ព្រះសីហនុ/បន្ទាយមានជ័យ/តាកែវៈ កម្លាំង​នគរបាល​នៅក្នុង​ខេត្ត​ចំនួន​ ៣ គឺ​ខេត្ត​ព្រះសីហនុ ខេត្តបន្ទាយមានជ័យ និង​ខេត្តតាកែវ នៅ​ថ្ងៃទី​ ២៦ និង​ថ្ងៃទី​ ២៧ ​មករា បាន​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន ចំនួន​ ៩ នាក់ ជាមួយ​នឹង​វត្ថុតាង​គ្រឿងញៀន​ និង​សម្ភារ​មួយចំនួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ២៨ ​មករា​។

ដោយមាន​ការដឹកនាំ​បញ្ជា​ពី​សំណាក់ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​ ០៣ ​ករណី​។

ករណី​ទី ​០១ នៅ​ឃុំ​រាម ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២ ​នាក់ ដកហូត​វត្ថុតាង​ម្ស៉ៅ​ក្រាមសថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​ ០២ ​កញ្ចប់ និង​ទូរស័ព្ទ​ចំនួន​ ០៣ ​គ្រឿង​។

ករណី​ទី​ ០២ និង​ទី​ ០៣ នៅ​ឃុំ​សាមគ្គី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣ ​នាក់ ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​សថ្លា​សង្ស័យ សារធាតុ​ញៀន ចំនួន ​២៨ ​កញ្ចប់ និង​ទូរស័ព្ទដៃ​ចំនួន​ ០៤​ គ្រឿង ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ជនសង្ស័យ​តាម​នីតិវិធី​។

ជាមួយ​គ្នានេះ នៅ​ខេត្តបន្ទាយមានជ័យ​ជនសង្ស័យ​ប្រុស-ស្រី ចំនួន ​០៣​ នាក់​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅវេលា​ម៉ោង​ ១១ ​និង​ ១០ ​នាទី​ព្រឹក ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២២ នៅ​ចំណុច​ជាប់​វិទ្យាល័យ​អូរអំបិល ស្ថិតក្នុង​ភូមិ​អូរអំបិល សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ​។

លោក​វរសេនីយ៍ឯក ធិន ស៊ិនដេត បានដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចុះ​ដល់​ទីតាំង​ និង​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​ ០៣ ​នាក់ ១- ​ឈ្មោះ ចាន់ សីហា ហៅ​កណ្តុរ ភេទ​ប្រុស អាយុ​ ៣៧​ ឆ្នាំ ២-​ឈ្មោះ ពេជ្រ មុំ ភេទ​ស្រី​អាយុ​ ២៧ ​ឆ្នាំ​ទាំង​ ០២ ​នាក់ នៅ​ភូមិ​អូរអំបិល ក្រុង​សិរីសោភ័ណ​។

សម្ភារ​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ២២ ​កូន​ថង់ ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ ០៦​ គ្រាប់ និង​ ០១ ​ចំហៀង រួម​នឹង​សម្ភារ​មួយចំនួនទៀត ។

លោក​ស្នងការរង​បានបញ្ជាក់​ទៀតថា ដោយមាន​ការសហការ​ពី​ឈ្មោះ ចាន់ សីហា​ និង​ឈ្មោះ ពេជ្រ មុំ នៅវេលា​ម៉ោង​ ០៤ ​និង​ ៥០​ នាទី​នា​រសៀល​នា​ថ្ងៃ​ដដែល លោក​បាន​បន្ត​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ញៀន សុខលាង ហៅ​ នាង ភេទ​ប្រុស​អាយុ​ ៤០ ​ឆ្នាំ​នៅ​ម្តុំ​ខាងក្រោយ​កាស៊ីណូហ្គ្រែន ភូមិ​ក្បាលស្ពាន​ ១​ ក្រុង​ប៉ោយប៉ែត​។

ក្នុង​នោះ​ដកហូត​បាន​វត្ថុតាង ថ្នាំ​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សថ្លា​ចំនួន​ ០២​ កូន​ថង់ ទម្ងន់​ ៣,៨២​ ក្រាម និង​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​ ៨៦ ​គ្រាប់ ទូរសព្ទ​ដៃ​ ០១ ​គ្រឿង ជញ្ជីង​ ០១ ដែកកេះ​ជក់​ ០៨ ដាវ​ ០៣ ​ដើម​កូនកាំបិត​ខ្លី​ ០២​ ដើម​សំបក​កូន​ថង់​មួយចំនួន​។

ជនសង្ស័យ​ទាំង ​០៣​ នាក់​ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២២ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ចំណែក​នៅ​ខេត្តតាកែវ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​ ០១ ​ករណី​នៅ​ចំណុច​ភូមិ​ព្រៃល្វា​ខាងត្បូង ឃុំ​ព្រៃល្វា ស្រុក​ព្រៃកប្បាស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០១ ​នាក់ ​(​ស្រី​) នៅ​ថ្ងៃទី ​២៦ ខែមករា ឆ្នាំ​ ២០២២​។

ជនសង្ស័យ​មានឈ្មោះ ឡាច ស្រី ភេទ​ស្រី អាយុ​ ៣៨ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ ភូមិ​ព្រៃល្វា​ខាងត្បូង ឃុំ​ព្រៃល្វា ស្រុក​ព្រៃកប្បាស​។

វត្ថុតាង​ចាប់យក​បាន​មាន​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន ​(ICE) ចំនួន​ ០៨ ​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​ចំនួន​ ០២ ​គ្រឿង​។

ករណីនេះ ជនសង្ស័យ​រួម​ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃទី​ ២៧ ​មករា​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕