កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​បាន​សម្រេច​ផ្អាក​វាយតម្លៃ​ការងារ​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​នេះ​រយៈពេល​ ២ ​ឆ្នាំ​ចំពោះ​ការធ្វើសកម្មភាព​មិន​សមរម្យ ដោយបាន​ផឹកស្រា​ស្រវឹង ហើយ​ចូលទៅ​អុកឡុក​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក សុខ លឹមហៀង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២១​។

យោងតាម​លិខិត​ព្រមាន​ចុះ​ថ្ងៃទី​ ២៩ ​ខែ តុលា​ ឆ្នាំ​ ២០២១ ដែល ​ភ្នំពេញ ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃ​ចន្ទ លោក អ៊ុន ចាន់ដា បានចាត់ទុក​សកម្មភាព​នោះ​ថា ជា​អំពើ​មិន​គប្បី​ និង​ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ​កិត្តិយស​ជា​មន្ត្រី​រាជការ និង​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​ថែម​ទៀតផង​។

លោក ចាន់ដា បានបញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «​រដ្ឋបាលខេត្ត​សម្រេច​ផ្អាក​ធ្វើការ​វាយតម្លៃ​ស្នើសុំ​គ្រឿង​ឥស្សរិយយស​ការងារ​រយៈពេល​ ២ ​ឆ្នាំ រួមទាំង​ការវាយតម្លៃ​ស្នើសុំ​ដំឡើង​ថ្នាក់ ដំឡើង​ឋានន្តរស័ក្តិ រយៈពេល​ ២ ​ឆ្នាំ​ចំពោះ លោក អ៊ុម វិបុល​»​។

ក្នុង​លិខិត​ព្រមាន​ដដែល​នោះ លោក ចាន់ដា ក៏បាន​ណែនាំ​ឱ្យ​លោក អ៊ុម វិបុល កែប្រែ​ឥរិយាបថ ដោយ​បញ្ឈប់​ការយក​ម៉ោង​ការងារ​ទៅ​ដើរ​ផឹក​គ្រឿងស្រវឹង​បង្ក​បាតុភាព ឬ​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើឱ្យ​បាត់បង់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​ជា​អ្នកដឹកនាំ​ និង​ជា​អ្នករាជការ​។ ប៉ុន្តែ​ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ និង​រដ្ឋបាល​ក្រុង ស្រុក ដោយ​ត្រូវគោរព​វិន័យ និង​ពេលវេលា​បំពេញការងារ​នៅក្នុង​អង្គភាព​ឱ្យបាន​ជាប់លាប់​ហើយ​គ្រប់​បេសកកម្ម​ និង​ការសុំច្បាប់​ឈប់សម្រាក​ត្រូវមាន​ការអនុញ្ញាត​ពី​អភិបាល​នៃ​គណៈអភិបាលខេត្ត​។

ជាមួយ​គ្នា​នេះ លោក​បាន​ជំរុញ​ឱ្យ​លោក អ៊ុម វិបុល អនុវត្តតាម​សេចក្ដី​ណែនាំ​ខាងលើ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​កើតមាន​កំហុស​ជាថ្មីទៀត​នៅពេល​ក្រោយ​។ លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ក្នុងករណី​មិន​រាងចាល​រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាមច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ពាក់ព័ន្ធ​នានា​ដោយ​មិន​មាន​ការយោគយល់​ទៀតឡើយ​»​។

ជុំវិញ​ករណីនេះ លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ចាម មិនអាច​ទាក់ទង​ស្នើសុំ​ការពន្យល់​បានទេ កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ប៉ុន្តែ​យោងតាម​ចំណារ​របស់​លោក​លើ​លិខិត​ព្រមាន​នោះ និង​ដែល​លោក​ទទួលបាន​កាលពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២១ បាន​ចារ​បញ្ជាក់ថា​៖ «​ខ្ញុំបាទ​បានទទួល​ដោយ​សេចក្ដី​គោរព​ដ៏ខ្ពង់ខ្ពស់​»​។

ចំណែក លោក សុខ លឹមហៀង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បាន​បដិសេធ​ធ្វើ​អធិប្បាយ​បន្ថែម​ពីលើ​លិខិត​ព្រមាន​របស់លោក អ៊ុន ចាន់ដា ដោយ​លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ករណី​របស់​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ត្រូវបាន​គណៈ​អភិបាលខេត្ត​ចាត់វិធានការ​​ដោយ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​រួចរាល់​ហើយ «​ខ្ញុំ​គ្មានអ្វី​ត្រូវ​អធិប្បាយ​បន្ថែម​នោះទេ​»​។

គួររំឭកថា កាលពី​រសៀល​ថ្ងៃទី​ ២៨ ខែ តុលា ឆ្នាំ​ ២០២១ មាន​ពិធី​ប្រកាស​​តែងតាំង​តំណែង លោក សុខ លឹមហៀង ដែលជា​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​ទៅជា​ប្រធាន​មន្ទីរ​នេះ ​ជំនួស​លោក សុខ ស្រ៊ុន ដែល​ត្រូវបាន​ផ្លាស់​ទៅ​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ពិធី​ផ្ទេរតំណែង​នោះ​ធ្វើឡើង​នៅក្នុង​សាលាខេត្ត​កំពង់ចាម​ក្រោម​អធិបតីភាព​លោក ស៊ុយ សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម​។ ក៏ប៉ុន្តែ​នៅក្នុង​ពេលនោះ លោក អ៊ុម វិបុល​ដែល​កំពុងស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​​ស្រា​ជោកជាំ​បានធ្វើ​សកម្មភាព​ចូលទៅ​អុកឡុក​ក្នុង​ពិធី​នោះ ដោយ​ប្រើ​កាយវិការ​ និង​ពាក្យពេចន៍​មិន​សមរម្យ ធ្វើឱ្យ​បាត់បង់​នូវ​កិតិ្តយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់ខ្លួន​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​នៃ​អង្គភាព​មួយ និង​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​៕