កោះកុងៈ វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស តេ​ជោ​សែន កោះកុង​ នឹង​បើក​ឱ្យ​សិស្ស​ចូលរៀន​ឡើងវិញ​ចាប់ពី​ថ្ងៃទី ​១៨ ខែតុលា ដោយ​សិស្ស​ខ្លះ​តម្រូវឱ្យ​រៀន​នៅ​សាលា​ផ្ទាល់ និង​សិស្ស​ខ្លះទៀត​រៀន​តាម​អន​ឡាញ​។​

​សេចក្តីជូនដំណឹង​រប​ស់​សាលារៀន​នេះ​បញ្ជាក់​នៅ​ថ្ងៃទី​ ១៦ ខែតុលាថា សិស្ស​ថ្នាក់​ទី​៩ ​និង​ថ្នាក់​ទី​១២ ត្រូវ​មក​រៀន​ផ្ទាល់​ទាំងអស់គ្នា​។ ស្សិស​ថ្នាក់​ទី​១២​ រៀន​ពេលព្រឹក​ចាប់ពី​ម៉ោង ​៧​ ព្រឹក​ដល់ ​១០ ​ព្រឹក រីឯ​សិស្ស​ថ្នាក់​ទី​៩​រៀន​ពេល​រសៀល​ចាប់ពី​ម៉ោង​ ២​ រសៀល ​ដល់ ​៥ ​ល្ងាច​។​

​សេចក្តីជូនដំណឹង​បន្តថា សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ទី​៨ ទី​១០ និង​ទី​១១ ត្រូវ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ជាធម្មតា​ចំពោះ​សិស្ស​ដែលមាន​ទូរស័ព្ទ ឬ​ឧបករណ៍​វៃឆ្លាត (Smart Phone) តែ​ចំពោះ​សិស្ស​ដែល​មិនមាន Smart Phone នឹង​មក​រៀន​ដោយផ្ទាល់​នៅ​សាលារៀន​។

​សម្រាប់​ថ្នាក់​បច្ចេកទេស មេកានិច និង​អគ្គិសនី វិញ សិស្ស​តម្រូវ​ឱ្យមក​អនុវត្ត​ដោយផ្ទាល់​នៅ​សាលារៀន ពេលព្រឹក​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង ​១១ ​ព្រឹក និង​ពេល​រសៀល​ចាប់ពី​ម៉ោង ​២ ​រសៀល​ដល់​ម៉ោង​ ៥ ​ល្ងាច​៕​