បាត់ដំបងៈ អធិការរង​នគរបាល​ស្រុក​គាស់ក្រឡ​ម្នាក់​ត្រូវ​បាន​តំណាង​អយ្យការ ធ្វើការ​ចោទប្រកាន់ នៅ​ថ្ងៃទី​ ៧ ​វិច្ឆិកា ពាក់ព័ន្ធ​ករណី​សម្លាប់​បុរស​ជា​បងថ្លៃ​ម្នាក់ ដែល​មាន​ជំងឺ​សរសៃប្រសាទ ប្រព្រឹត្ត​នៅ​ភូមិ​បាស្រែ ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ហើយ​បាន​យក​សាកសព​ទៅ​កប់​ចោល កាលពី​អំឡុង​ខែសីហា ឆ្នាំ​ ២០២១​។

លោក​ ដួង សាវ៉ន ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ៧ ​វិច្ឆិកា​ថា ជន​ឈ្មោះ ដាក សុខា ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់ និង​បញ្ជូន​បន្តទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។ លោក​បញ្ជាក់ថា​៖ «​ករណីនេះ ត្រូវ​បាន​តំណាង​អយ្យការ ធ្វើការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​តាម​មាត្រា​ ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។

លោក​ ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ៧ ​វិច្ឆិកា​ថា បុរស​រងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ឈ្មោះ យ៉ង សារ៉ាត់ ហៅ​សាក់ អាយុ ៤៥ ឆ្នាំ ជាជាង​ជួសជុល​កង់​ម៉ូតូ​រស់នៅ​ភូមិ​បាស្រែ ឃុំ ដូនបា ស្រុក​គាស់ក្រឡ​។

លោក​មិនដឹងថា ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅទីណា​ទេ ប៉ុន្តែ​គាត់​បាន​យក​ស្ត្រី​ម្នាក់​ត្រូវជា​បងស្រី​បង្កើត​របស់​លោក​អធិការរង​ ដាក សុខា​។

ប៉ុន្តែ​ទាក់ទង​នឹង​មូលហេតុ​នៃ​ការសម្លាប់​នោះ សមត្ថកិច្ច​មិនទាន់​បាន​ទទួល​ចម្លើយ​ពី​ជនសង្ស័យ​ទេ​។ ជនរងគ្រោះ​មាន​របរ​ជា​ជាង​ជួសជុល​កង់​ម៉ូតូ​តែ​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១៨ គាត់​ក៏មាន​ជំងឺ​សរសៃប្រសាទ ប៉ុន្តែ​ជនរងគ្រោះ​មិន​បង្ករឿង​ ឬ​វាយតប់​អ្នកណា​ទេ​។

លោក​បន្ថែមថា ជនរងគ្រោះ​បាន​បើក​ថ្នាំ​សរសៃប្រសាទ​ពី​អង្គការ​វលវីហ្សិន​ខេត្តបាត់ដំបង​យកទៅ​លេប​ជាប្រចាំ​ដែរ​។ លុះ​នៅ​អំឡុង​ឆ្នាំ​ ២០១៩ ​ជនរងគ្រោះ បាន​នៅក្នុង​ផ្ទះ​ថែមទាំង​ចាក់សោ​ទ្វារ​បង្ខាំង​ប្រពន្ធ​កូន​មិន​ឱ្យ​ដើរ​ចេញពីផ្ទះ​រយៈពេល​ ៣ ​ថ្ងៃ តែ​មិនបាន​ធ្វើបាប​ប្រពន្ធ​កូន​ទេ​។

លោក​ ពិសិដ្ឋ ​បញ្ជាក់ថា ក្រោយពី​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់ សមត្ថកិច្ច​របស់លោក​រួម​នឹង​នគរបាល​ស្រុក​គាស់ក្រឡ​បាន​ទៅ​គាស់​សោ​ទ្វារផ្ទះ រំដោះ​ប្រពន្ធ​កូន រួមទាំង​គាត់​ (​ជនរងគ្រោះ​) ​ផងដែរ​។

ចាប់តាំងពី​ពេលនោះ​មក ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​នាំ​កូន​ចេញ​ពី​ផ្ទះ ទៅ​រស់នៅ​ធ្វើជា​កម្មករ​កាត់ដេរ នៅ​រាជធានី​ភ្នំពេញ​អស់​ទុក​តែ​ជន​រងគ្រោះ​នៅផ្ទះ​ម្នាក់ឯង​។

ដោយសារ​តែ​ប្រពន្ធ​កូន​ទៅ​ចោល​អស់​បែបនេះ បុរស​រងគ្រោះ​បាន​ចាក់សោ​ទ្វារផ្ទះ​ចោល ហើយ​ទៅធ្វើ​តូប​តូច​មួយ​ ដើម្បី​ប៉ះ​កង់​ម៉ូតូ​នៅមុខ​វត្ត​ក្បែរ​ផ្សារ​គាស់ក្រឡ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ២៦ ​ខែសីហា ឆ្នាំ​ ២០២១ អាជ្ញាធរ​ស្រុក​គាស់ក្រឡ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ហើយ​នៅពេល​នោះ​ជនរងគ្រោះ​បាន​យក​ដែក​ស្បែង ទៅ​វាយ​សមត្ថកិច្ច ប៉ុន្តែ​ដោយសារ​លោក​ ប៉ាង ហៀង អធិការ​ស្រុក​គាស់ក្រឡ​ដឹងថា ជនរងគ្រោះ​ជា​មនុស្ស​មាន​សតិ​មិនល្អ ក៏​យក​គាត់​ទៅ​អធិការដ្ឋាន​ស្រុក​គាស់ក្រឡ​ ដើម្បី​ធ្វើការ​អប់រំ​។

បើតាម​លោក​ ចាន់ ពិសិដ្ឋ នៅ​ល្ងាច​ថ្ងៃទី​ ២៦ ​សីហា​ដដែល​នោះ ស្រាប់តែ​លោក​អធិការរង ដាក សុខា ​ធ្វើលិខិត​សុំ​ធានាថា យក​ជនរងគ្រោះ​ទៅ​ចាក់​ថ្នាំ​សរសៃប្រសាទ​ហើយ​ក៏​បាត់​ដំណឹង​រហូត​ចាប់តាំងពី​ពេលនោះ​មក​។

ជនរងគ្រោះ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​ ២៦ ​រហូត​ដល់​ថ្ងៃទី​ ៣១ ​សីហា ទើប​រកឃើញ​សាកសព​។ ការរកឃើញ​សព​របស់​ជនរងគ្រោះ​ដោយសារ​បុរស​ម្នាក់​បាន​ទៅ​ភ្ជួរ​ដី​។ នៅពេល​នោះ​គាត់​បាន​ចូលទៅក្នុង​ដីឡូត៍ ១ ​កន្លែង​ដើម្បី​កាច់​មែកឈើ​។ ចៃដន្យ​គាត់​ឃើញ​សត្វ​អណ្តើក​វារ​ចូល​ព្រៃ​ហើយ​គាត់​តាម​ចាប់​សត្វ​អណ្តើក​នោះ ក៏​ប្រទះ​ឃើញ​ដៃ​ជនរងគ្រោះ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង​។

លោក​ឱ្យដឹងថា ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ឃើញ​ថា ក្បាល​របស់​ជនរងគ្រោះ​រង​ការវាយ​ពីក្រោយ​ខាងស្តាំ​ ១ ​កន្លែង និង​ថ្ងាស​ខាងឆ្វេង​ ១ ​កន្លែង​។ លោក​ ពិសិដ្ឋ ​បាន​និយាយថា​៖ «​ករណីនេះ កម្លាំង​ជំនាញ​ខេត្ត និង​នគរបាល​ស្រុក នគរបាល​ប៉ុស្តិ៍ ប្រើពេល​ស្រាវជ្រាវ​អស់​ ២ ​ខែ​ ៤ ​ថ្ងៃ ទើប​វែកមុខ​ឃាតករ​ឃើញ​»៕

វីដេអូ៖