ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ២៥ ខែតុលា បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យគុណភាពបច្ចេកទេសនៃគម្រោងសាងសង់ផ្លូវ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែករួចអ៊ុតក្រាលបេតុងកៅស៊ូ ការសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់ ចំនួន ៣៨ ខ្សែ នៅក្នុងខេត្តសៀមរាប ដែលសម្រេចបានជិត ៨៤ ភាគរយក្នុងរយៈពេល ១១ ខែកន្លងមក ហើយគម្រោងនេះនឹងត្រូវបញ្ចប់ការស្ថាបនាជាស្ថាពរនៅចុងខែធ្នូ។
លោកថ្លែងថា៖ «ការចុះពិនិត្យនេះក៏ក្នុងគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការណ៍ ដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដា ដែលអាចទទួលយកបានពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក»។
លោកបន្តទៀតថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះបានប្រឈមនឹងការរាំងស្ទះដោយសារវិបត្តិជំងឺកូវីដ ១៩ ធ្វើឱ្យកម្មករ ក៏ដូចអ្នកអនុវត្តមានការលំបាកក្នុងការងារប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ពេលវេលាសម្រាប់ការសាងសង់មានរយៈពេលខ្លី ក្រុមការងារត្រូវពុះពារធ្វើការ ទាំងក្នុងរដូវវស្សាភ្លៀងធ្លាក់ មានការលំបាកក្នុងការងារសាងសង់។
លោក ចាន់ថុល ថ្លែងថា៖ «ទោះជាយ៉ាងនេះក្តី ដោយមានការតាំងចិត្តខ្ពស់ពីក្រុមការងារជំនាញ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ផ្លូវទាំង ៣៨ ខ្សែ កំពុងត្រូវបានបន្តការស្ថាបនា សម្រេចបានលឿនជាងផែនការកំណត់បន្តិច និងសង្ឃឹមថា ក្រុងសៀមរាបនឹងត្រូវបានប្តូរមុខមាត់ថ្មី នៅក្នុងចុងឆ្នាំនេះជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រណីតស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌របស់កម្ពុជា»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែតុលា វឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ ឬរយៈពេលជាង ១១ ខែសម្រេចបាន ៨៣,៨៧% ដែលគម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។
គម្រោងសាងសង់ផ្លូវចំនួន ៣៨ ខ្សែ ក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែនោះ មានដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ និងការងារដាំដើមឈើ៕