កណ្តាលៈ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ខ្សាច់កណ្តាល​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់ កាលពី​ព្រលប់​ថ្ងៃទី​ ២០ ​វិច្ឆិកា នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល នៅពេល​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​។

លោក អ៊ុន យ៉ុង អធិការរង​ទទួល​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ ស្រុក​ខ្សាច់កណ្តាល​ឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ​វិច្ឆិកា​ថា ជនរងគ្រោះ​ឈ្មោះ ឆែម ឆា ភេទ​ប្រុស អាយុ ៦៤ ​ឆ្នាំ ជា​កសិករ មាន​លំនៅ​ក្នុងភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល​។ ជនរងគ្រោះ​ត្រូវបាន​ជនដៃដល់​បាញ់​ត្រូវ​សៀតផ្កា​ចំនួន​ ២ ​គ្រាប់ ចំ​ផ្ទៃមុខ​ ១ ​គ្រាប់ និង​ចំ​ទ្រូង​ ១ ​គ្រាប់​។ សំណុំ​រឿងនេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​ ដើម្បី​ស្វែងរក​ជនសង្ស័យ​។

លោក​និយាយថា​៖ «​រហូតមកដល់​ថ្ងៃនេះ​ (២២ ​វិច្ឆិកា​) ​សមត្ថកិច្ច​យើង​កំពុង​ដុតដៃដុតជើង​មិនបាន​ដាក់​ដៃ​ទេ​គឺ​សស្រោកសស្រាំ​ខ្លាំងណាស់ ប៉ុន្តែ​យើង​មិនទាន់​អាចដាក់​ការសន្និដ្ឋាន​រក​មូលហេតុ​ឃើញ​នៅឡើយ​ទេ​»​។

លោក អ៊ុន យ៉ុង ប្រាប់​តាម​សម្តី​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​ថា​កាលពី​វេលា​ម៉ោងជាង​ ៦ ​ល្ងាច ថ្ងៃទី​ ២២ ​វិច្ឆិកា​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាកវេវ​ពណ៌​ស​ ១ ​គ្រឿង​ចេញពី​ផ្លូវលំ​ឡើង​ថ្នល់​កៅស៊ូ សំដៅទៅ​ផ្ទះ​។ ប៉ុន្តែ​ពេល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​គេ​ឮ​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង​ហើយ​ឃើញ​ជនរងគ្រោះ​ដួល​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​។

ភ្លាមៗ​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ស្រុក​ខ្សាច់កណ្តាល ហើយ​កម្លាំង​នគរបាល​បាន​ចុះមក​ដល់​ទីតាំង​កើតហេតុ​។ ពេលនោះ​នគរបាល​ជំនាញ ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួមជាមួយ​គ្រូពេទ្យ​បានធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​ ដោយ​ពិនិត្យឃើញថា ជនរងគ្រោះ​ត្រូវ​ជនល្មើស​បាញ់​ត្រូវ​ ៤ ​កន្លែង​។

ចំ​សៀតផ្កា​ ២ ​គ្រាប់ ចំ​មុខ​ ១ ​គ្រាប់ និង​ចំ​ទ្រូង​ ១ ​គ្រាប់​។ ជនសង្ស័យ​ប្រើ​កាំភ្លើងខ្លី​បាញ់សម្លាប់​ជនរងគ្រោះ​។ ចំពោះ​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​កិច្ចការ​នេះ មាន​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្តាល​។

លោក​ សំ ទ្រី មេភូមិថ្មី ក្នុង​ឃុំ​សន្លុង ឱ្យដឹងថា ជនរងគ្រោះ​មាន​ប្រពន្ធ និង​មានកូន​ ៥ ​នាក់​។ គាត់​ជា​មនុស្ស​ស្លូតបូត មិនដែល​បង្កទំនាស់​ជាមួយ​អ្នកភូមិ​ណា​ទេ​។ នៅ​ចំណុច​តាមផ្លូវ​ដែល​គេ​បាញ់​ជនរងគ្រោះ​មាន​មនុស្ស​ធ្វើដំណើរ​ទៅមក​ច្រើន​។

លោក​ថា​៖ «​ខ្ញុំ​មិន​បានឮ​សាច់ញាតិ​របស់គាត់​និយាយ​ពី​បញ្ហា​ទំនាស់​ជាមួយ​អ្នកណា​ទេ​។ តែ​យើង​ក៏​មិនដឹងថា មាន​នរណា​ខ្លះ​ស្អប់​គាត់​ដែរ​»៕