The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពល​រដ្ឋដែលស្នាក់​នៅទីទួល​សុវត្ថិ​ភាព​ដោយ​សារ​គ្រោះ ​ទឹក​ជំនន់បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ៦០​ ភាគ​រយ​ហើយ




ពល​រដ្ឋដែលស្នាក់​នៅទីទួល​សុវត្ថិ​ភាព​ដោយ​សារ​គ្រោះ ​ទឹក​ជំនន់បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ៦០​ ភាគ​រយ​ហើយ

Content image - Phnom Penh Post
មន្ត្រីខេត្តពេលចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់នៅស្រុកមង្គលបុរី ថ្មីៗនេះ។ រូបថត រដ្ឋបាលខេត្ត

ពល​រដ្ឋដែលស្នាក់​នៅទីទួល​សុវត្ថិ​ភាព​ដោយ​សារ​គ្រោះ ​ទឹក​ជំនន់បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ៦០​ ភាគ​រយ​ហើយ

បន្ទាយ​មាន​ជ័យៈ គិត​ត្រឹម​ថ្ងៃទី ​១៤ ខែ​តុលា ប្រជាពល​រដ្ឋដែល​បាន​មក​ស្នាក់​នៅ​លើ​ទីទួល​សុវត្ថិភាពក្នុង​គ្រា​មាន​គ្រោះ​ទឹក​ជំនន់ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា បាន​នាំគ្នា​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​វិញ​ អស់​ប្រមាណ​ ៦០ ​ភាគ​រយ​ហើយ បន្ទាប់​ពីទឹក​បាន​ស្រក​ចុះ​មក​រក​សភាព​ដើម​ស្ទើរ​តែ​គ្រប់​ក្រុង-ស្រុក។

លោក ​ឈុន ប៊ុនថា ប្រធាន​ការិយា​ល័យ​អន្តរ​វិស័យ​នៃ​រដ្ឋ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី​ ១៤​ តុលា​ថា ប្រជាពល​រដ្ឋ​ប្រមាណ​ជាង​ ៦០០​ គ្រួសារ ក្នុង​ចំណោម​ជិត ​១២០០​គ្រួសារ​ ដែល​បាន​ជម្លៀស​មក​ស្នាក់​នៅលើ​ទីទួល​សុវត្ថិភាព ក្នុង​ពេល​មាន​គ្រោះទឹក​ជំនន់​កាលពី​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​ទៅ បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេវិញ​ហើយ​។

លោក​បញ្ជាក់​ថា​៖ «នៅ​ពេល​នេះ​ស្ថាន​ភាព​ទឹក​ជំនន់ បាន​ធូរស្រាល​ច្រើន​ហើយ ពិសេស​ក្រុង-ស្រុក ដែល​នៅ​ជាប់​ព្រំដែន​ថៃ ដូច​ជាក្រុង​ប៉ោយ​ប៉ែត ស្រុក​ម៉ាឡៃ ​ទឹក​បាន​ស្រក​ចុះម​កស្ថានភាព​ដូច​ដើម​វិញ​»។

បើតា​មលោក ប៊ុនថា នៅ​ក្នុង​អំឡុង​ពេល​នេះ អាជ្ញាធរ​នៅ​តែបន្ត​ពង្រឹង​យន្ត​ការ​បង្ការ​ទប់​ស្កាត់ និងគ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៃទឹក​ជំនន់​នេះ តាម​រយៈ​ការ​ចុះត្រួត​ពិនិត្យ និង​តាម​ដាន​ជាប្រចាំ​អំពីស្ថាន​ភាព​ទឹក​ជំនន់​នៅ​តាម​មូលដ្ឋាន ពិសេស​ក្នុង​តំបន់​ទីទំនាប ជាប់​មាត់​ទឹក​ដែល​តែង​តែ​ប្រឈម​ការ​ជន់​លិន នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា។

អ្នក​ស្រី វ័ន លួម អាយុ ​៥៩​ ឆ្នាំ មក​ពី​ភូមិ​ព្រែក​ជីក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បុរី ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា អ្នក​ស្រី​ក៏ចង់​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋានវិញ​ដែរ ប៉ុន្តែ​ទឹក​នៅ​លិច​ត្រឹម​ចង្កេះ​នៅ​ឡើយ។ អ្នក​ស្រី​បារម្ភ​ពីចៅ​តូចៗ ដែល​មាន​អាយុ​ក្រោម ​៥​ ឆ្នាំ ខណៈ​ផ្លូវ​ទៅ​ភូមិ​របស់​អ្នក​ស្រី នៅ​លិច​ទឹក​ពិបាក​ធ្វើ​ដំណើរ​ទើប​អ្នក​ស្រី​សម្រេច​រស់នៅ​លើ​ទីតាំង​ទួល​សុវត្ថិភាព​ជាប​ន្ត​ទៀត ដើម្បី​រង់​ចាំ​ឲ្យទឹក​ស្រក​អស់​ជាមុន​សិន​។

អ្នកស្រី​ថ្លែង​ថា៖ «កាល​ពី​៣​ថ្ងៃមុន ខ្ញុំបាន​ទៅ​ពិនិត្យ​ស្ថាន​ភាព​ទឹក​នៅក្នុង​ភូមិ​របស់​ខ្ញុំ ហើយ​ឃើញ​ថា កន្លែង​ខ្លះ​ទឹក​នៅ​លិច​ត្រឹម​ស្មង​ជើង កន្លែង​ខ្លះ​លិច​ត្រឹម​ក្បាល​ជង្គង់​។ ចំណែក​នៅម្ដុំផ្ទះ​របស់​ខ្ញុំ ទឹក​នៅលិច​ត្រឹម​ចង្កេះ​​នៅឡើយ ហេតុ​នេះទើប​ខ្ញុំ​និង​កូន​ចៅ​មិន​ទាន់​សម្រេច​ចិត្ត វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ចៅ​វានៅតូចៗ​ពេក»។

អ្នក​ស្រីបា​ន​ប្រាប់​ឲ្យដឹ​ង​ទៀត​ថា ការ​រស់​នៅ​ទីទួល​សុវត្ថិភាព ក្នុង​រយៈ​ពេល​ជិត​ ១​ ខែ​នេះ អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​សុវត្ថិ​ភាព និង​ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម ដែល​រួម​មាន អង្ករ​ គ្រឿងបរិភោគ និងឧបភោគចំនួន ​២ ​លើក ព្រម​ទាំង​ផ្ដល់​ថ្នាំ​សង្កូវ​សម្រាប់​ព្យាបាល​ជំងឺ​ក្ដៅខ្លួន ផ្ដា​សាយ និងជំងឺ​ក្អក។

លោក​ ឃុន សុខា អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយបាន​ថ្លែង​ថា ក្នុង​ចំណោម​ខេត្ត​ដែល​នៅជា​ប់​ព្រំដែន​ថៃ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​រង​ការ​ជន់​លិច​ដោយ​គ្រោះជំ​នន់​ទឹក​ភ្លៀង​ធ្ងន់​ធ្ងរជាង​គេ នៅ​ក្នុង​ឆ្នាំ​ ២០២​១ ​នេះ។

លោក​ថ្លែង​ថា៖ «ទោះជា​បែប​ណា គ្រោះ​ទឹក​ជំន​ន់​នៅ​ក្នុង​ឆ្នាំនេះ មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​ជាឆ្នាំមុ​ន​នោះទេ បើ​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នានេះ​»។

បើ​តាម​លោក សុខា ប្រសិន​បើគ្មាន​ជំនន់​ទឹក​ទន្លេ​មេគង្គ និងទឹក​ជំន​ន់​ពីប្រទេស​ថៃ ហូរធ្លាក់​តាម​ប្រព័ន្ធ​ដៃអូរ និងប្រឡាយ​ធម្ម​ជាតិ តាម​ជួរព្រំ​ដែន​កម្ពុជា​ទេ​នោះ កម្ពុជា​នឹង​អាច​ចាប់​ផ្ដើម​អនុវត្ត​ផែន​ការ​ជួស​ជុល និង​ស្ដារ​ឡើង​វិញ​នូវវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់និងវិស័យក​សិកម្មដែល​បាន​រង​ផល​ប៉ះពាល់​ដោ​យ​គ្រោះទឹ​ក​ជំនន់​នា​បំណាច់​ខែ​តុលា​ខាង​មុខ​នេះ ព្រោះ​កម្ពុជា​បាន​ត្រៀម​រួច​ជាស្រេច​នូវ ធ​ន​ធាន មធ្យោ​បាយ និង​គ្រាប់​ពូជ សម្រា​ប់​ការ​ស្ដារ​ឡើង​វិញ​ក្រោយ​គ្រោះ​ទឹក​ជំនន់​។

ទន្ទឹម​នឹង​នេះ លោក គន់ គឹម អនុ​ប្រធាន​ទី១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ក៏បាន​លើក​ឡើង​ផង​ដែរ​ថា ដើម្បី​បង្កា​ទប់​ស្កាត់ និង​កាត់​បន្ថ​យ​គ្រោះថ្នាក់​ផ្សេងៗដែលប​ង្កឡើង​ដោយ​គ្រោះម​ហន្តរាយ​ពីធម្ម​ជាតិ និងគ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ពីសកម្មភាព​មនុស្សគឺទាម​ទារ​ឲ្យមាន​ការចូល​រួម​ពីគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដោយឈរ​លើ​ស្មារ​តី​សាមគ្គី​ភាព ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ និង​អន្តរ​ជាតិ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​៕

អត្ថបទគួរចាប់អារម្មណ៍