មជ្ឈមណ្ឌល​ផលិត​ផែនទី​នៃ​ក្រសួង​ការពារជាតិ លើក​ដំបូង​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ ២០២១ ជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រសួង​ការពារជាតិ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​សំណង់​នៃ​មជ្ឈមណ្ឌល​ផលិត​ផែន​ទី​នេះ ត្រូវ​ចាប់​ផ្តើម​ដំណើរ​ការ​សាងសង់​តាំង​ពី​ឆ្នាំ ២០២០ កន្លង​មក ប៉ុន្តែ​ដោយ​បញ្ហា​វិបត្តិ​សកល​នៃ​ជំងឺ​កូវីដ១៩ ធ្វើ​ឱ្យ​ការ​សាងសង់​ត្រូវ​បាន​ពន្យារ​រហូត​ដល់​ពេល​នេះ។

ពិធីនេះ​មាន​ការ​ចូលរួម​ក្រោម​អធិបតីភាព លោក ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ និង​លោក ចាង ជៀន ( CHANG JIAN ) ទី​ប្រឹក្សា​អមស្ថាន​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

នាឱកាសនៃ​ការ​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ផលិត​ផែនទី នៅ​នាយកដ្ឋាន​ភូមិសាស្ត្រ ក្រសួង​ការពារជាតិ លោក ទេព ចម្រើន នាយក​នាយក​ដ្ឋាន​ភូមិសាស្ត្រ ក្រសួង​ការពារជាតិ បាន​ថ្លែង​ថា នេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ដែល​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ពី​ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​ក្រសួង​ការពារជាតិ សាធារណរដ្ឋ​ប្រជាមានិត​ចិន អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​វាស់វែង​គូរ​ផែនទី និង​សេវា​នាំ​ផ្លូវ​រវាង​ក្រសួង​ការពារជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ សារធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ឆ្នាំ ២០១៨ កន្លង​មក។

ជាមួយគ្នា​នោះ លោក ឯល វ៉ាន់សារ៉ាត បាន​មាន​ប្រសាសន៍​ថា ៖ «នេះ​ជា​មោទនភាព​បំផុត​របស់​នាយកដ្ឋាន​ភូមិសាស្ត្រ ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​ទទួល​បាន​នូវ​មជ្ឈមណ្ឌល​ផលិត​ផែនទី ដែល​ជា​យូរយារ​ណាស់​មក​ហើយ កង​យោធពល​ខេមរភូមិន្ទ​ពុំ​ធ្លាប់​មាន»។

លោក​បាន​បញ្ជាក់​ថា ពេល​ស្ថិត​ក្រោម​អាណានិគម​បារាំង ឆ្នាំ ១៨៩៩ រដ្ឋាភិបាល​បារាំង បាន​បង្កើត​ក្រុម​ភូមិសាស្ត្រ​មួយ​សម្រាប់​ឥណ្ឌូចិន ហើយ​ឱ្យ​ឈ្មោះ​ថា សេវា​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​ស្ថិត​នៅ​ទីក្រុង​ដាឡាត់ អតីត​វៀតណាម​ខាង​ត្បូង និង​មាន​រោងពុម្ព​នៅ​ទីនោះ។

លោក ឯល វ៉ាន់សារ៉ាត បាន​បន្ថែម​ថា លុះ​ដល់​ឆ្នាំ ១៩៥៥ ក្រោយ​ពី​ប្រទេស​កម្ពុជា ទទួល​ឯករាជ្យ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន ក៏​បាន​រំលាយ​ខ្លួន ហើយ​ប្រទេស​នីមួយៗ​បង្កើត​ស្ថាប័ន​ភូមិ​សាស្ត្រ​រៀងៗ​ខ្លួន ដោយ​ឡែក​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ របស់​រដ្ឋ​មន្ត្រី ក្រសួង​សេដ្ឋកិច្ច​ជាតិ ឈ្មោះ​ថា ក្រុម​ភូមិសាស្ត្រ​ខ្មែរ។ លុះ​ដល់​ខែ​មិថុនា ឆ្នាំ ១៩៥៦ នាយកដ្ឋាន​ភូមិសាស្ត្រ ផ្ទេរ​ឱ្យ​ក្រសួង​ការពារ​ជាតិ​គ្រប់​គ្រង​វិញ​ឈ្មោះ​ថា នាយកដ្ឋាន​ភូមិសាស្ត្រ នៃ​កងយោធពល​ខេមរភូមិន្ទ ប៉ុន្តែ​មិន​ទាន់​មាន​រោងពុម្ព​ផលិត​ផែនទី​ផ្ទាល់​ខ្លួន​នៅ​ឡើយ​ទេ។

លោក ឯល វ៉ាន់សារ៉ាត បាន​ផ្ដាំ​ផ្ញើ​ដល់​ក្រុម​វិស្វករ អ្នក​បច្ចេកទេស ជំនាញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ាង​ណា សាងសង់​អគារ​នេះ​ប្រកប​ដោយ​គុណភាព​រឹងមាំ អាច​ប្រើ​ប្រាស់​យូរ​អង្វែង និង​សហការ​ឱ្យ​បាន​ល្អ​ជាមួយ​នាយកដ្ឋាន​ភូមិ​សាស្ត្រ ក្រសួង​ការពារ​ជាតិ ធានា​បាន​លទ្ធផល​ល្អ តាម​ការ​កំណត់​នៃ​គម្រោង​ផែនការ​សាងសង់។

គួរ​បញ្ជាក់​ថា អគារ​មជ្ឈមណ្ឌល ផលិត​ផែន​ទី​នេះ សង់​ឡើង​អំពី​ថ្ម ដែល​មាន​ ៣​ជាន់ តាម​គម្រោង​ផែន​ការ​នឹង​បញ្ចប់​ការ​សាងសង់ ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២២ ខាង​មុខ​នេះ៕