ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំបន្តគម្រោងសាងសង់ប្រឡាយបេតុងបឹងសាឡាង បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ ហាក់មានភាពធូរស្រាលឡើងវិញ។ ជាក់ស្តែងនៅថ្ងៃទី ១៣ ខែតុលា អាជ្ញាធរខណ្ឌទួលគោក និងមន្ត្រីជំនាញ រួមនឹងក្រុមហ៊ុនទទួលសាងសង់ ទើបបានចុះទៅបោះបង្គោលទីតាំងគម្រោងនៅទីតាំងប្រឡាយនោះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងនៅថ្ងៃទី ១៤ ខែតុលាថា ពេលនេះស្ថានភាពមើលទៅអាចនឹងមានភាពប្រសើរឡើងវិញ ដែលអំណោយផលដល់ដំណើរការការងារក្នុងវិស័យមួយចំនួន ដូចជាទេសចរណ៍ ឬដើម្បីចំណូលសេដ្ឋកិច្ចផ្សេងៗ។ ដោយឡែកការងារប្រឡាយក៏ត្រូវចាប់ផ្តើមបន្តទៀតដែរ បន្ទាប់ពីមានការផ្អាកដំណើរការសាងសង់មួយរយៈនាពេលកន្លងទៅដោយសារបញ្ហាកូវីដ ១៩។

លោកថ្លែងថា៖ «ឥឡូវក៏អត់ទាន់មានជាលទ្ធផលអីច្រើនដែរ ប៉ុន្តែនឹងអាចបន្តការងារក្នុងពេលដ៏ខ្លីខាងមុខនេះ។ មែនទែនទៅគេកំពុងតែគិតគូរនៅតំណាក់កាលការងារចូលបុកស៊ីផាយដើម្បីធ្វើគ្រឹះធ្វើអីរបស់ប្រឡាយហ្នឹង»។

នៅថ្ងៃដដែលនោះដែរ លោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោកថ្លែងថា លោកមិនទាន់អាចផ្តល់ព័ត៌មានអ្វីបន្ថែមបានទេ ព្រោះត្រូវរង់ចាំកិច្ចប្រជុំសិន ដោយសារការងារនេះនឹងមានការវិវឌ្ឍថ្មីៗបន្ថែមទៀតទាមទារត្រូវរង់ចាំលទ្ធផលកិច្ចប្រជុំពិភាក្សាសិន។

លោកថ្លែងថា៖ «ធម្មតាការដែលយើងជួបជុំគ្នារកដំណោះស្រាយវានៅមានបន្តទៅទៀត ហើយលទ្ធផលដែលយើងមិនទាន់ចេញជាផ្លែផ្កាយើងនិយាយក៏វាអាចមានការខុសឆ្គង។ អ៊ីចឹងយើងរង់ចាំលទ្ធផលទាំងអស់គ្នាបាទ»។

លោកនាយករដ្ឋបាលបានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែតុលា រដ្ឋបាលខណ្ឌទួលគោក ដឹកនាំផ្ទាល់ ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងក្រុមការងារជំនាញសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណ:ការរាជធានីភ្នំពេញ និងក្រុមហ៊ុនចាងវ៉ាង អ៊ីនវេសមិន រៀលអេស្ទេត បានចុះកំណត់បោះបង្គោលទីតាំងគម្រោងកែលម្អប្រឡាយបឹងសាឡាងដើម្បីបើកការដ្ឋានអនុវត្តគម្រោងតាមកិច្ចសន្យារវាងក្រុមហ៊ុនចាងវ៉ាង និងសាលារាជធានីភ្នំពេញ។

បើតាមលោក ហួរ ហួត បច្ចុប្បន្នស្ថានភាពប្រឡាយមានទំហំចន្លោះពី ១១,៥០ ម៉ែត្រ ទៅ ១៤,៥០ ម៉ែត្រ និងមានរាងបត់បែនច្រើន។ ប៉ុន្តែតាមរបាយការណ៍បច្ចេកទេសរបស់មន្ទីរសាធារណ:ការរាជធានីភ្នំពេញបានសិក្សា ឱ្យក្រុមហ៊ុនធ្វើការសាងសង់ប្រឡាយបេតុងនោះទទឹងសរុបទំហំ ២២ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ។ លោកបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែងប្រឡាយមានប្រវែង ៧១០ ម៉ែត្រ ដែលក្រុមហ៊ុនត្រូវអនុវត្តគម្រោង៕