មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​មូលនិធិ Wesley Zaidan ក្នុង​ការធ្វើ​ការងារ​រួមគ្នា​ ដើម្បី​បង្ការ និង​ការពារ​ស្ត្រី​ និង​ក្មេងស្រី​ក្នុង​ប្រទេស​កម្ពុជា​ពី​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។

នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ UNFPA នា​ថ្ងៃទី​ ២៨ ខែមករា ស្តីពី​ការចាប់​ដៃគូ​ជាមួយ​នឹង​មូលនិធិ Wesley Zaidan ដែលជា​អង្គការ​បម្រើ​ផលប្រយោជន៍​សាធារណៈ​ដ៏ល្បីឈ្មោះ​មួយ​នៅក្នុង​ប្រទេស​ជប៉ុន​ក្នុង​ការគាំទ្រ​គម្រោង​មាគ៌ា​ឆ្ពោះទៅ​សមភាព​យេនឌ័រ​នៅ​កម្ពុជា​។

បើតាម​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​បាន​ឱ្យដឹងថា នៅក្នុង​ប្រទេស​កម្ពុជា ស្ត្រី​ជាង ៣០% ធ្លាប់​ទទួលរង​នូវ​អំពើហិង្សា​លើ​រាងកាយ ផ្លូវភេទ ឬ​ផ្លូវចិត្ត ពី​ដៃគូ​ក្នុង​ឆាកជីវិត​របស់​ពួកគេ ហើយ​ប្រេ​វ៉ាឡង់​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​នឹង​កាន់តែ​អាក្រក់​ទៅៗ ដោយសារ​តែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

ម្យ៉ាងវិញទៀត បើទោះបី​ជា​មាន​គោលនយោបាយ​ និង​សេវា​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​ទាក់ទង​យេនឌ័រ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​មិនមែន​មានន័យ ថា​ជនរងគ្រោះ​ដោយសារ​អំពើហិង្សា​ទាំងអស់​សុទ្ធតែ​បានទទួល​សេវា​ដែល​ពួកគេ​ត្រូវការ​នោះទេ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា៖ «​មាន​ស្ត្រី​ដែល​ធ្លាប់​ទទួលរង​នូវ​អំពើហិង្សា​ពី​ដៃគូ​ចំនួន ២៤% ប៉ុណ្ណោះ​ដែល​ទទួលបាន​សេវា​គាំទ្រ​ក្នុង​ប្រព័ន្ធ​ពី​អ្នកផ្តល់​សេវា​។ ដោយសារ​ការរីក​សាយភាយ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា មនុស្ស​កាន់តែ​សកម្ម​ក្នុង​ការស្វែងរក​ព័ត៌មាន និង​សេវា​សម្រាប់​អំពើហិង្សា​ទាក់ទង​យេនឌ័រ​តាម​អ៊ីនធឺណិត និង​បណ្តាញ​សង្គម​»​។

នៅ​កម្ពុជា​ចំនួន​នៃ​ការស្វែងរក​សេវា​បាន​កើនឡើង ៥២% បើ​ធៀប​នឹង​មុនពេល​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩​ក្នុង​សហគមន៍​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានលើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សហហិរញ្ញប្បទាន​នេះ មូលនិធិ​ទាំង ​២ ​នឹង​បន្ត​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​កិច្ចការនារី ដើម្បី​អភិវឌ្ឍន៍​វេទិកា​ឌីជីថល​នវាវនុវត្តន៍ និង​ណែនាំ​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ការអប់រំ​ស្ត្រី និង​យុវវ័យ​អំពី​ការបៀតបៀន​ផ្លូវភេទ ដែល​រួមបញ្ចូល​នូវ​ព័ត៌មាន ដែលមាន​ប្រយោជន៍​ផងដែរ​។

ក្នុងនោះ​មានដូចជា របៀប​កំណត់​អត្តសញ្ញាណ និង​ការពារ​ខ្លួន​ពី​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​ណាមួយ​ដែល​អាច​កើតឡើង​ ដើម្បី​ការពារ​ពួកគេ​ពី​ឧប្បត្តិហេតុ​នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ជាមួយ​មុខងារ​ជូនដំណឹង​ពី​ការស្វែងរក​ជំនួយ​ក្នុង​គ្រាអាសន្ន​។

លើសពី​នេះ​ទៀត​គម្រោង​នេះ​នឹង​ធ្វើការ​ទៅលើ​ការពង្រឹង​យន្តការ​សម្របសម្រួល​ក្នុង​ចំណោម​អ្នក​កំពុងផ្តល់​សេវា​ទាំង​នៅក្រោម​រដ្ឋាភិបាល និង អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជនរងគ្រោះ​។

លោក Golden Mulilo តំណាង​ស្តីទី​នៃ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹងថា សុវត្ថិភាព​របស់​ស្ត្រី​ និង​ក្មេងស្រី និង​ការចៀស​ផុតពី​ភាពភ័យខ្លាច​នៃ​ការបៀតបៀន និង​ការរំលោភបំពាន​នៅ​ទីសាធារណៈ​ និង​នៅផ្ទះ គឺជា​អាទិភាព​ចម្បង​។

លោក​មានប្រសាសន៍​ថា៖ «​យើង​ជឿជាក់ថា​កម្មវិធី​ឌីជីថល​នវានុវត្តន៍​ថ្មី​នេះ​នឹង​ជួយ​បង្ការ និង​ការពារ​ស្ត្រី និង​ក្មេងស្រី​ដែល​ងាយ​រងគ្រោះ​ពី​អំពើហិង្សា​គ្រប់​ទម្រង់​នៅ​កម្ពុជា ក្នុង​អំឡុង​ និង​ក្រោយពេល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩»​។

ចំណែក លោកស្រី Hikari Kokai តំណាង​នាយិកា​មូលនិធិ Wesley Zaidan ក៏បាន​ឱ្យដឹង​ដែរ​ថា ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ទាមទារ​ឱ្យ​សង្គម​ដែល​គេ​បានរស់នៅ និង​ប្រើប្រាស់​ធនធាន​ និង​សេវាកម្ម​ដែលមាន​ជា​អំណោយ រួមជាមួយ​ទេពកោសល្យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយ​ទំនុកចិត្ត​ប្រកបដោយ​សេចក្តី​រីករាយ​គ្មាន​ការភ័យខ្លាច​ និង​ការរើសអើង​។

លោកស្រី​បាន​បញ្ជាក់ថា៖ «​យើង​ជឿជាក់ថា គម្រោង​នេះ​នឹង​លើកកម្ពស់​ការពង្រឹង​សិទ្ធិអំណាច​ដល់​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា ដើម្បី​រួមចំណែក​លុបបំបាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​តំបន់​អាស៊ី និង​ពិភពលោក ទាំងមូល »​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន គម្រោង​ភាពជា​ដៃគូ​នេះ​នឹង​ដំណើរការ​នៅ​ខែកុម្ភៈ ឆ្នាំ ២០២២ ហើយ​ត្រូវបាន​ជឿជាក់ថា​គម្រោង​នេះ​នឹង​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួល​បាន​ព័ត៌មាន និង​សេវា​ចាំបាច់​នានាៗ ដើម្បី​ការពារ​ស្ត្រី​ និង​ក្មេងស្រី​ដែល​ងាយ​រងគ្រោះ​ពី​ការបៀតបៀន​ផ្លូវភេទ និង​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ពន្លឿន​វឌ្ឍនភាព​ក្នុង​សម្រេច​បាន​នូវ​គោលដៅ​ឆ្ពោះទៅ​លុបបំបាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​លើកកម្ពស់​សមភាព​យេនឌ័រ​នៅក្នុង​កម្ពុជា​។

តាមរយៈ​គម្រោង​ភាពជា​ដៃគូ​នេះ មូលនិធិ Wesley Zaidan និង​ UNFPA នឹង​រួមចំណែក​ក្នុង​ការជំរុញ​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព រួមមាន គោលដៅ​ទី​ ៣៖ ធានា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខភាព​ល្អ និង​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស​គ្រប់រូប​ និង​គ្រប់​វ័យ និង​គោលដៅ​ទី​ ៥៖ សម្រេច​ឱ្យបាន​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេងស្រី​គ្រប់រូប​៕