មណ្ឌលគិរីៈ សហគមន៍​ជនជាតិដើម​ភាគតិច​ប្រមាណ ៥០០ ​នាក់​ដែល​រស់នៅ​ក្នុងភូមិ​ដាច់ស្រយាល ស្ថិត​នៅក្នុង​ និង​ក្បែរ​ដែនជម្រកសត្វព្រៃ​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ទទួល​សេវា​ថែទាំ​សុខភាព​ពី​គ្លីនិក​សុខភាព​ចល័ត​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​ថវិកា​របស់​មូលនិធិ​បែងចែក​ផលប្រយោជន៍​នៃ​គម្រោង​រេដបូក​កែវសីមា និង​មានការ​សម្របសម្រួល​ពី​អង្គការ CIAI សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​។

យោងតាម​កម្មវិធី​រេដបូក​កែវសីមា (KeoSeima REDD+ Project) បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់ខ្លួន​ថា សហគមន៍​ជនជាតិដើម​ភាគតិច​ប្រមាណ ៥០០ ​នាក់ រួមមាន កុមារ ស្ត្រី និង​មនុស្ស​ចាស់​រស់នៅ​ក្នុងភូមិ​ដាច់ស្រយាល​ចំនួន ៥ បានទទួល​សេវា​ថែទាំ​សុខភាព​ទៀងទាត់​យ៉ាងតិច​ ២​ ដង​ក្នុង​ ០១ ​នាក់ ក្នុង​រយៈពេល​ ៥ ​ខែ​កន្លងមក បន្ទាប់ពី​គ្លីនិក​សុខភាព​ចល័ត​បាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែសីហា ឆ្នាំ​ ២០២១ កន្លងមក​។ គ្លីនិក​សុខភាព​ចល័ត​នេះ​បាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​ថវិកា​របស់​មូលនិធិ​បែងចែក​ផលប្រយោជន៍​នៃ​គម្រោង​រេដ​បូក​កែវសីមា និង​មានការ​សម្របសម្រួល​ពី​អង្គការ CIAI សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​។

កម្មវិធី​រេដ​បូក​កែវសីមា បាន​លើកឡើង​ថា​៖ «​គ្លីនិក​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​របស់​សហគមន៍​មូលដ្ឋាន​ដែល​ពួកគាត់​ពុំមាន​លទ្ធភាព​ទៅ​ទទួលយក​សេវា​ថែទាំ​សុខភាព​សាធារណៈ​នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ពួកគាត់​រស់នៅ ក៏ដូចជា​ក្នុង​គោលបំណង​លើកកម្ពស់​ផ្នែក​សុខភាព​ និង​អនាម័យ និង​សុខុមាលភាព​របស់​ពួកគាត់​ផងដែរ​»​។

ជនជាតិដើម​ភាគតិច​ដែល​ទទួលបាន​សេវា​ព្យាបាល​ និង​ថែទាំ​សុខភាព​នេះ​មកពី​ភូមិ​ដាច់ស្រយាល​ចំនួន ៥ ក្នុង​នោះ​មាន ភូមិ​ពូតាំង ភូមិ​ពូកេះ ភូមិ​ហ្គាទី ភូមិ​ពូចា និង​ភូមិ​ពូញ៉ាវ​។ គ្លីនិក​ចល័ត​នេះ​មាន​វេជ្ជបណ្ឌិត​មួយរូប ឆ្មប​មួយរូប និង​គិលានុបដ្ឋាយិកា​មួយរូប និង​បានដាក់​កម្មវិធី​ចុះ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​សុខភាព​ជូន​ប្រជាសហគមន៍​តាម​ភូមិ​នីមួយៗ​ក្នុង​មួយខែ​ម្តង​។ ក្នុងករណី ពិនិត្យឃើញ​មាន​អ្នកជំងឺ​ឈឺ​ធ្ងន់ ក្រុមគ្រូពេទ្យ​នឹង​បញ្ជូន​អ្នកជំងឺ​នោះ​ទៅ​ទទួល​ការព្យាបាល​នៅ​មណ្ឌល​សុខភាព​។ ក្រៅពី​ការពិនិត្យ​សុខភាព ក្រុមគ្រូពេទ្យ​ក៏បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​សហគមន៍​ទាក់ទង​នឹង​ការថែទាំ​សុខភាព​ និង​អនាម័យ​ផងដែរ​។ ជា​លទ្ធផល​ក្រោយ​ការបណ្តុះបណ្តាល​មាន​ស្ត្រី​មាន​ផ្ទៃពោះ​កាន់តែ​ច្រើនឡើង​បាន​ប្រើប្រាស់​សេវា​មណ្ឌល​សុខភាព​ដើម្បី​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ពុំមាន​ស្ត្រី​សម្រាលកូន​នៅតាម​ផ្ទះ​ដូច​ពីមុន​ទៀត​នោះទេ​។

លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា លោក​មិនទាន់​ដឹង​ពី​កម្មវិធី​នេះ​នៅឡើយ​ទេ​។

លោក គ្រើង តុលា ជា​ជនជាតិភាគតិច​ព្នង​បាន​ថ្លែង​គាំទ្រ​នូវ​កម្មវិធី​ផ្តល់​សេវា​ព្យាបាល​ និង​ថែទាំ​សុខភាព និង​ការបង្កើត​គ្លីនិក​សុខភាព​ចល័ត​នេះ សម្រាប់​ជនជាតិដើម​ភាគតិច​ដែល​នៅ​ឆ្ងាយ និង​មិនមាន​លទ្ធភាព​ក្នុង​ការធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ ​ឬ​មណ្ឌល​សុខភាព​។

លោក​ថា​៖ «​វា​ជា​ការល្អ​ដែលមាន​សេវា​នេះ​សម្រាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បារម្ភ​ផងដែរ​នោះ​គឺ​គ្រូពេទ្យ​ជំនាញ​នៅមាន​កម្រិត ហើយ​មួយទៀត​ខ្ញុំ​ចង់ឱ្យ​ការផ្តល់សេវា​នេះ​មាន​ភាព​ទូលាយ​ទៅដល់​បងប្អូន​ជនជាតិដើម​ភាគតិច​ផ្សេងៗ​ទៀតផង​ដែរ កុំ​ផ្តល់​តែ​សម្រាប់​អ្នក​នៅក្នុង​ និង​ក្បែរ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​នេះ​»​។

លោក​ថា លោក​ចង់ឱ្យ​សេវា​នេះ​ផ្តល់​ទៅដល់​អ្នក​ដែល​ខ្វះខាត និង​ពិបាក​ក្នុង​ការទទួលបាន​សេវា​ថែទាំ​សុខភាព ដោយសារ​ពួកគាត់​មួយចំនួន​ពេល​ឈឺ​តិចតួច មិន​ចង់ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​ ឬ​ពេទ្យ​ឯកជន​ឡើយ ដោយសារ​ជីវភាព​ខ្វះខាត​។ «​បងប្អូន​យើង​ខ្លះ​មិនមាន​មធ្យោបាយ​ក្នុងការ​ធ្វើដំណើរ​មក​រក​សេវា​ព្យាបាល​ជាដើម​។ ​ខ្ញុំ​ចង់ឱ្យ​ការផ្តល់​សេវា​ថែទាំ​សុខភាព​ពី​គ្លីនិក​សុខភាព​ចល័ត​នេះ ពង្រីក​ទៅដល់​តំបន់​ឆ្ងាយៗ​បន្ថែមទៀត​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​»៕