ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន លោក ប៉ា លីហុង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមដងស្ទឹង និងអូរសំខាន់ៗក្នុងខេត្តប៉ៃលិន បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពស់ទឹកភ្លៀងមានការកើនឡើងខ្ពស់។
លោក ប៉ា លីហុង បានជូនដំណឹងនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ពីស្ថានភាពទឹកតាមដងស្ទឹង និងអូរ ក្នុងខេត្តប៉ៃលិនថា ដោយសារមានភ្លៀងធ្លាក់ ក្នុងរយៈពេលជាង ១០ ម៉ោងមកនេះ ដែលជាមធ្យមកម្ពស់ទឹកភ្លៀងចន្លោះពី ៥០ មម ទៅ ៦០ មម បានធ្វើឱ្យទឹកតាមដងស្ទឹង និងអូរមានការកើនឡើងខ្ពស់។
លោកបានបញ្ជាក់ថា៖ «ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមដងស្ទឹង និងអូរនានា សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់»។
លោក ប៉ា លីហុង ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកម្រិតទឹក មន្ទីរនឹងជម្រាបព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីចាំបាច់៕
វីដេអូ៖