ភ្នំពេញៈ ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ ២០២១ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​រកឃើញ​យានយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​ជិត​ ៥៨ ​ម៉ឺន​គ្រឿង ដែល​ក្នុងនោះ​ត្រូវបាន​ពិន័យ​មាន​ជាង ២ ០០០ ​គ្រឿង អនុគ្រោះ​មាន​ជាង​ ៥៧ ​ម៉ឺន​គ្រឿង និង​ឃាត់ទុក​មាន​ជាង​ ២០០ ​គ្រឿង​។

របាយការណ៍​របស់​ក្រសួង​សាធារណការ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខែតុលា ថា​៖ «​យានយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១ ៨៣០ ៦៣១ ​គ្រឿង យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៥៧៨ ១០៣ គ្រឿង ស្មើនឹង ៣១,៥៨% ដែល​ក្នុងនោះ យានយន្ត​ផ្ទុក​លើស​ក្នុង​កម្រិត​អនុគ្រោះ​ចំនួន ៥៧៥ ៨៥៦ ​គ្រឿង និង​យានយន្ត​លើស​ទម្ងន់ កម្រិត​កំណត់​ដែល​បាន​ពិន័យ​មាន​ចំនួន ២ ២៤៧ ​គ្រឿង​ដែល​រួមទាំង​យានយន្ត​ដែល​ឃាត់ទុក​ចំនួន ២២៩ ​គ្រឿង​»​។

របាយការណ៍​បញ្ជាក់ថា​៖ «​យានយន្ត​ចំនួន ២២៩ ​គ្រឿង​ដែល​បាន​ពិន័យ និង​ឃាត់ទុក​ទទួល​បាន​ការអនុគ្រោះ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​ប្រគល់ជូន​ម្ចាស់​យានយន្ត​វិញ​»​។

ក្រសួង​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ១៥ ខែតុលា ថា ក្រសួង​នឹង​បន្ត​ផ្សព្វផ្សាយ​ និង​ពន្យល់​ណែនាំ​ដល់​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន ដេប៉ូ​ខ្សាច់​ និង​ថ្ម និង​សាធារណជន​ឱ្យបាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​អំពី​បទដ្ឋាន​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជាពិសេស​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្រុមការងារ​នឹង​បន្ត​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​មិនមាន​ការលើកលែង​ឡើយ​»​។

ក្រសួង​បន្តថា ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ប្រទេស​មាន​ការអភិវឌ្ឍ និង​រីកចម្រើន​ច្រើន និង​តម្រូវការ​របស់​រដ្ឋបាល​ខេត្ត ក្រសួង​នឹង​រៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​ជញ្ជីង​ថ្មី នៅ​ខេត្ត​កែប និង​ខេត្តព្រះវិហារ ព្រមទាំង​គ្រោង​សាងសង់​ស្ថានីយ​ជញ្ជីង​បន្ថែមទៀត នៅតាម​ខេត្ត​ដែលមាន​តម្រូវ​ការចាំបាច់​៕