ភ្នំពេញៈ មន្ត្រី​ជំនាញ​កម្ពុជា និង​ថៃ​បាន​ជួប​ជជែក​ពិភាក្សាគ្នា​កាលពី​ថ្ងៃ​សុក្រ ទី ២៨ ខែមករា​នេះ ពី​គម្រោងការ​ផ្លាស់ប្តូរ​បទពិសោធន៍​របស់​យុវជន​មកពី​ប្រទេស​ទាំង ៦ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​គ្រោង​នឹងធ្វើ​នៅ​ខែកក្កដា​ខាងមុខនេះ។

កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​(NACD) ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​លោក ឆាវ៉ាលុត តុងឈីវ​(Chavalut tongchiaw) ដែលជា​ទីប្រឹក្សា​ទទួលបន្ទុក​គ្រឿងញៀន​អម​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការ​ញ្ជើញ​ចូលរួម​ពី​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា។

ក្នុងនាម​ថ្នាក់ដឹកនាំ​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យើង​ទាំងពីរ ប្រធាន​ប្រតិភូ​កម្ពុជា​-​ថៃ បាន​សម្តែង​នូវ​ការស្វាគមន៍​ទៅវិញទៅមក​ដោយបាន​បង្ហាញ​ពី​ស្មារតី​កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស​លើ​ការបង្ការ​ទប់ស្កាត់​បទ​ល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង ២ និង​ការងារ​ព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​កម្ពុជា។ នេះ​បើ​យោងតាម NACD។

ប្រធាន​ប្រតិភូ​កម្ពុជា​-​ថៃ​បាន​ជជែក​ពិភាក្សា​ពី​គម្រោងការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​របស់​យុវជន​មកពី​ប្រទេស​ទាំង ៦ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​មាន​កម្ពុជា ថៃ ចិន ឡាវ វៀតណាម មីយ៉ាន់ម៉ា លើ​ការធ្វើ​ទស្សនកិច្ច​តំបន់​ប្រឈម​នឹង​បញ្ហា​គ្រឿងញៀន​ពី​ប្រទេស​ចិន ថៃ ឡាវ ដោយ​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​អាកាស ផ្លូវទឹក និង​ផ្លូវគោក ដែល​គ្រោង​ធ្វើ​ខែកក្កដា ឆ្នាំ ២០២២​ខាងមុខ និង​បាន​ជជែក​ពិភាក្សា​ផងដែរ​ពី​ការជួយ​ដល់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល ស្តារនីតិសម្បទា​ដល់​អ្នកញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត​និង​ផ្អែកលើ​សហគមន៍ នៅ​ខេត្ត​ព្រះសីហនុ៕