ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ១៤ តុលា បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅចុងឆ្នាំ ២០២១។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព សមាគមន៍ទេសចរណ៍ សមាគមន៍សណ្ឋាគារ និងភោជនីយដ្ឋាន សមាគមន៍ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ អ្នកគ្រប់គ្រងសណ្ឋាគារ និងអ្នកគ្រប់គ្រងភោជនីយដ្ឋានក្នុងខេត្តជាប់មាត់សមុទ្រនេះ។ នេះបើតាមរដ្ឋបាលខេត្ត។
វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ( SOP) តាមបែបគន្លងថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានដូចជា ១ គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ២ គោលការណ៍ណែនាំ សម្រាប់បុគ្គលិក ៣ ការសម្លាប់មេរោគ ៤ ការគ្រប់គ្រងភោជនីយដ្ឋាន ៥ សេវាកម្មដឹកជញ្ជូន ៦ ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។
លោក គួច ចំរើន បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីផ្សព្វផ្សាយ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា (SOP) តាមបែបគន្លងថ្មី។
លោកបញ្ជាក់ថា៖ «ដូច្នេះម្ចាស់អាជីវកម្ម ត្រូវខិតខំស្វែងយល់ពីបទបង្ហាញវិធានសុវត្ថិភាពស្តង់ដា (SOP) ថ្វីដ្បិតតែជំងឺកូវីដ ១៩ នៅខេត្តព្រះសីហនុមានការធូរស្រាលប្រសើរឡើង ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការនានា ដូចជាវិធានសុខាភិបាល និងវិធានការ ៣ ការពារ និង ៣កុំ និងយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស…»។
បើតាមលោក គួច ចំរើន ខេត្តព្រះសីហនុមានប្រជាពលរដ្ឋចាក់វ៉ាក់សាំងបានចំនួនជាង ២៩ ម៉ឺននាក់ ស្មើនឹង ៩២,៧១ ភាគរយ ហើយមកដល់ពេលនេះខេត្ត នៅតែបន្តចាក់វ៉ាក់សាំងដូសទីមួយជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តអត់ចង់បិទ អត់ចង់ផ្អាកអាជីវកម្មរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះប្រជាពលរដ្ឋត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានសុវត្ថិភាព (SOP) ឱ្យបានត្រឹមត្រូវ ដើម្បីបើកទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឡើងវិញ។
លោកបញ្ជាក់ថា៖ «យើងត្រូវរួមគ្នារស់នៅតាមបែបគន្លងថ្មី ជាមួយកូវីដ ១៩ ដើម្បីបើកទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍បរទេសឡើងវិញនៅពេលខាងមុខ ក៏ដូចជាបង្កើនមុខរបររបស់បងប្អូន។ ដូច្នេះត្រូវមានការចូលរួមពីបងប្អូនផងដែរទើបទទួលបានជោគជ័យ»។
លោក គួច ចំរើន បានអំពាវនាវដល់មន្ត្រីរាជការម្ចាស់អាជីវកម្មទាំងអស់ ត្រូវជួយផ្សព្វផ្សាយដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វាអាចជួយការពារអាយុជីវិតរបស់យើងទាំងអស់គ្នាពីការស្លាប់ ហើយរាល់អាជីវកម្មដែលមានការប្រមូលផ្តុំ អ្នកគ្រប់គ្រងទីតាំងនីមួយៗត្រូវត្រួតពិនិត្យបុគ្គលិករបស់ខ្លួន និងជំរុញឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ដើម្បីធានាការមិនឆ្លងកូវីដដល់ភ្ញៀវទេសចរ៕