ដោយសារ​តែ​សង្គ្រាម កុមារា វ៉ី សំណាង ដែល​បាន​ចាប់កំណើត​​នៅ​ឆ្នាំ​ ១៩៧៤ ក្នុង​ត្រកូល​មន្ត្រីរាជការ​មួយ​ក្នុង​ភូមិ​ព្រៃផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ត្រូវបាន​បំផ្លាស់ទី​ចុះឡើងៗ​ពី​ខេត្តព្រៃវែង​ ទៅ​ខេត្តកំពង់ធំ​តាម​លោកឪពុក​ក្នុងអំឡុង​ឆ្នាំ ១៩៧៩-១៩៨០​។

កុមារា វ៉ី សំណាង ក្នុង​អំឡុង​ពេលនោះ ជា​វ័យ​ដែល​ត្រូវការ​រៀនសូត្រ ប៉ុន្តែ​កុមារ​រូបនេះ​មិនសូវ​មាន​ភាពជាប់លាប់​នៅ​នឹង​ ១ ​កន្លែង​នោះទេ ដោយសារ​ត្រូវ​ចល័ត​តាម​ឪពុក​របស់គាត់​ពី​ខេត្ត​ជា​ស្រុកកំណើត​ទៅ​ខេត្តកំពង់ធំ​ចុះឡើងៗ​មួយរយៈ​។

ទោះបីយ៉ាងណា លោក​បាន​ខំ​​តស៊ូ​រៀន​រហូត​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទី​ ១២ ឬ​បាក់ឌុប​នៅក្នុង​ខេត្តកំពង់ធំ​ក្នុងអំឡុង​ឆ្នាំ​ ១៩៩០-១៩៩១​។ នេះ​ជាការ​លើកឡើង​របស់​លោក ​វ៉ី សំណាង បច្ចុប្បន្ន ជា​អភិបាល​ខេត្តកំពង់ស្ពឺ ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​។

លោក​បាន​ប្រាប់ថា​៖ «​បន្ទាប់ពី​បញ្ចប់​ថ្នាក់​បាក់ឌុប​ភ្លាម ​ខ្ញុំ​​បាន​ប្រឡង​ចូលរៀន​បន្ត​នៅ​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប​ដោយ​បាន​បញ្ចប់​ការសិក្សា​នេះ​នៅ​ខ្ទង់​ឆ្នាំ​ ១៩៩៣-៩៤​។

ដោយសារ​ពេលនោះ ប្រទេស​យើង​មាន​បញ្ហានយោបាយ​ផង ហើយ​កាលពី​រៀន​ដំបូង​មាន​កិច្ចសន្យា​ថា រៀន​ចប់​ត្រូវ​ចូលធ្វើ​ការបម្រើ​រដ្ឋ​ចំនួន​ ៥ ​ឆ្នាំ ខ្ញុំ​បាន​ចូលធ្វើការ​នៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ដែល​កាល​នោះគេ​ហៅថា​នាយកដ្ឋាន​រុក្ខាប្រមាញ់​»​។

ទោះបីជា​លោក​បាន​ចូល​បម្រើការ​ជា​មន្ត្រី​ក៏ដោយ ប៉ុន្តែ​លោក​មិនបាន​ទុកពេល​វេលា​ឱ្យនៅ​ទំនេរ​នោះទេ គឺ​លោក​បាន​ឆ្លៀតពេល​រៀន​បន្ថែមទៀត​យក​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​​ឆ្នាំ​ ១៩៩៨​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក វ៉ី សំណាង ក៏បាន​បន្ត​រៀន​បន្ថែម​ថ្នាក់អនុបណ្ឌិត​ទៀត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។

ដូច​ពាក្យចាស់​ពោលថា ការសិក្សា​មិន​កំណត់​ពី​អាយុ​គឺ​ឱ្យតែ​នៅ​ចង់​រៀន ទោះបីជា​វ័យ​ប៉ុនណា​ក៏​នៅតែ​អាច​រៀន​បានដែរ​។ ​សម្រាប់​លោក វ៉ី សំណាង ទោះបីជា​លោក​បាន​ក្លាយជា​​ថ្នាក់ដឹកនាំ​ខេត្ត​ ១ ​ក៏ដោយ ក៏​បច្ចុប្បន្ន លោក​នៅតែ​បន្ត​ការសិក្សា​ផងដែរ នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ផ្នែក​បណ្ឌិត​ដែល​អាច​នឹង​បញ្ចប់​ការសិក្សា​នាពេល​ឆាប់ៗ​ខាងមុខ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅពេល​ដែល​មាន​ការបណ្តុះបណ្តាល​វគ្គ​ខ្លីៗ គឺ​អភិបាលខេត្ត​រូបនេះ​តែងតែ​មាន​​វត្តមាន​ជានិច្ច ដោយសារ​លោក​ជា​មនុស្ស​ចូលចិត្ត​រៀនសូត្រ​។

លោក វ៉ី សំណាង បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​រូបលោក​ចង់​ធ្វើជា​មន្ត្រីរាជការ​ថា គឺ​ចង់​ធ្វើ​ការបម្រើ​ប្រទេសជាតិ​មួយ​នេះ​ស្របទៅនឹង​ឪពុក​របស់លោក​ដែល​ជា​អតីតមន្ត្រី​រាជការ​ ១ ​រូប​ដែរ​ដែលជា​គំរូ​មួយ​ធ្វើឱ្យ​លោក​ក៏​ចង់​ដើរ​តាម​គន្លង​ផ្លូវ​ឪពុក​លោក​។

លោក​បាន​ប្រាប់ថា៖ «​ឪពុក​ខ្ញុំ​ជា​អ្នករាជការ​ខ្ញុំ​តែងតែ​ឃើញ​គាត់​ភាគច្រើន​បម្រើ​ប្រជាពលរដ្ឋ ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​​បន្តវេន​ក៏ដូចជា ធ្វើការ​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​​ដែរ​។ ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​អាន​សៀវភៅ​ឯកសារ​ផ្សេងៗ ដែល​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​ជាប់ចិត្ត​លើ​ការងារ​ជា​មន្ត្រីរាជការ​នេះ​​រហូតមក​»​។

មុនពេល​ដែល​លោក វ៉ី សំណាង ត្រូវបាន​ថ្នាក់ដឹកនាំ​មាន​ទំនុកចិត្ត​ និង​ជឿជាក់​ដោយ​ផ្តល់នូវ​តួនាទី​ជា​អភិបាលខេត្ត​កំពង់ស្ពឺ លោក​ក៏បាន​ឆ្លងកាត់​នូវ​បទពិសោធ​ការងារ​ជាច្រើន​ដែល​មួយផ្នែកធំ​នៃ​ការងារ​របស់​លោក​គឺ​ការចុះ​តាម​មូលដ្ឋាន​ចុះ​​តាម​ព្រៃភ្នំ​ និង​ការជួប​ជាមួយ​​នឹង​ប្រជាពលរដ្ឋ​ផ្ទាល់ៗ​តែម្តង​។

លោក​ថា​៖ «​មន្ត្រី​ចាស់ៗ​ដែល​បាន​បំពេញការងារ​ជាមួយ​ខ្ញុំ​កាលពី​ខ្ញុំ​នៅ​បម្រើ​ការងារ​ខាង​ផ្នែក​មេព្រៃ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មក​ធ្វើការ​នៅ​ផ្នែក​នេះ​មិនបាន​ប្រើ​អស់​សក្តានុពល​ដែល​ខ្ញុំ​មាន​ទេ​។

ពួកគាត់​ថា ស្តាយ​ចំណេះដឹង​ដែល​ខ្ញុំ​បាន​រៀនសូត្រ ហើយ​ក៏​បានផ្តល់​ជា​យោបល់​ឱ្យ​ខ្ញុំ​ប្តូរ​កន្លែង​ការងារ ហើយ​ពេលនោះ​ខ្ញុំ​បាន​ប្តូរ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ​ផ្នែក​នាយកដ្ឋាន​បុគ្គលិក​»​។

ក្រោយពី​បំពេញ​ការងារ​ថ្មី​នេះ​​មួយរយៈ លោក វ៉ី សំណាង ក៏បាន​ស្នើ​ថ្នាក់លើ​បំពេញ​ការងារ​នៅតាម​ទីវាល​វិញ ដែល​ជា​ជំនាញ​ និង​ជា​ចំណូលចិត្ត​របស់​លោក​តាំងពីដើម​មក ដែល​លោក​ធ្លាប់បាន​ដើរ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​មូលហេតុ​អី្វ​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើការ​ក្រៅ​ការិយាល័យ ដោយសារ​នៅតាម​ទីវាល​ខ្ញុំ​អាច​ជួប​ប្រាស្រ័យ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ផ្ទាល់ និង​មាន​ឱកាស​បម្រើ​គាត់​។ ខ្ញុំ​មិនសូវ​ចូលចិត្ត​ធ្វើការ​នៅ​ទីក្រុង​ទេ​ដោយសារ​យើង​នៅ​អង្គុយតែ​​ក្នុង​បន្ទប់ មិន​ដែល​បាន​ឃើញ​ដើមឈើ​ ឬ​វាលស្រែ​ទេ​។ ដូចនេះ​ហើយ​បានជា​ខ្ញុំ​សុំ​ធ្វើការ​នៅ​ខាងក្រៅ​ការិយាល័យ​»​។

ដោយសារ​តែ​មើលឃើញ​នូវ​ស្នាដៃ​នៃ​ការខិតខំ​ និង​សមត្ថភាព​របស់​លោក វ៉ី សំណាង ក្នុង​ការដឹកនាំ ហើយ​ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការ​ធនធាន​មនុស្ស​ផង ក៏បាន​សម្រេច​តែងតាំង​លោក​ជា​អភិបាលរង​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជា​ជិត​ ១ ​ឆ្នាំ​មុន​ ពេល​ដែល​លោក​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ស្ពឺ​នៅ​ឆ្នាំ​ ២០១៦​។

ក្រោយពី​លោក​មកកាន់​ការងារ​ថ្មី​ជា​អភិបាលខេត្ត​លោក​ត្រូវ​ទទួល​ខុសត្រូវ​ច្រើនជាង​ការងារ​ដែល​លោក​ធ្លាប់​បានធ្វើ​នាពេល​កន្លងមក​ដែល​ពីមុន​លោក​គិតថា​ការងារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ ដែល​លោក​បាន​ធ្វើ​ប្រមាណ​ជិត​ ២០ ​ឆ្នាំ​នោះ​ហាក់បីដូច​ជាច្រើន​ដែល​លោក​​ត្រូវធ្វើ​ និង​រិះរក​នូវ​វិធានការ​ ដើម្បី​ទប់ស្កាត់​ជាមួយ​នឹង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ លួច​ដុត​ព្រៃ ទាក់​សត្វ បំពុល​សត្វ និង​ការបង្កើន​ការដាំ​ដើមឈើ​ឡើងវិញ​ជាដើម​។

លោក វ៉ី សំណាង បាន​ថ្លែង​ឱ្យ​ដឹងថា​៖ «​ការគ្រប់គ្រង​ខេត្ត​ ១ ប្រៀប​ដូចជា​ការគ្រប់គ្រង​គ្រួសារ​ ដែល​មាន​កូន​ច្រើន​​ដែល​កូន​ម្នាក់ៗ​ទាមទារ​ទិញ​របស់របរ ឡាន ម៉ូតូ ទូរស័ព្ទ​...​។ ដូចនេះ​តម្រូវការ​ក្នុង​ខេត្ត​ ១ ​គឺ​មាន​ច្រើន​ហើយ​មាន​គ្រប់​វិស័យ​ដែល​ខ្ញុំ​ត្រូវការ​ចង្អុល ដឹកនាំ និង​បង្ហាញ​ជា​នយោបាយ មិនមែន​ជា​អ្នក​បច្ចេកទេស​ទេ ប៉ុន្តែ​ក្រោម​ការសម្រេចចិត្ត​របស់​យើង​»​។

លោក វ៉ី សំណាង មាន​ការពេញ​ចិត្តនឹង​តួនាទី​ការងារ​ដែល​​លោក​កំពុងតែ​អនុវត្ត​សព្វថ្ងៃ​​នេះ​ណាស់ ហើយ​លោក​ក៏​មិន​​មានបំណង​ប្រាថ្នា​ក្នុង​ការឈោង​​យក​តួនាទី​ការងារ​ខ្ពស់​ជាង​នេះ​​ទៀត​ដែរ​ទៅ​ថ្ងៃ​ខាងមុខ​។ អ្វីដែល​ជា​ការកត់សម្គាល់ លោក វ៉ី សំណាង គឺជា​អភិបាលខេត្ត​ដំបូង​គេ​ដែល​បាន​បញ្ជា​ឱ្យ​ទម្លាក់​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​​ទាំងអស់​ចេញពី​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​នានា​ដែល​កើតចេញ​​ពី​ការទទួលទាន​គ្រឿង​ស្រវឹង​។

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​ចូលចិត្ត​​ធ្វើការ​ចុះ​តាម​ទីវាល​ជួប​ប្រជាពលរដ្ឋ ដូចនេះ​បើ​ខ្ញុំ​ឡើង​ធំ​ជាង​​នេះ​ទៀត​គឺ​ត្រូវ​នៅ​ធ្វើការ​ក្នុង​​ការិយាល័យ ខ្ញុំ​មិនសូវ​ចូលចិត្ត​នោះទេ អផ្សុក​ណាស់​!»​។

ទាក់ទង​នឹង​ជីវិត​គ្រួសារ​វិញ លោក វ៉ី សំណាង បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​ ២០០៣ ដែល​រហូតមក​ដល់​ពេល​នេះ​ទទួល​បាន​បុត្រ​ចំនួន​ ៤ ​នាក់ ស្រី​ម្នាក់​ដែលជា​កូនច្បង​ និង​ប្រុស​ចំនួន​ ៣ ​នាក់​។

មកទល់​ពេល​នេះ​លោក វ៉ី សំណាង មិនទាន់​អាច​មើល​ដឹង​នៅឡើយ​ទេ​ថា កូនៗ​របស់​លោក​នឹងមាន​អ្នក​ស្នង​តួនាទី​ឪពុក​ធ្វើជា​មន្ត្រីរាជការ​ដូច​លោក​បានធ្វើ​បន្ត​ពី​ឪពុក​របស់លោក​ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​​បើទោះបី​ជា​ពួកគេ​មិនមាន​ជំនាញ​ និង​ចំណូលចិត្ត​ដូច​លោក​ក៏ដោយ​ក៏​លោក​មិន​បង្ខំ​កូន​ឱ្យធ្វើ​ការងារ​ដែល​ពួកគេ​មិន​ចង់​​ធ្វើ​នោះដែរ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​អ្នក​ដែល​ដើរ​មុន ខ្ញុំ​គ្រាន់តែ​ធ្វើការ​បង្ហាញផ្លូវ​ឱ្យ​ពួកគាត់​ទេ ប៉ុន្តែ​ផ្លូវ​ណា​ដែល​ពួកគាត់​ជ្រើសរើស​គឺជា​ការសម្រេច​របស់​ពួកគាត់​គ្រាន់តែ​យើង​ធ្វើការ​ណែនាំ​បន្ថែម​ប៉ុណ្ណោះ​។ បើ​យើង​ឱ្យ​គាត់​ធ្វើ​ខុស​ចំណង់​ចំណូលចិត្ត​​នៅពេល​ដែល​យើង​ប្រើ​គាត់ គាត់​នឹងមិន​ធ្វើ​ទេ​ដែល​នេះ​នឹង​​ធ្វើឱ្យ​ស្ថាប័ន​មួយ​នឹងមិន​ដំណើរការ​រលូន​ឡើយ​»​។

ក្នុង​នាម​លោក​ជា​អ្នកមាន​បទពិសោធ​ច្រើន​ទាក់ទង​នឹង​ការងារ​ជា​អភិបាលខេត្ត​នេះ លោក វ៉ី សំណាង បាន​ផ្តាំផ្ញើ​ក៏ដូចជា​ណែនាំ​ទៅដល់​យុវជន​យុវនារី​ជំនាន់​ក្រោយៗ​ដែល​មាន​បំណង​ ឬ​ស្រមៃ​លើ​ការងារ​នេះ​គឺត្រូវធ្វើ​យ៉ាងណា​ខិតខំ​រៀនសូត្រ អាន​សៀវភៅ​ឱ្យបាន​ច្រើន ហើយ​សុំ​កុំ​គិតថា​ខ្លួន​មិនអាច​ធ្វើជា​មន្ត្រីរាជការ​បាន​​ដោយសារ​គ្មាន​សែស្រឡាយ​ ឬ​មិនមែន​ជា​កូន​អ្នកធំ​នោះ​។

លោក​បញ្ជាក់ថា​៖ «​ត្រូវ​ឈប់​គិត​ និង​លុប​ឱ្យ​បាត់​នូវ​គំនិត​ថា ទាល់តែ​កូន​អ្នកធំ​ទើប​អាច​ឡើងជា​មន្ត្រីរាជការ ជា​អភិបាល​ខេត្ត​បាន​។ ​វា​មិន​ដូច្នេះ​ទេ​​សំខាន់​គឺ​អាស្រ័យ​លើ​ខ្លួនឯង​​បើ​កូនក្មួយ​ខិតខំ​រៀនសូត្រ ព្យាយាម​នោះ​នឹង​បានសម្រេច​មិន​ខាន​ដូច​ពាក្យ​ថា​មុននឹង​ឱ្យ​ទេវតា​ជួយ​ត្រូវ​ជួយ​ខ្លួនឯង​ជាមុនសិន​។ បើ​យើង​មិន​ខំ​ផង តើ​យើង​នឹង​អាចធ្វើ​ការងារ​ធំៗ​បានទេ​?»​។

លោក វ៉ី សំណាង ចង់ឱ្យ​ម្នាក់ៗ​ត្រូវតែ​ជឿជាក់​លើ​ខ្លួនឯង​ និង​ខិតខំ​រៀនសូត្រ ដែល​វា​នឹង​ជួយ​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ផង​ជួយ​គ្រួសារ​ឱ្យ​រីកចម្រើន​ និង​ជួយ​ដល់​សង្គមជាតិ​ទាំងមូល​ផង ដែល​សង្គមជាតិ​ត្រូវការ​នូវ​ទំពាំង​ល្អៗ​សម្រាប់​ស្នង​ទៅ​ថ្ងៃ​អនាគត​។

លោក វ៉ី សំណាង ត្រូវបាន​​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ឱ្យ​កាន់តំណែង​ជា​អភិបាលខេត្ត​កំពង់ស្ពឺ អាណត្តិ​ទី​ ២ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដដែល​កាលពី​ដើម​ឆ្នាំ​ ២០២០ បន្ទាប់ពី​រូបលោក​ត្រូវ​បាន​ត្រាស់បង្គាប់​ឱ្យ​កាន់តំណែង​ជា​អភិបាលខេត្ត​នេះ​កាលពី​ឆ្នាំ​ ២០១៦៕