ភ្នំពេញៈ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ការ​អន្តរាគមន៍​ពី​សំណាក់​អ្នកមានអំណាច​នៅតែ​កើតមាន នៅពេល​ក្រុមការងារ​ក្រសួង​អនុវត្ត​ច្បាប់​ចំពោះ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​កំណត់ ខណៈ​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន​ជាង ១០០ គ្រឿង ​ហើយ​ដែល​ត្រូវបាន​ឃាត់ទុក​រយៈពេល​ ១ ​ឆ្នាំ​។

លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​ ២៦​ កុម្ភៈ​ថា ​ចាប់តាំងពី​រដ្ឋាភិបាល​បាន​អនុគ្រោះ​ដោះលែង​រថយន្ត​ល្មើស​ជាង ២០០ គ្រឿង ​កាលពី​ខែកញ្ញា​ក្រុមការងារ​បាន​អនុវត្ត​បន្ត​ក្នុងការចាប់​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​លើសពី ២០ ភាគរយ​នោះ​នៅ​ទូទាំង​ប្រទេស​។ ជា​លទ្ធផល​ចាប់ពី​ខែតុលា​ឆ្នាំ​ ២០២១ មកទល់នឹង​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២២ ​នេះ មាន​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន ១៣៦​ គ្រឿង​ហើយ​ដែល​ត្រូវបាន​រកឃើញ​នៅតាម​ស្ថានីយ​ចល័ត​ និង​អចល័ត​ហើយ​ឃាត់​យកទៅ​រក្សាទុក​រយៈពេល ​១ ​ឆ្នាំ​។

ជាមួយ​នឹង​ការបន្ត​បេសកកម្ម​អនុវត្ត​ច្បាប់​នេះ​លោក ឯក រដ្ឋ បាន​អះអាងថា​ក្រុមការងារ​អនុវត្ត​ច្បាប់​នៅ​ទូទាំង​ប្រទេស​ក៏បាន​ប្រឈម​បញ្ហា​មួយចំនួន​ពី​សំណាក់​អ្នកបើកបរ​មិន​សហការ​ជាពិសេស​នោះ​គឺ​ករណី​មាន​ការអន្តរាគមន៍​ពី​សំណាក់​អ្នកមានអំណាច​នៅក្រោយ​ខ្នង​ដែលជា​ហេតុ​បង្ក​ភាពស្មុគស្មាញ​របស់​មន្ត្រី​។

លោក​បាន​បញ្ជាក់ថា​៖ «​កិច្ចការ​នេះ​ក្រុមការងារ​ជួប​ការលំបាក​នៅពេល​យើង​ចាប់​រថយន្ត​លើស​ទម្ងន់​នេះ​គឺ​ជួប​បញ្ហា​អ្នកបើកបរ​មិន​ជួយ​សហការ​ហើយ​ពេលខ្លះ​គាត់​រត់ចោល​ឡាន​ពេលខ្លះ​គាត់​បើក​រត់​អ៊ីចឹងទៅ​។ បន្ទាប់មកទៀត​មាន​អន្តរាគមន៍​ពី​អ្នកធំ​ឱ្យជួយ​ដោះលែង​ ឬ​ជួយ​ឱ្យ​បន្ធូរបន្ថយ​ដោយ​ហេតុផល​ផ្សេងៗ រួមទាំង​ការគំរាមកំហែង​ដល់​ក្រុមការងារ​យើងខ្ញុំ​ទៀត​»​។

លោក ឯក រដ្ឋ បាន​អះអាង​ដែរ​ថា​បញ្ហា​ដែល​កើតមាន​ទាំងនេះ​មិនបាន​ធ្វើឱ្យ​ក្រុមការងារ​មានការ​ខ្លាចរអា នោះទេ​គឺ​ការអនុវត្ត​ច្បាប់​នៅតែ​បន្ត​ចំពោះ​បុគ្គល​ដែល​ល្មើស​ទាំងនោះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បទល្មើស​ដឹក​លើស​ទម្ងន់​កំណត់ដោយ​ច្បាប់ មានការ​ថយចុះ​ឱ្យបាន​ខ្ពស់បំផុត​បន្ថែមទៀត​បើទោះជា​អតីតកាល​បទល្មើស​ទាំង​នេះ​គឺមាន​ការកើតឡើង​ច្រើន​បើ​ធៀប​នឹង​បច្ចុប្បន្ន​ក៏ដោយ​។

លោក​ថា​៖ «​ខ្ញុំ​សូម​មិន​បញ្ចេញ​ឈ្មោះ​ទេ ប៉ុន្តែ​សុទ្ធតែជា​អ្នកធំ កុំឱ្យ​ប៉ះពាល់​កិត្តិយស​គេ​។ យើង​គ្រាន់តែ​ដឹងថា ពេលដែល​យើង​ចាប់​តែងមាន​អ្នក​អន្តរាគមន៍​។ អ្នក​អន្តរាគមន៍​ហ្នឹង គឺ​អ្នកធំ​តែម្តង​។ ប៉ុន្តែ​ការអន្តរាគមន៍​ហ្នឹង គឺ​មិនបាន​ជោគជ័យ​ទេ តែ​គាត់​នៅតែ​អន្តរាគមន៍​ធ្វើឱ្យ​ក្រុមការងារ​លំបាក​»​។

កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ប្រគល់​រថយន្ត ២៤៩ ​គ្រឿង​ទៅ​ម្ចាស់​វិញ ក្រោយ​ទទួលរង​ការពិន័យ​ដោយ​ការ​រក្សាទុក​រយៈពេល​ ១ ឆ្នាំ​បន្ទាប់ពី​រថយន្ត​ទាំងនេះ​បាន​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ច្បាប់​ដល់​ទៅ ២០ ភាគរយ​។ ការសម្រេច​អនុគ្រោះ​នេះ​ដោយមាន​ការស្នើ​ឡើង​ពី​​សំណាក់​ក្រុម​អ្នកបើកបរ​ និង​ការ​យោគយល់​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​គ្រា​ទទួលរង​គ្រោះ​ដោយ​វិបត្តិ​កូវីដ​ ១៩​។

បន្ទាប់ពី​ទទួលបាន​ការអនុគ្រោះ​នេះ​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ចូន​បាន​ព្រមាន​ចាត់វិធានការ​ជាថ្មី​ដោយ​គ្មាន​ការលើកលែង ​និង​ណែនាំ​ឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ រួមគ្នា​បង្ក្រាប​បទល្មើស​នេះ​ឱ្យ​ម៉ឺងម៉ាត់​។ ការដែល​លោក​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​នេះ​ក៏​ព្រោះតែ​លោក​អះអាងថា ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​គឺជា​មូលហេតុ​ចម្បង​មួយ​នាំឱ្យ​ផ្លូវថ្នល់​ឆាប់​ខូចខាត និង​ប្រើប្រាស់​មិនបាន​តាមរយៈ​ពេល​នៃ​បច្ចេកទេស​ផ្លូវ​។

ជាមួយ​គ្នានេះ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង​ខេត្តបាត់ដំបង ដែល​បាន​ចូលរួម​ក្នុង​ប្រតិបតិ្តការ​ចាប់​រថយន្ត​លើស​ទម្ងន់​ជាមួយ​មន្ត្រី​ក្រសួង​សាធារណការ​ក្នុង​ខេត្តបាត់ដំបង​បាន​ព្រមាន​ដែរ​ថា ចំពោះ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ខេត្ត​រូប​ណា​ម្នាក់ ហ៊ាន​លួច​ដោះលែង​រថយន្ត​ល្មើស​នឹងត្រូវ​ដកចេញ​ពី​តំណែង​ភ្លាម​។ ការអះអាង​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​លោក​យល់ថា ការដែល​មន្ត្រី​មាន​សមត្ថកិច្ច​ថ្នាក់ក្រោម​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បែបនេះ នឹងធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​របស់​រាជរដ្ឋាភិបាល​បរាជ័យ​។

លោក​បន្តថា​៖ «​យើង​តែង​ណែនាំ​មន្ត្រី​របស់​យើង​នៅទីនេះ​ឱ្យ​ខិតខំ​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​សាធារណការ​ដែល​មក​ប្រចាំ​នៅទីនេះ ហើយ​ដាច់ខាត មិនត្រូវ​លូកដៃ ឬក៏​ការអន្តរាគមន៍​ណាមួយ​ឱ្យ​ក្រុមហ៊ុន​ដែល​ដឹក​លើស​ទម្ងន់​កំណត់​នេះ ដោយ​ការឃុបឃិត​គ្នា​ណាមួយ​ទេ​។ បើ​មាន​ករណី​ឃុបឃិត​ណាមួយ គឺ​យើងខ្ញុំ​នឹង​ដក​មន្ត្រី​រូប​ហ្នឹង​ចេញពី​ទីតាំង​ស្ថានីយ​នោះ​ភ្លាម​»៕

វីដេអូ៖