ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ​អូន ព័ន្ធមុនីរ័ត្ន ដែលជា​តំណាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ចំនួន​ ២៨​ គ្រឿង​ជូន​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញ​ការងារ​នាពេល​កន្លងមក​។

ការបំពាក់​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​ ២៨ ខែមករា ឆ្នាំ​ ២០២២ ​នេះ នៅ​ទីស្ដីការក្រសួង​នៅក្នុង​ពិធី​បិទបញ្ចប់​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ ដែលមាន​ការចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ចំនួន ៣៣០ ​នាក់​នៅ​សាលប្រជុំ​ធំ និង មាន​មន្ត្រីរាជការ​តាម​បណ្ដា​អគ្គនាយកដ្ឋាន​ចំនួន​ ២៣៥ នាក់ នៅតាម​សាលប្រជុំ​នានា​នៅ​ទីស្តីការ​ក្រសួង​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា​៖ «​គ្រឿង​ឥស្សរិយយស​ដែល​ត្រូវ​ប្រគល់ជូន​មន្ត្រីរាជការ​ក្រសួង​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​រួមមាន​ទាំងអស់​ចំនួន​ ២៨ ​គ្រឿង ដែល​ក្នុងនោះ​រួមមាន​៖ មេដាយ​ព្រះរាជា ថ្នាក់​មហាសេរី​វឌ្ឍន៍​ចំនួន​ ៤​ គ្រឿង មេដាយ សុវត្ថារា​ថ្នាក់​មហាសេរីវឌ្ឍន៍​ចំនួន​ ៥ ​គ្រឿង មេដាយ​មុនីសារាភ័ណ្ឌ​ថ្នាក់​មហាសេរីវឌ្ឍន៍​ចំនួន​ ២ ​គ្រឿង មេដាយ​សុវត្ថារា​ថ្នាក់​មហាសេនា​ចំនួន ៣ គ្រឿង និង​មេដាយ​សុវត្ថារា​ថ្នាក់​ធិបឌិន្ទ​ចំនួន​ ១៤ ​គ្រឿង​»​។

ក្នុងឱកាស​នោះ លោក​ ស៊ុន ចាន់ថុល ​បាន​ជម្រាបជូន​ពី​លទ្ធផល​នៃ​កិច្ចពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ ដែល​បាន​លើកឡើង​នៅក្នុង​បទ​អន្តរាគមន៍​នៃ​សន្និបាត​ដែល​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ ២​ ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៧ ដល់​ ២៨ ខែមករា ឆ្នាំ​ ២០២២ និង​លទ្ធផល​សំខាន់ៗ​សម្រេចបាន​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​ ២០២២​។

ក្រៅពីនោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​សំខាន់ៗ​ដូចជា ការងារ​ដឹកជញ្ជូន​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍ ការងារ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ ការងារ​កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ ការងារ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ការងារ​ដឹកជញ្ជូន​តាម​ផ្លូវទឹក ផ្លូវ​សមុទ្រ និង រដ្ឋបាល​កំពង់ផែ ការងារ​ផ្លូវដែក ការងារ​ភ័ស្តុភារកម្ម ការងារ​ផ្លូវថ្នល់​ និង​គ្រប់គ្រង​បច្ចេកទេស ការកសាង​ផ្លូវ​ល្បឿន​លឿន (Expressway) និង​ផ្លូវ​ក្រវាត់ក្រុង​។

ក្នុងទិសដៅ​ការងារ​អនុវត្តន៍​ឆ្នាំ​ ២០២២ ​វិញ លោក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​ការងារ​ត្រៀម​ និង​អនុវត្ត​បន្ត​សម្រាប់​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ស្ពាន ការងារ​ត្រៀម​អនុវត្ត​បន្ត​សម្រាប់​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក និង​សុវត្ថិភាព ចរាចរណ៍ ការងារ​ត្រៀម​អនុវត្ត​បន្ត​សម្រាប់​វិស័យ​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​រួមមាន​ការងារ​កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ និង​ការងារ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ការងារ​ដឹកជញ្ជូន​តាម​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​រដ្ឋបាល​កំពង់ផែ ការងារ​ត្រៀម​អនុវត្ត​បន្ត​សម្រាប់​វិស័យ​ផ្លូវដែក និង​ការដឹកជញ្ជូន​សាធារណៈ ការងារ​ត្រៀម​រៀបចំ​បន្ត​ក្នុង​វិស័យ​ភ័ស្តុភារកម្ម ការងារ​ត្រៀម​រៀបចំ​បន្ត​សម្រាប់​វិស័យ​ទឹក​កខ្វក់ ការត្រៀម​អនុវត្ត​បន្ត សម្រាប់​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ការងារ​គោលនយោបាយ ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជាដើម​។

លោក​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​បញ្ហា​ប្រឈម​ចំពោះមុខ​របស់​ក្រសួង​ផងដែរ​។ ក្នុងនោះ​រួមមាន​៖ បញ្ហា​ខ្វះ​មន្ត្រី​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​ (IT) ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អនុវត្ត ការងារ​ធ្វើ​សវនកម្ម​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (IT Audit) នៅតាម​នាយកដ្ឋាន អគ្គនាយកដ្ឋាន និង​អង្គភាព​ក្រោម​ឱវាទ ហិរញ្ញប្បទាន​មាន​កម្រិត​សម្រាប់​ការគាំទ្រ​ (​ផ្នែក​ទន់​) និង​ការកសាង​សមត្ថភាព​មន្ត្រី ក្នុង​ដំណើរការ​អនុវត្ត និង​កសាង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​ការចូលរួម កសាង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​៕