណាយ​ថវិកា​ច្រើន​នោះ​ដែរ ព្រោះ​​ធ្វើឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូ​និក និងចុះ​បញ្ជី​តែ​ម្តងគត់​ក្នុង​មួយជីវិត​នៃ​សហ​គ្រាស​សារព័ត៌​មាន។

លោក​ថ្លែងថា៖ «អ៊ីចឹងការ​បង់កម្រៃ​សេវាគឺវាឥឡូវ​នេះ បើសហគ្រាស​តែ​១៨ម៉ឺនរៀលទេហើយ​សម្រាប់​​រយៈពេល​​៩៩ឆ្នាំ​បង់តែម្តង​ទេ អត់មាន​​ត្រូវប្រកាស​បង់​អី​បន្តទៀត​ទេ»។ អ្វីដែល​សំខាន់​គឺ​ខាងអគ្គនាយក​ដ្ឋាន​ពន្ធដារ គាត់​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា បើ​ចំណេញ​ អាហ្នឹងគឺ​​ត្រូវបង់ពន្ធប្រាក់​​ចំណេញជូនរដ្ឋ ប៉ុន្តែពន្ធផ្សេងៗ​ដែល​ត្រូវ​បង់​មិន​មែន​សហ​គ្រាស [សារ​ព័ត៌​មាន] បង់​ទេ​គឺយក​ពីអ្នក​ដែល​ត្រូវមាន​កាតព្វ​កិច្ច​ជំនួស​ពន្ធដារ​ ដោយ​បង់​ថ្លៃផ្ទះ​គឺ​យក​ពី​ម្ចាស់ផ្ទះ​ ថ្លៃជួលផ្ទះ​ បង់ថ្លៃ​បុគ្គលិក​គឺយក​ពី​ប្រាក់ខែបុគ្គលិក។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង ដូច​គ្មាន​អី​ថា បន្ទុកធំ​សម្រាប់​អាជីវកម្ម​ដែរ។ ទាល់តែ​ចំណេញ​ អាហ្នឹង​បាន​យើង​បង់​ពន្ធជូន​ដ្ឋ​លើ​ប្រាក់​ចំណេញ»។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នក​សារ​ព័ត៌​ ​ដែល​លើក​ឡើង​ថា លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ ​៤០០ ដុល្លារ​ ក្នុង​ការចុះ​បញ្ជី​សហគ្រាស​សារ​ព័ត៌មាន​បន្ទាប់​ពីឱ្យអ្នក​ផ្តល់សេវា​ខាង​ក្រៅ​ជួយ​ធ្វើការ​ចុះបញ្ជី​នេះ លោកដារាឫទ្ធិបាន​ជំរុញ​​ឱ្យក្លិប​អ្នក​កាសែត​កម្ពុជា​ធ្វើការរួមគ្នា​ជាមួយ​អង្គភាព​សារព័ត៌មាន ដើម្បីចៀសវាង​ការ​ទៅរក​អ្នកផ្តល់សេវា​ខាងក្រៅ​​មក​ជួយ​ចុះបញ្ជី​ដែល​អាច​ធ្វើ​ឱ្យការ​ចំណាយ​ទៅលើ​ការ​ចុះបញ្ជី​ហួស​ពី​ការ​កំណត់​របស់​រដ្ឋ ព្រោះ​ពាក់ព័ន្ធនឹង​ក្នុង​ការ​ចុះបញ្ជី​នេះ ក្រុម​ការងារ​ក្រសួង​ពាណិជ្ជអាច​ជួយ​អ្នក​សារព័​ត៌មាន​បាន​។

លោក​ថ្លែងថា៖ «ខាងខ្ញុំ​នឹង​មាន​ក្រុម​ជួយ​ភ្លាម​អត់អីទេចុះ​បញ្ជី​ពាណិជ្ជកម្ម​ណា។ ក្រុមការងាររបស់​​ខ្ញុំ​ចាំជួយ​ដោយ​ឥតគិត​ថ្លៃទេ បង់​តែថ្លៃរដ្ឋទៅ​បាន​ហើយ»។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌​មាន និងសោត​ទស្សន៍នៃ​ក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​ពិធី​នេះ ថា រហូត​មក​ដល់ពេលនេះ ក្រសួង​ព័ត៌មានមិន​ទាន់​មាន​ចំណាត់​ការ​​ទៅលើ​អង្គភាព​សារព័ត៌មានបែ​ប​អាជីវកម្ម​ដែលបាន​ចុះ​បញ្ជី​រួចហើយ​នៅ​ក្រសួង​ព័ត៌មាន តែ​​មិន​ទាន់បាន​ចុះ​បញ្ជី​​នៅ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ ដោយ​សារ​វិធានការ​ចុះបញ្ជី​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​រហូត​ដល់​​ដំណាច់​​ឆ្នាំ​ ២០២១៕