​ភ្នំពេញៈ រយៈពេល​ ៦ ​ថ្ងៃ ភ្នាក់ងារ​គណបក្សនយោបាយ​ដែល​បានដាក់​ពាក្យស្នើសុំ​សង្កេតការណ៍​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២១ មាន​ចំនួន​ជាង ៤ ២០០ នាក់ មកពី ​៣ ​គណបក្ស ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​ច្រើន​លើសលប់ គឺ​ជាង​ ៤ ១០០ ​នាក់ បើ​ធៀប​នឹង​គណបក្ស​ផ្សេង​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បើក​ឱ្យ​ភ្នាក់ងារ​គណបក្សនយោបាយ​ដាក់ពាក្យ​ស្នើសុំ​សង្កេតការណ៍​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ​២០២១ ចាប់ពី​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី ​២ ខែ កុម្ភៈ ឆ្នាំ​ ២០២២​។​

​គជប បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ខែតុលាថា ភ្នាក់ងារ​គណបក្ស​ទាំង​៣​នេះ​សរុប​មាន ៤ ២៨៩ នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ១ ១១៩ នាក់​។

​ប្រទេស​កម្ពុ​ជាមាន​ឃុំ សង្កាត់ សរុប​ចំនួន ១ ៦៤៦​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​ ២០២២ ខណៈ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​ ២០២៣​។​

​គណបក្ស​ទាំង​ ៣​ នោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ភ្នាក់ងារ​សង្កេតការណ៍​ ៤ ១៦៧​ នាក់​ មកពី​ ១ ៥៧៧ ​ឃុំ សង្កាត់ ក្នុង ​២៥ ​រាជធានី-ខេត្ត គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មាន ​១០៨​នាក់ មកពី​ ៧៨ ​ឃុំ សង្កាត់​ក្នុង​ ១៣​ រាជធានី-ខេត្ត និង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មាន​ ១៤​ នាក់ មកពី​ ៧​ ឃុំ សង្កាត់ ក្នុង​ ៣ ​រាជធានី-ខេត្ត​៕​