ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការទប់ស្កាត់​ការវាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ​ ដោយ​លោក​បាន​ហាម​ចំពោះ​ការកែប្រែ ការប្តូរ​រូបរាង​ខាងក្រៅ ឬ​ធ្វើឱ្យ​ខូចខាត​សោភណភាព​ចំពោះ​សំណង់​អគារ​សាសនា​​ផ្សេងៗ សំណង់​សាធារណៈ សំណង់​ឯកជន ភូមិឋាន និង​ផ្ទះ​បុរាណ​។

យោងតាម​សារាចរ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ពីថ្ងៃ​ទី​ ១២ តុលា ឆ្នាំ​ ២០២១ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ពិនិត្យ​ឃើញ​ថា សព្វថ្ងៃ​ដោយសារ​ទំនើបកម្ម​បណ្តាល​ឱ្យ​មាន​ការបាត់បង់​សំណង់​អគារ​បេតិកភណ្ឌ ដោយសារ​ការវាយ​បំផ្លិចបំផ្លាញ​ការធ្វើឱ្យ​ខូចខាត​តាម​គ្រប់រូប​ភាព​ជា​បន្តបន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ដែល​ស្ថិត​នៅក្នុង​តំបន់​បេតិកភណ្ឌ​រាជធានី ខេត្ត​។

ការចេញ​សារាចរ​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​ការវាយ​បំផ្លិច​បំផ្លាញ ការធ្វើឱ្យ​ខូចខាត​តាម​គ្រប់រូប​ភាព​ជា​បន្ត​បន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ដែល​ស្ថិតនៅក្នុង​តំបន់ បេតិកភណ្ឌ​ទីក្រុង តាម​បណ្តា​រាជធានី ខេត្ត ដែលជា​សម្បត្តិ បេតិកភណ្ឌ​ជាតិ​ដ៏មាន​​តម្លៃ​ដែល​ប្រឈម​នឹង​ហានិភ័យ និង​ស្ថិតក្រោម​ការគំរាមកំហែង​ខ្ពស់​ដោយ​ការអភិវឌ្ឍ ដែល​ទាមទារ​ឱ្យមាន​ការថ្លឹងថ្លែង​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​គឺ​ត្រូវតែ​មាន​តុល្យភាព​។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «​ហេតុនេះ​ដើម្បីឱ្យ​ការងារ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទីក្រុង ដែល​មាន​សំណង់​អគារ​សាសនា​ផ្សេងៗ សំណង់ សាធារណៈ សំណង់​ឯកជន ភូមិឋាន និង​ផ្ទះ​បុរាណ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ រាជរដ្ឋាភិបាល សូម​ហាមឃាត់​ចំពោះ​ការកែប្រែ ការប្តូរ​រូបរាង​ខាងក្រៅ ឬ​ធ្វើឱ្យ​ខូចខាត​សោភណភាព​ចំពោះ​សំណង់​នៃ​តំបន់​បេតិកភណ្ឌ​ទីក្រុង​»​។

លោក ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យមាន​ការទប់ស្កាត់​ការវាយកម្ទេច​ និង​បំផ្លិចបំផ្លាញ​សំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិកភណ្ឌ ដើម្បី​ការពារ​ឱ្យបាន​គង់វង្ស និង​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការបំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់​ការពារ​ និង​ក្រៅ​តំបន់​ការពារ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ គោលនយោបាយ និង​ផែនទី​ចង្អុលបង្ហាញ ដើម្បី​ជំរុញ​ការអភិរក្ស និង​ការអភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​ប្រកប​ដោយ​និរន្តរភាព​។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «​សំណង់​អគារ​បេតិកភណ្ឌ​ដែល​នឹងត្រូវ​ធ្វើការ​ជួសជុល កែប្រែ​រូបរាង​ ឬ​វាយកម្ទេចចោល​ត្រូវ​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន​»​។

លោកនាយក​រដ្ឋមន្ត្រី​ណែនាំ​ទៅគ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​​រាជធានី-ខេត្ត ត្រូវអនុវត្ត​តាម​សារាចរ​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។

លោក យង់ តាំងកួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ តុលា ថា​លោក​សប្បាយចិត្ត​នៅពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានចេញ​នូវ​សារាចរ​នេះ ដោយសារ​កន្លងមក​មាន​ការអនុវត្ត​ខុសឆ្គង​ខ្លះ​នៅតាម​សហគមន៍ ដែល​មាន​ការវាយកម្ទេច​ចោល​​នូវ​អគារ​បេតិកភណ្ឌ​ដោយ​មិនមាន​ការឯកភាព​ពី​មន្ត្រី​ជំនាញ​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​​ក្នុង​សារាចរ​នេះ ហើយ​ខ្ញុំ​ក៏​សុំឱ្យ​មានការ​អនុវត្ត​នូវ​សារាចរ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​គ្របដណ្តប់​នៅ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ពិសេស​ខេត្ត​បន្ទាយមានជ័យ​នេះ ក៏ដូចជា​បណ្តា​ខេត្ត​ដែល​​មាន​អគារ សំណង់​បុរាណ​ចាស់ៗ​ដែល​ជា​បេតិកភណ្ឌ​របស់​ជាតិ​។ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​គោរព​ និង​អនុវត្ត​ឱ្យបាន​គ្រប់ៗ​គ្នា​»​។

នៅក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ប្រាសាទ វត្តអារាម​ដែលមាន​អាយុកាល​យូរ​ឆ្នាំ​ច្រើន​គួរសម ហើយ​កន្លងមក មន្ទីរវប្បធម៌​ និង​វិចិត្រសិល្បៈ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​បាន​ធ្វើការ​ចុះ​អប់រំ ផ្សព្វផ្សាយ ណែនាំ​ទៅតាម​ស្រុក ឃុំ និង​សហគមន៍​ដែលមាន​វត្ថុ​បុរាណ ប្រាសាទបុរាណ​ជាដើម​ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មិនបាន​ចូលរួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដោយ​លួច​សាងសង់​សំណង់​ក្បែរ​ប្រាសាទ និង​មានការ​វាយកម្ទេច​ស្ថានីយ​បុរាណ​ជាច្រើន​កន្លែង​ផងដែរ​។ នេះ​បើតាម លោក យង់ តាំងកួយ​។

លោក​បន្ថែមថា​៖ «​យើង​បានធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់​​លើ​ករណីនេះ​បាន​ច្រើន​ផងដែរ ហើយ​យើង​បាន​បន្ត​ធ្វើការ​ងារ​នេះ​ជាប្រចាំ​ផងដែរ​ដោយ​ ១ ​សប្តាហ៍​យើង​បាន​ប្រជុំគ្នា​​ចំនួន​ ២ ​ថ្ងៃ ដើម្បី​រក​ដំណោះស្រាយ​ទាក់ទង​នឹង​ការស្នើ​សុំច្បាប់​អនុញ្ញាត​សាងសង់​សំណង់​នៅតាម​តំបន់​មាន​ប្រាសាទ ហើយ​យើង​ក៏បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​សាងសង់​ផ្ទះ​ជា​របៀប​ខ្មែរ​ផងដែរ​»​។

គួររំឭក​ផងដែរ​ថា ស្ពានថ្ម​ចាស់​មួយ​នៅមុខ​សាលាខេត្ត​​បាត់ដំបង ដែល​បាន​សាងសង់​នៅក្នុង​សម័យ​អាណានិគម​​បារាំង​ក្នុង​ឆ្នាំ​ ១៩១៦ ​ដែល​មាន​អាយុកាល​ ១០៣ ​ឆ្នាំ​មកហើយ​នោះ​ហើយ​កំពុង​មាន​ភាពចាស់​ទ្រុឌទ្រោម ក៏មាន​ដំណឹង​ថា គ្រោង​នឹង​វាយកម្ទេច​ចោល​ ដើម្បី​សាងសង់​ស្ពាន​ថ្មី ប៉ុន្តែ​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ស្នើឱ្យ​រក្សា​ស្ពាន​បុរាណ​នេះ ហើយក៏​មាន​ការឯកភាព​រក្សា​ស្ពាន​នេះ​ទុក​ទៅតាម​សំណើ​៕