ភ្នំពេញៈ យ៉ាង​ហោច​ណាស់​យានយន្ត​សរុប​ចំនួន ៥៨១៩ គ្រឿង​ក្នុង​ចំណោម​ជិត ៥ ម៉ឺន​គ្រឿង​ ត្រូវ​បាន​រក​ឃើញ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​ត្រូវ​បាន​ផាក​ពិន័យ​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ១៤ ថ្ងៃ​ក្នុង​ខែ​តុលា​នេះ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី ១ ដល់​ទី ១៤ ខែ​តុលា ឆ្នាំ ២០២១​នេះ មាន​យានយន្ត​ចូល​គោលដៅ​ ចំនួន ៤៩ ១៤៩ គ្រឿង។ ក្នុង​នោះ​យានយន្ត​ល្មើស​សរុប​ចំនួន ៥៨១៩គ្រឿង ដែល​រួម​មាន​ម៉ូតូ​ចំនួន ១០៦៦​គ្រឿង ត្រូវ​បាន​ផាក​ពិន័យ​នៅ​ក្នុង​ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ.បក។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​សរសេរ​ថា៖ «របាយការណ៍​បាន​វាយ​តម្លៃ​រយៈពេល ១៤ ថ្ងៃ​នៃ​ខែ​តុលា​នេះ ឃើញ​ថា ការ​អនុវត្ត​តាម​អនុក្រឹត្យ​នៃ​ការ​ផាក​ពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ ទទួល​បាន​ការ​គាំទ្រ ពិសេស​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ»។

ក្រៅពីនោះ ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​ដែល​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នង​ការដ្ឋាន នគរបាលជាតិ​ក៏​បាន​បង្ហាញ​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា​នេះ បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ចំនួន ៦​នាក់, របួស​ធ្ងន់ ៥​នាក់ (ស្រី ១នាក់) និង របួស​ស្រាល ៤​នាក់ (ស្រី ៣នាក់)។ ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​ដោយសារ​ការ​ប៉ះ​ទង្គិច​គ្នា​ចំនួន ៨​លើក។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​ដោយសារ​តែ​បើកបរ​លើស​ល្បឿន​កំណត់​មាន ៣​ករណី, មិន​គោរព​សិទ្ធិ ១​ករណី, ស្រវឹង ២​ករណី និង​មក​ពី​កត្តា​យានយន្ត ២​ករណី៕