ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី ១៤ ខែ​តុលា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​មាន​ជាង ៩,៩ លាន​នាក់ ឬ​ស្មើនឹង ៩៩ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា កុមារ និង​យុវវ័យ​អាយុ​ចាប់​ពី ១២ ឆ្នាំ​ទៅ​ដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មាន​ចំនួន​ជាង ១,៧ លាន​នាក់ ឬ​ស្មើនឹង ៩០ ភាគរយ បើ​ធៀប​នឹង​ចំនួន​គោលដៅ​ជាង ១ ,៩ លាន​នាក់ ខណៈ​កុមារ​អាយុ​ពី ៦ ឆ្នាំ​ដល់​ក្រោម ១២​ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​មាន​ជាង ១,៨ លាន​នាក់ ឬ​ស្មើ ៩៧ ភាគរយ ធៀប​នឹង​ចំនួន​គោលដៅ​ជាង ១,៨ លាន​នាក់។

ប៉ុន្តែ​បើ​ធៀប​ចំនួន​ប្រជាជន​សរុប​ទាំង ១៦ លាន​នាក់ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៨៤ ភាគរយ។ នេះ​បើ​តាម​របាយការណ៍​ដដែល៕