The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ៤ ថ្ងៃ​ អាជ្ញាធរ​ទប់ស្កាត់​ការលប​លួចឆ្លង​ដែនទៅ​ប្រទេសថៃ​ បានជិត​ ២០០ នាក់




៤ ថ្ងៃ​ អាជ្ញាធរ​ទប់ស្កាត់​ការលប​លួចឆ្លង​ដែនទៅ​ប្រទេសថៃ​ បានជិត​ ២០០ នាក់

Content image - Phnom Penh Post
ការឃាត់ខ្លួនពលរដ្ឋដែលបម្រុងលួចឆ្លងដែនទៅថៃតាមច្រករបៀងស្រុកកំរៀងកាលពីថ្ងៃ ១២ តុលា។ រូបថត ប៉ូលិស

៤ ថ្ងៃ​ អាជ្ញាធរ​ទប់ស្កាត់​ការលប​លួចឆ្លង​ដែនទៅ​ប្រទេសថៃ​ បានជិត​ ២០០ នាក់

បាត់​ដំបងៈ គិត​ចាប់​តាំងពី​ថ្ងៃទី ១០ ខែតុលា រហូត​ម​ដល់​ថ្ងៃទី ១៤ ខែ ​តុលា ឆ្នាំ ២០២១ នេះ​អាជ្ញាធរ​ស្រុក​កំរៀង​ខេត្តបាត់​ដំបង​បាន​ឃាត់​ខ្លួន​ និង​ទប់​ស្កាត់​ប្រជា​ពលរដ្ឋ​ដែលលប​លួច​ឆ្លងដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់​មាន​ចំនួន​ជិត​ ២០០ ​នាក់ ខណៈ​ដែល​មេខ្លោង​ចំនួន​១១​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បី​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​។

លោកអភិ​បាល​ស្រុក​កំរៀង លោក សុក គឹម​ខុន ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ ខែ តុលា ​ឆ្នាំ ២០២១ ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​បំណង​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់​នេះ ព្រោះ​ពួកគេ​បានឮ​តាម​គ្នា​ថា ប្រទេស​ថៃ បើក​ច្រក​វិញ ក៏បាន​នាំគ្នា​សម្រុក​មក ហើយ​មាន​ចំនួន​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ ។

លោក​បាន​បន្តថា ពលរដ្ឋ​ខ្មែរ​ទាំងនេះ ក៏​ធ្លាប់​បម្រើកា​រងារ​ជា​ពលករ​នៅក្នុង​ប្រទេស​ថៃ​ កាលពី​អំឡុង​ពេល​ដែល​ប្រទេស​ថៃ​រីក​រាល​នៃ​ជំងឺ​កូ​វីដ ១៩ ហើយ​ពួកគេ​ក៏​ត្រឡប់​មក​កាន់​កម្ពុជា​វិញ។ម​កទល់​ពេល​នេះ ពួកគាត់​មើល​ឃើញ​ពី​ភាព​ស្ងប់​ស្ងាត់​ទាំង​ប្រទេស​ថៃ និង​កម្ពុជា ​ពួកគាត់​ក៏មាន​បំណង​ត្រឡប់​ទៅ​វិញ ខណៈ​ពេលដែល​ព្រំដែន​មិន​ទាន់​ត្រូវបាន​បើក​ច្រក​ជា​ផ្លូវការ​នៅ​ឡើយ​។

លោក​បន្ត​ទៀត​ថា មួយទៀត​ គឺ​បងប្អូន​របស់​ពួកគាត់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ បាន​ទូរស័ព្ទហៅ​ឱ្យ​ត្រឡប់​ទៅវិញ ដើម្បី​បាន​ទៅ​បេះ ផ្លែ​មៀន​នៅក្នុង​ប្រទេស​ថៃ ព្រោះ​រដូវ​មៀនបាន​មក​ដល់ ហើយ​ខ្វះ​កម្លាំង​ពល​កម្ម។ ដូច្នេះ​ពួកគាត់​ចេះតែ​កៀរគរ​ឱ្យ​ត្រឡប់​ទៅវិញ។ ជាមួយ​គ្នានេះ សមត្ថកិច្ច​ស្រុក​ក៏បាន​ឃាត់​ខ្លួន និង​ញ្ជូ​ន​មេខ្លោង​ជា​ច្រើន​ទៅ​តុលា​ការ​ផង​ដែរ​។

លោក សុក គឹម​ខុន បាន​បញ្ជាក់​ថា៖ «យើង​បានធ្វើការ​ស្រាវជ្រាវ ពួកគាត់​ដែល​កំពុងស្នាក់នៅ​ផ្ទះសំណាក់ រួច​ក៏​ឃាត់ខ្លួន​សួរនាំ ថ្ងៃ​ខ្លះ​ក៏មាន​ចំនួន​ច្រើន ថ្ងៃ​ខ្លះ​ក៏មាន​ចំនួន​តិច ហើយ​បាន​អប់រំ និង​បញ្ជូន​គាត់​ឱ្យ​ត្រឡប់​ទៅលំនៅឋាន​ស្រុកកំណើត​គាត់​វិញ​អស់ហើយ ព្រោះ​គាត់​មិន​ទាន់​បាន​ឆ្លងទៅ​ថៃ​ទេ»។

បើតាម លោក សុក គឹម​ខុន ប្រជាពលរដ្ឋ​ដែលមាន​បំណង​ឆ្លង​ចូលទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​នេះ បាន​ស្នាក់​នៅក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​ក្នុង​រយៈពេល ១ ឬ ២ ថ្ងៃ ហើយ​បន្ត​លួច​ទៅ​ឆ្លង​ទៅតាម​ច្រក​របៀ​ង ឬ​ច្រកផ្សេងៗ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ពិនិត្យឃើញ​ប្លែក​មុខ ក៏បាន​សួរនាំ រួច​ក៏​ដឹង​ពី​មូលហេតុទើប​បញ្ជូន​ឱ្យទៅ​កាន់​ស្រុក​កំណើតរៀងៗខ្លួន វិញ ។

លោក សួស សុភ​ក្ត្រ ប្រធាន​មន្ទីរ​ព័ត៌​មាន និង​ជា​អ្នកនាំ​ពាក្យ​រដ្ឋបាលខេត្ត​បាត់​ដំបង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ ខែតុលាថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គណៈ​បញ្ជា​ឯកភាព​ខេត្តបាន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ១៤ នេះ ដើម្បីរិះរក​វិធី​ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ​ដែលមាន​បំណង​លប​លួច​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​ថៃ ​ដោយ​ខុស​ច្បាប់។

ទាក់​ទងនឹង​បញ្ហា​នេះដែ​រ កាលពី​ថ្ងៃទី ១២​ ខែតុលា​ កម្លាំង​នគរ​បាល​នៃ​អធិកា​រដ្ឋាន​នគរ​បាល​ស្រុក​កំរៀង​បាន​បង្ក្រាប​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​ប្រជា​ពលរដ្ឋ​ដែល​ប៉ុន​ប៉ង​លប​លួច​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជា​ ចូលទៅ​ក្នុងប្រ​ទេស​ថៃ​ ដោយ​ខុស​ច្បាប់​បាន​ចំនួន​ ១៣០​ នាក់ ដែលជា​ចំនួន​ច្រើនជាង​គេ ក្នុងនោះ​មាន​ស្រី្ត​ចំនួន​ ៥២​ នាក់ ​និង​កុមារ​ចំនួន ១៣​ នាក់​ផង ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ដា​លើ​ ឃុំ​បឹងរាំង ស្រុក​កំរៀង​ ខេត្ត​បាត់​ដំបង​៕

អត្ថបទគួរចាប់អារម្មណ៍